ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
លោក ឃុន ចាន់ថា សង្ឃឹម​យ៉ាង​មុតមាំ​ថា​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា នឹង​បន្ត​រីក​ធំធាត់​
01, Jan 2018 , 8:38 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​រថយន្ត​ប្រណីត Mercedes-Benz នៃ​ក្រុមហ៊ុន Star Auto Cambodia បានបង្ហាញ​សុទ្ធិ​ដ្ឋិ​និយម​ខ្ពស់ ចំពោះ​ការបន្ត​រីកចម្រើន​នៃ​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជា​។ ការអះអាង​ដូច្នេះ គឺ​សំអាង​លើ​កំណើន​នៃ​ការលក់​រថយន្ត​ប្រភេទ ទំនើប​ប្រណីត​Mercedes-Benz  របស់​ក្រុមហ៊ុន Star Auto ពិសេស​កំណើន​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​។ ក្នុង​កិច្ច​សម្ភាស រវាង​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​រថយន្ត​ប្រណីត Mercedes-Benz មកពី​ក្រុមហ៊ុន Star Auto Cambodia ជាមួយ ប៉ុស្តិ៍​អូ​តូ កាលពីពេល​កន្លងទៅ លោក ឃុន ចាន់ថា បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​នៅតែមាន​សង្ឃឹម​មុតមាំ​ថា ឧស្សាហកម្ម​រថយន្ត នឹង​នៅតែ​បន្ត​រីក​ធំធាត់ និង​អភិវឌ្ឍ​»​។



​ក្រៅតែពី​កំណើន​លក់ អតិថិជន​កាន់តែច្រើន បាន​អញ្ជើញ​ទៅ​ទស្សនា​រថយន្ត​ដោយផ្ទាល់​នៅ​អគារ​តាំង​បង្ហាញ​រថយន្ត ស្ថិត​លើ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ខណៈ​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន​នៅ​បន្ត​កើនឡើង​។ នេះ​បើតាម លោក ចាន់ថា ដែល​បន្តថា ក្រុមហ៊ុន Star Auto បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​រយៈពេល​វែង ហើយ​មាន​ឆន្ទៈ​ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ភាព​អត់ធ្មត់​ទៅលើ​ទីផ្សារ ក៏ដូចជា​ក្រុម​បុគ្គលិក​ផ្នែក​លក់ និង​ផ្នែក​សេវាកម្ម​ក្រោយ​ការលក់​របស់​យើង និង​ដល់​អតិថិជន​ទូទៅ​របស់ខ្លួន​។ 

​សូម​អញ្ជើញ​អាន​កិច្ច​សម្ភាស​រវាង លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​រថយន្ត​ប្រណីត Mercedes-Benz មកពី​ក្រុមហ៊ុន Star Auto Cambodia និង​ប៉ុស្តិ៍​អូ​តូ ៖

​ប៉ុស្តិ៍​អូ​តូ​៖ នាពេល​ថ្មី​នៅ​នេះ​នៅ​ទីផ្សារ​អឺរ៉ុប ក្រុមហ៊ុន​ដើម​របស់ Mercedes-Benz បានប្រកាស​ប្រមូលយក​រថយន្ត​ថ្មីៗ ដែល​បាន​លក់​ចេញ​ទៅហើយ​រាប់លាន​គ្រឿង ចូលទៅ​ក្រុមហ៊ុន​វិញ ដើម្បី​ជួសជុល​កែតម្រូវ​។ នៅក្នុង​ទីផ្សារ​កម្ពុជា​វិញ តើ​ក្រុមហ៊ុន Star Auto Cambodia មាន​វិធានការ​យ៉ាងណាដែរ​?


