កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បង្ហាញខ្លួននៅតុលាការ ជុំវិញករណីបន្លំពន្ធជាង ១៧លានដុល្លារ រូបភាព៖ ពីទីភ្នាក់ងារសារព័ត៌មាន AFP
× Cristiano Ronaldo បង្ហាញខ្លួនក្នុងតុលាការនៃប្រទេសអេស្ប៉ាញនៅថ្ងៃចន្ទ ទី៣១ ខែកក្កដានេះក្រោមបទចោទគេចវេះពីការបង់ពន្ធរាប់លានដុល្លារ។
សារព័ត៌មាន BBC បានចុះផ្សាយថា ព្រះរាជអាជ្ញាប្រទេសអេស្ប៉ាញបានចោទប្រកាន់ប្រធានក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ថាអត្តពលិកដែលមានប្រាក់ខែខ្ពស់ជាងគេនៅលើពិភពលោកនេះ មិនបានបង់ពន្ធចូលរដ្ឋក្នុងចំនួនទឹកប្រាក់ ១៧.៣លានដុល្លារអាមេរិកគិតចាប់តាំងពីឆ្នាំ ២០១០ មក។
តារាឆ្នើមរបស់ក្រុម Real Madrid វ័យ ៣២ឆ្នាំរូបនេះ ក៏ធ្លាប់បានបដិសេធការចោទប្រកាន់នេះម្តងរួចមកហើយ ដោយនិយាយថា "សតិសម្បជញ្ញៈរបស់គេគឺច្បាស់លាស់"។
ប៉ុន្តែយ៉ាងណាក៏ដោយ បើយោងតាមព្រះរាជអាជ្ញាខាងលើបានលើកឡើងថា Ronaldo បានទាញយកប្រយោជន៍ពីរចនាសម្ព័ន្ធក្រុមហ៊ុនមួយដែលបានបង្កើតនៅឆ្នាំ ២០១០ ដើម្បីលាក់ប្រាក់ចំណូលដែលរកបាននៅអេស្ប៉ាញ ដែលនេះជាការរំលោភបំពានដោយចេទនាពីកាតព្វកិច្ចសារពើពន្ធរបស់គេ។
សូមបញ្ជាក់ថា ម្ចាស់ពាន Ballon d'Or ៤សម័យកាលនេះ គឺជាកីឡាករបាល់ទាត់ចុងក្រោយបង្អស់ ដែលបន្តជាប់ពាក់ព័ន្ធជាមួយអាជ្ញាធរពន្ធដារអេស្ប៉ាញ បន្ទាប់ពី Lionel Messi ត្រូវបានជាប់ទោសរយៈពេល ២១ខែ ក្រោមបទចោទដូចគ្នានេះដែរកាលពីឆ្នាំមុន ក្នុងរង្វង់ទឹកប្រាក់ជិត ៥លានដុល្លារ។ តែជំនួសឲ្យការជាប់ទោស តុលាការបានសម្រេចឲ្យខ្សែប្រយុទ្ធរបស់ Barcelona រូបនេះអាចបង់ប្រាក់ជិត ៣សែនដុល្លារដើម្បីគេចផុតពីការជាប់ពន្ធនាគារ៕
Tag:
បាល់ទាត់
Cristiano Ronaldo
Messi
ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com