កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថាតម្លៃខ្លួន Neymar ២៦០លានដុល្លារមិនថ្លៃឡើយ
× អ្នកចាត់ការទូទៅ Manchester United លោក Jose Mourinho ថាតម្លៃខ្លួន ២៦០លានដុល្លាររបស់ Neymar ដែលផ្ទេរពី Barcelona ទៅ Paris St Germain គឺមិនថ្លៃនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្រោយបញ្ចប់ការប្រកួតមិត្តភាពដែលក្រុម Manchester United យកឈ្នះ Sampdoria ក្នុងលទ្ធផល ២-១ នៅទីក្រុង Dublin នៃសារធាររដ្ឋអៀឡង់ នៅព្រឹកថ្ងៃទី៣ ខែសីហានេះ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បាននិយាយថាតម្លៃខ្លួនរបស់ Neymar មិនថ្លៃទេ ប៉ុន្តែលោកគ្រាន់តែព្រូយបារម្ភអំពីតួលេខគួរឲ្យភ្ញាក់ផ្អើលនេះ ដែលនឹងប៉ះពាល់ដល់ការផ្ទេរកីឡាករក្រោយៗនាពេលអានាគត។
«ខ្ញុំពិតជាមិនគិតថាតម្លៃខ្លួន២៦០លានដុល្លាររបស់ Neymar ថ្លៃនោះទេ។ Neymar គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់លើលោកបច្ចុប្បន្ន ដូច្នេះនេះជាជំនួញដ៏ធំមួយ ហើយបញ្ហាមិនមែន Neymar នោះទេ ប៉ុន្តែបញ្ហាគឺស្ថិតលើអ្វីដែលទទួលបានប៉ុណ្ណាទៅវិញទេ»។ នេះជាការលើកឡើងរបស់អ្នកចាត់ការរហស្សនាម The Special One ជុំវិញការផ្ទេរកីឡាករដែលមានតម្លៃជាកំណត់ត្រានេះ។
អតីតអ្នកចាត់ការ Chelsea វ័យ៥៤ឆ្នាំរូបនេះក៏បានលើកឡើងពីការចំណាយរបស់ខ្លួនកាលពីឆ្នាំមុនរហូតដល់ ១១១លានដុល្លារទិញ Paul Pogba ពី Juventus ថាក៏មិនថ្លៃដែរ។
សូមបញ្ជាក់ថា ខ្សែបម្រើសញ្ជាតិប្រេស៊ីល វ័យ២៥ឆ្នាំ បានយល់ព្រមលក្ខណ្ឌផ្ទាល់ខ្លួនរួចរាល់ហើយដោយចុះកិច្ចសន្យារយៈពេល ៥ឆ្នាំឲ្យក្រុម Paris St Germain និងត្រូវបានគេជឿជាក់ថានឹងមានតម្លៃផ្ទេរ ២៦០លានដុល្លារ ដើម្បីទិញផ្តាច់កិច្ចសន្យាពីរក្រុម Barcelona៕
Tag:
បាល់ទាត់
Jose Mourinho
Neymar
© រក្សាសិទ្ធិដោយ thmeythmey.com