​លោក ឃុន ចាន់ថា ៖ ទោះបីជា​យ៉ាងណា ម្ចាស់​រថយន្ត Mercedes-Benz ទាំងឡាយ​គួរតែ​យក​រថយន្ត​របស់ខ្លួន មក​ចុះឈ្មោះ​ជាមួយនឹង​ក្រុមហ៊ុន Star Auto​។ ប្រសិនជា​ក្រុមហ៊ុន Mercedes-Benz តម្រូវ​ឲ្យ​ប្រមូល​រថយន្ត​ដែល​បាន​លក់​ចេញ​ហើយ យកទៅ​ពិនិត្យ​បច្ចេកទេស​ឡើងវិញ នោះ យើង​អាចទាក់ទង​ជាមួយ​ម្ចាស់​រថយន្ត​ទាំង​នោះបាន ដោយ​ឲ្យ​ពួកគាត់ ទទួលបាន​ការជួសជុល​រថយន្ត​ដោយ​ឥតគិតថ្លៃ​។ គោលដៅ​របស់​យើង មិនមែន​ជួសជុល​រថយន្ត​តែម្តង​ប៉ុណ្ណោះ​នោះទេ​។ គោលដៅ​របស់​យើង គឺ​ត្រូវ​ថែទាំ និង​ជួសជុល​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត និង​គ្រួសារ​របស់​ពួកគាត់​រីករាយ ទទួលយក​បទពិសោធ​ន៍​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ផាសុកភាព​នៅថ្ងៃនេះ និង​នៅ​ថ្ងៃស្អែក​។ ខ្ញុំ​ក៏​សូម​រំឭក​ទៅដល់​ម្ចាស់​រថយន្ត​យីហោ​ផ្សេងៗ​ទៀត ដែល​ប្រើប្រាស់​រថយន្ត​មួយ​ទឹក គួរ​យក​រថយន្ត​រប​ស់​ខ្លួន​ទៅ​សាកសួរ​ព័ត៌មាន ឬ​យកទៅ​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ដើម ដែលមាន​មូលដ្ឋាន​នៅ​ស្រុក​ខ្មែរ​យើង​នេះដែរ​។ ម្ចាស់​យីហោ​ដើម​ទាំងនោះ គេ​ក៏​អាចជួយ​អតិថិជន​បាន​ផងដែរ ក្នុងករណី​មាន​បញ្ហា​អ្វីមួយ ដែលជា​កម្សោយ​របស់រ​ថយ​ន្ត ហើយ​ត្រូវបាន​គេ​រកឃើញ​វិញ រួច​ក៏​ផ្តល់​ដំណោះស្រាយ​ថ្មី​ជូន​នោះ​។​

​ប៉ុស្តិ៍​អូ​តូ​៖ កម្ពុជា​ទើបតែ​បញ្ចប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ កាលពីពេល​ថ្មី​នេះ​។ តើ​កាបោះឆ្នោត​នេះ ជះឥទ្ធិពល​យ៉ាងណាខ្លះ​ចំពោះ​ទីផ្សារ​រថយន្ត​ប្រណីត​ទំនើប ជាពិសេស​អតិថិជន​របស់ ក្រុមហ៊ុន Star Auto របស់លោក​?

​លោក ឃុន ចាន់ថា ៖ នៅ​មុនពេល​បោះឆ្នោត ចំណាប់អារម្មណ៍​លើ​ការ​ជាវ​រថយន្ត​មិនមាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ក៏ប៉ុន្តែ​បន្ទាប់ពី​ការបោះឆ្នោត​រួចរាល់ ក្រុមហ៊ុន Star Auto បាន​លក់​រថយន្ត​ចេញ បាន​ច្រើន​គ្រឿង​ជាង​មុន​។ នៅពេលនេះ ទោះបីជា​ស្ថិតក្នុង​អំឡុងពេល​ឈប់សម្រាក់ ឬ​រដូវក្តៅ​យ៉ាងណាក្តី អតិថិជន​ដែល​អញ្ជើញ​ចូលមក​អគារ​តាំង​បង្ហាញ​រថយន្ត និង​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន​យើង នៅតែមាន​ចំនួន​ច្រើន និង​បន្ត​កើន​ឡើងជា​ដដែល​។ យើង​នៅតែមាន​សង្ឃឹម​មុតមាំ​ថា ឧស្សាហកម្ម​រថយន្ត នឹង​នៅតែ​បន្ត​រីក​ធំធាត់ និង​អភិវឌ្ឍ​។ ក្រុមហ៊ុន Star Auto បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​រយៈពេល​វែង ហើយ​យើង​មាន​ឆន្ទៈ ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ភាព​អត់ធ្មត់​ទៅលើ​ទីផ្សារ ក៏ដូចជា​ក្រុម​បុគ្គលិក​ផ្នែក​លក់ និង​ផ្នែក​សេវាកម្ម​ក្រោយ​ការលក់​របស់​យើង និង​ដល់​អតិថិជន​ទូទៅ​របស់​យើង​។​

