ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​នាំពាក្យមហាផ្ទៃ​៖ លោក ញឹក ប៊ុន​ឆៃ ត្រូវបានចាប់​ខ្លួន ពាក់ព័ន្ធនឹងការផលិតគ្រឿងញៀន
03, Aug 2017 , 3:21 pm        
រូបភាព
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ
ដោយ:
អាជ្ញាធររាជធានីភ្នំពេញ បានឃាត់​ខ្លួនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស​ខ្មែរ​រួប​រួមជាតិ​នៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧ ពាក់​ព័ន្ធ​នឹង​​ការ​ផលិត​គ្រឿង​ញៀន​កាល​ពី ៥ ឆ្នាំ មុន។



អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងនេះ​ថា​៖« ជា​ការពិតហើយ លោក ញឹក ប៊ុនឆៃ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ម៉ោង ១២ ថ្ងៃ​ត្រង់នេះ​។ ការចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ ធ្វើឡើង ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន នៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ឆ្នាំ ២០១២»​។​
 
​កាលពី​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៧ ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ញឹក ប៊ុនឆៃ ជាទី​ប្រឹក្សា​រដ្ឋាភិបាល ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី តាម​សំណើ​របស់​សម្តេច ហ៊ុន សែន​។ ការបញ្ចប់​តួនាទី​របស់លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ធ្វើឡើង​ក្រោយពី​ការផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ការសន្ទនា​គ្នា​តាម​ទូរ​សព្ទ​វាង​លោក ញឹក ប៊ុនឆៃ នឹង​លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពីមុន​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិ​ទី ៤​។ ពេល​ឆ្លើយឆ្លង​គ្នា​តាម​ទូរ​សព្ទ លោក ប៊ុនឆៃ បាន​ប្រា​ប់លោក អេង ឆៃអ៊ាង ថា គណបក្ស​លោក​បាន​ប្រាប់​អ្នកគាំទ្រ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅក្នុង​ឃុំ​សង្កាត់​ណា ដែល​មិនមាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ឈរឈ្មោះ​។ 
 
​យ៉ាងណា ក្រោយពី​មានការ​ផ្សាយដំណឹង​នេះ លោក ញឹក ប៊ុនឆៃ បាន​ចេញមុខ​បកស្រាយ​ថា រូបលោក​ច្រ​លំ​លេខ​ទូរ​សព្ទ ហៅ​ទៅ​លោក អេង ឆៃអ៊ាង​។ លោក​ថា រូបលោក​មិនមាន​ចេតនា​ទូរ​សព្ទ​ទៅ​លោក អេង ឆៃអ៊ាង ទេ តែ​លោក​ចង់​ទូរ​សព្ទ​ទៅ​មន្ត្រី​របស់លោក​ម្នាក់​ឈ្មោះ អ៊ាង ទេ​។  ជាងនេះទៅទៀត លោក​ក៏​បដិសេធ​ដែរ​ថា រូបលោក​មិនបាន​និយាយ​ឲ្យ​ចំៗ​ថា ឲ្យ​អ្នកគាំទ្រ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ ដោយ​លោក​គ្រាន់តែ​និយាយថា កន្លែង​ណា​ដែល​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិនបាន​ឈរឈ្មោះ «​បោះ​ឲ្យ​ទៅ​»​តែប៉ុណ្ណោះ​។​
 
​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​លោក ញឹក ប៊ុនឆៃ បាត់បង់​តួនាទី​ជាទី​ប្រឹក្សា មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ស្និទ្ធ​នឹង​លោក ញឹក ប៊ុនឆៃ ចំនួន ១២ នាក់ មាន​តំណែង​ជាទី​ប្រឹក្សារ​រដ្ឋាភិបាល ក៏ត្រូវ​សម្តេច ហ៊ុន សែន ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តួនាទី​ផងដែរ​។ 
 
​សារព័ត៌មាន​ថ្មីៗ នឹង​លម្អិត​ព័ត៌មាន​ចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ នៅពេល​ក្រោយ​។​

Tag:
 ញឹក ប៊ុនឆៃ
  ខៀវ សុភ័គ
© រក្សាសិទ្ធិដោយ thmeythmey.com