កីឡាអន្តរជាតិ
អន្តរជាតិ
១វិនាទី Neymar រកបានចំណូលជាង១ដុល្លារអាមេរិកនៅ PSG សម្រាប់រយៈពេល៥ឆ្នាំ
× ទីបំផុត Neymar បានក្លាយជាកីឡាករផ្លូវការរបស់ក្លិបបារាំង Paris Saint Germain ក្នុងតម្លៃខ្លួនដ៏ខ្ពស់កប់ពពក ពោលគឺ២២២លានអឺរ៉ូ (ជាង២៦០លានដុល្លារអាមេរិក) ពីក្លិបយក្សអេស្ប៉ាញ Barcelona។ ក្លិបដែលមានមូលដ្ឋាននៅក្រុងប៉ារីស បានប្រកាសថា ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍។
Neymar អាយុ២៥ឆ្នាំ បានបំបែកកំណត់ត្រារបស់ខ្សែបម្រើបារាំង Paul Pogba ដែលផ្ទេរពី Juventus ទៅ Manchester United វិញក្នុងតម្លៃខ្លួន៨៩លានផោន (ជាង១១៧លានដុល្លារអាមេរិក) កាលពីខែសីហា ឆ្នាំ២០១៦ ។
បើតាមការគណនាសមាគមសារព័ត៌មាន Press Association (PA) ដែលប្រតិបត្តិការនៅអង់គ្លេស និងអៀរឡង់ បន្ទាប់ពីការបង់ពន្ធរួច ក្នុងនាមជាកីឡាករ PSG, Neymar អាចបានចំណូល ១.១៦ដុល្លារក្នុង១វិនាទី ៧០ដុល្លារក្នុង១នាទី ៤២០០.៣២ដុល្លារក្នុង១ម៉ោង ១០០ ៨០៧.៦២ដុល្លារក្នុង១ថ្ងៃ ៧០៥ ៦៥៣.៣៧ដុល្លារក្នុង១សប្តាហ៍ ៣ ០៥៧ ៨៣០.៤០ ដុល្លារក្នុង១ខែ និង៣៦ ៦៩៣ ៩៧៥.២៧ក្នុង១ឆ្នាំ។
Neymar នឹងនៅជាមួយ PSG រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។ Neymar បាននិយាយឃ្លាដំបូងក្នុងនាមជាកីឡាករ PSG ថា «PSG ជាក្លិបដ៏មានមហិច្ឆតាខ្ពស់ជាងគេនៅអឺរ៉ុប»។ ខ្សែប្រយុទ្ធប្រេស៊ីល ត្រូវនៅជាមួយក្លិបដែលមានមូលដ្ឋាននៅក្រុងប៉ារីស រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
ជារឿងដែលគួរឲ្យហួសចិត្តបំផុតដែលអាជីវកម្មមួយមានតម្លៃរហូតដល់ទៅ២២២លានអឺរ៉ូ (ជាង២៦០លានដុល្លារអាមេរិក) លើការផ្ទេរកីឡាករម្នាក់។ នៅមុនការផ្ទេរដ៏ចម្រូងចម្រាស់នេះ ថ្នាក់ដឹកនាំនៃក្របខណ្ឌ La Liga អេស្ប៉ាញ បានចោទប្រកាន់ PSG ថា បានរំលោភគោលការណ៍ហិរញ្ញវត្ថុ Financial Fair Play (FFP) របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប។
ទោះបីជាយ៉ាងណាក៏ដោយ នៅអេស្ប៉ាញ ករណីមួយដែលមិនអាចចងកីឡាករក្នុងកិច្ចសន្យាបាននោះ គឺ Release Clause [ការផ្តាច់កិច្ចសន្យា] ដោយសាម៉ីកីឡាករផ្ទាល់។ របាយការណ៍បានបង្ហាញថា Neymar បានបង់ប្រាក់ចំនួន២២២លានអឺរ៉ូ (ជាង២៦០លានដុល្លារអាមេរិក) ទៅក្លិប Barcelona ដើម្បីផ្តាច់កិច្ចសន្យា មុននឹងទៅចូលរួមជាមួយ PSG។
តើ Neymar បានលុយនោះពីណា? ក្របខណ្ឌ La Liga នៅតែចោទប្រកាន់ PSG ពីបទរំលោភគោលការណ៍ Fair Play លើផ្នែកហិរញ្ញវត្ថុ ខណៈក្លិប PSG របស់មហាសេដ្ឋីកាតា Nasser Al-Khelaifi រួមទាំងសហព័ន្ធកីឡាបាល់ទាត់បារាំង បានអះអាងថា ពួកគេមិនបានរំលោភបំពានច្បាប់ UEFA នោះឡើយ៕
Tag:
Neymar
Barcelona
PSG
© រក្សាសិទ្ធិដោយ thmeythmey.com