​ប៉ុស្តិ៍​អូ​តូ​៖ ក្នុងនាម​លោក​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​លក់​រថយន្ត​ថ្មីៗ​ដ៏​ប្រណិត​នៅ​កម្ពុជា តើ​លោក​មានមតិ​ផ្តាំផ្ញើ​យ៉ាងណា ដល់​ម្ចាស់​រថយន្ត​ថ្មី​ទំនើប​ទាំងអស់នោះ អាច​ប្រើប្រាស់​រថយន្ត​របស់​ពួកគាត់​បានល្អ និង​យូ​អង្វែង​?

​លោក ឃុន ចាន់ថា ៖ យោបល់​របស់​យើង​សម្រាប់​បណ្តា​ម្ចាស់​យានយន្ត គឺ​គួរតែ​ធ្វើការ​ថែទាំ​រថយន្ត​ដោយមាន​ការត្រួតពិនិត្យ​ពី​អ្នកជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​។ មធ្យោបាយ​ដែល​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការជួសជុល​ដែល​មិនចាំបាច់ ហើយ​ខាត​ពេល គឺ​ការពិនិត្យ​ថែទាំ​ឲ្យ​បាន​ទៀងទាត់ ហើយ​ត្រឹមត្រូវ​។ ការថែទាំ​រថយន្ត មិនមែន​គ្រាន់តែ​ប្តូរ​ប្រេងម៉ាស៊ីន ឬ​លាង​សម្អាត​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ត្រូវ​មើល​លើ​ការថែទាំ​សម្បក​កង់ ផ្លិត​ទឹក (​ដៃ​ជូត​កញ្ចក់​) ហ្វ្រាំង ប្រេង​ប្រអប់លេខ និង​ប្រេង​ហ្វ្រាំង គួរតែ​ត្រូវបាន​ត្រួតពិនិត្យ និង​ប្តូរ​ឲ្យ​បាន​ទៀងទាត់​ផងដែរ​។ ភ្លើង​សញ្ញា និង​ចង្កៀង ក៏​គួរតែ​ត្រូវបាន​ត្រួតពិនិត្យ ដើម្បី​ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ផង​។ ការចំណាយ​ប្រាក់​បន្តិចបន្តួច ទៅលើ​ការថែទាំ​រថយន្ត​ឲ្យ​បាន​ទៀងទាត់ អាចជួយ​សន្សំសំចៃ​ប្រាក់​បាន​ច្រើន ហើយក៏​ជា​មធ្យោបាយ​មួយ ក្នុងការ​ធានា​ឲ្យ​បាន​ថា រថយន្ត​របស់​យើង ពិត​ជាមាន​សុវត្ថិភាព​ក្នុងការ​បើកបរ​ថែម​ទៀតផង​។ ទង្វើ​របៀបនេះ ប្រៀបដូចជា​ការ​មាន​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​ដូច្នេះ​ដែរ ជម្រើស​ល្អ​បំផុត គឺ​ការស្វែងរក​កន្លែង​ជួសជុល​រថយន្ត​ល្អ​មួយ ដែល​អាច​ជឿទុកចិត្ត ក្នុងការ​ថែរក្សា​រថយន្ត​របស់​អ្នក ឲ្យ​រត់​បាន​យ៉ាង​ល្អ គ្មាន​ការបារម្ភ​នឹង​គ្រោះថ្នាក់ ដែល​អាច​កើតមានឡើង ដោយ​ការធ្វេសប្រហែស​ជាយថាហេតុ​។​

​ប៉ុស្តិ៍​អូ​តូ ៖ នៅក្នុង​ទីផ្សារ​ដែល​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ដូច​សព្វថ្ងៃនេះ ម្ចាស់​រថយន្ត​ត្រូវ​ប្រឈម​នឹង​ជម្រើស​ជាច្រើន សម្រាប់​ការជួសជុល​រថយន្ត រហូតដល់​ថ្នាក់​ពិបាក​ក្នុង​ការសម្រេច​ថា តើ​ត្រូវ​ទៅ​កន្លែង​មួយណា​? ជា​អកុសល ការសម្រេចចិត្ត​ភាគច្រើន ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកទៅលើ «​តម្លៃ​ប៉ាន់ស្មាន​» របស់​ជាង​ខ្វះ​ជំនាញ​?

​លោក ឃុន ចាន់ថា ៖ សម្រាប់​រូបខ្ញុំ ខ្ញុំ​ចង់​ជូន​ជា​ជម្រើស​ថា តើ​អ្នក​ចង់​ជួសជុល​រថយន្ត​អស់ប្រាក់​តិច ឬ​ចង់​ជួសជុល​វា​ឲ្យ​ត្រូវ ចំ​កន្លែង​ពី​អ្នកជំនាញ​ត្រឹមត្រូវ​? នេះ​គឺជា​កា​រស​ម្រ​ច​ចិត្ត​ដ៏​លំបាក សម្រាប់​មនុស្ស​ជាច្រើន​។ រោង​ជួសជុល​ត្រឹមត្រូវ​របស់ Star Auto ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សាកល​របស់​ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នា​ទៅនឹង​ឯ​បរទេស​តែម្តង ដោយមាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល​ដែល​ត្រូវបាន​តម្រូវ​ដោយ​ក្រុមហ៊ុន MB ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ​របស់​ក្រុមហ៊ុន MB ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​។ នៅពេលដែល​ខ្ញុំ​ចង់​ប្រាប់​ម្ចាស់​រថយន្ត​ទាំងឡាយ​ពី​រឿងនេះ ហើយ​ពេលដែល​ខ្ញុំ​ប្រាប់​ពួកគាត់​ថា ពួកគាត់​អាច​ជួសជុល​អ្វី​ក៏បាន អាស្រ័យ​លើ​កំហូច​នៃ​រថយន្ត​នីមួយៗ ព្រោះ​រោង​ជាង​យើង អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​នៃ​បញ្ហា ការឆ្លើយតប​ដំបូង​របស់​ពួកគាត់ គឺ «​ប្រហែលជា​ជា​ថ្លៃ​ណាស់​ហើយ​! អត់​ទៅ​ទេ​»​។ គោលការណ៍​របស់​ក្រុមហ៊ុន Star Auto គឺ​តែងតែ​ផ្តល់​ឲ្យ​អតិថិជន ត្រួត​ពិនិត្យមើល​ការវាយតម្លៃ​លម្អិត​សិន មុនពេល​ចាប់ផ្តើម​ធ្វើការ​ជួសជុល ព្រោះ​ក្រុម​អ្នកជំនាញ​របស់​យើង គាត់​អាច​ឆែក​ដឹង​ពី​បញ្ហា​ទាំងអស់​។ តារាង​តម្លៃ​នៃ​ការជួសជុល ត្រូវបាន​ផ្តល់​ឲ្យ​អតិថិជន​ដោយ​មិន​គិតថ្លៃ​។ គ្រាន់តែ​សាកសួរ ឬ​យកមក​ពិនិត្យ​សិន​សោះ គឺ​វា​មិនមាន​អស់ប្រាក់​នោះឡើយ ដូច្នេះហើយ​បានជា​យើង លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រថយន្ត ប្រៀបធៀប​តម្លៃ​នៃ​ការជួសជុល និង​គុណភាព ក៏ដូចជា​វិជ្ជាជីវៈ​របស់​យើង ទៅនឹង​កន្លែង​ណាមួយ ដែល​អតិថិជន​គិតថា គេ​ជួសជុល​បាន ហើយ​ថោក​។​

​ប៉ុស្តិ៍​អូ​តូ​៖ ដោយមាន​រថយន្ត​មួយ​ទឹក​ច្រើន​លើសលុប ត្រូវបាន​អ្នកប្រើប្រាស់​ក្នុងស្រុក ទិញ​យកមកប្រើ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។ តើ​លោក​មានមតិ​ផ្តាំផ្ញើ​យ៉ាងណា ដើម្បី​ជា​មធ្យោបាយ អាចជួយ​ដល់​ម្ចាស់​រថយន្ត​មួយ​ទឹក​ទាំងនោះ អាច​រក្សា​គុណភាព​ដើម្បី​ប្រើប្រាស់​បាន​?

​លោក ឃុន ចាន់ថា ៖ ប្រសិនជា​អ្នកមាន​រថយន្ត​ជជុះ ឬ​រថយន្ត​ដែល​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ពួកគាត់ យក​រថយន្ត​របស់​ពួកគាត់​ទៅ​ចុះ​ប​ញ្ចី​រថយន្ត​ជាមួយនឹង​អ្នកលក់​ស្របច្បាប់​។ រថយន្ត​ទំនើបៗ​មាន​ប្រព័ន្ធ​អេឡិចត្រូនិក​ច្រើន និង​បណ្តាញ​អគ្គិសនី​ក៏​ច្រើនជាង​មុន ហើយ​ក៏មាន​ប្រព័ន្ធ​កាន់តែ​ស្មុគស្មាញ​ខ្លាំង​ផងដែរ​។ ប្រសិនជា​ក្រុមហ៊ុន​ដើម ជូនដំណឹង​អំពី​ការ​ប្រមូលយក​រថយន្ត​មកវិញ នោះ​ក្រុមហ៊ុន លក់​រថយន្ត​ស្របច្បាប់​ទាំងនោះ នឹង​ដឹង​ពី​របៀប​ទាក់ទង​ទៅ​ពួកគាត់ នេះ​គឺជា​ផ្នែក​មួយ​នៃ​ការចូលរួមចំណែក​ទទួល​ខុសត្រូវ​របស់​ពួកគេ​ដែរ (​ក្រុមហ៊ុន​ដើម​)​។ សូម​ចង់ចាំ​ថា ការ​ប្រមូលយក​រថយន្ត​មក​ពិនិត្យឡើងវិញ នឹង​ផ្តល់​ការពិនិត្យ​ឬ​ប្តូរ​គ្រឿងបន្លាស់ ដោយ​មិនមាន​គិតថ្លៃ​អ្វី​ឡើយ​។ ដូច្នេះ ហេតុអ្វី​បានជា​ម្ចាស់​រថយន្ត​ដែល​មិនបាន​ទិញ​រថយន្ត​ពី​ក្រុមហ៊ុន​ចែកចាយ​ស្របច្បាប់ នៅ​ស្ទាក់​ស្ទើរនឹង​សុវត្ថិភាព​នៃ​រថយន្តរ​បស់​ខ្លួន​ទៀត ជាពិសេស​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​របស់ខ្លួន​ផងដែរ​នោះ​។ ក្រុមហ៊ុន​ដើម​គេ​ណែនាំ​ដោយ​ឲ្យ​យក​រថយន្ត​ចូល​វិញ​ហើយ នៅ​ស្ងៀម​ធ្វើ​អី​ទៀត គួរតែ​ប្រញាប់​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​មុនគេ ព្រោះ​គេ​អត់​យកលុយ​ទេ​៕


Tag:
 ឃុន ចាន់ថា​
  Star Auto
 ​រថយន្ត​
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com