ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជ​បក្ស​ខ្មែរ​រួបរួម​ជាតិ អាច​ផ្អាក ក្រោយ​ការចាប់ខ្លួន​លោក ញឹក ប៊ុនឆៃ
04, Aug 2017 , 4:11 pm        
រូបភាព
​ភ្នំពេញ​៖ គម្រោង​នៃ​ការធ្វើ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទំនងជា​ត្រូវ​ផ្អាក​សិន ក្រោយ​សមត្ថកិច្ច បាន​ចាប់​លោក ញឹក ប៊ុនឆៃ ដោយ​ចោទថា​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន កាលពី​ឆ្នាំ​២០០៧​។ នេះ​បើតាម​លោក ម៉ៅ សុផាន់​ណា ទីប្រឹក្សា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។



​លោក ម៉ៅ សុផាន់​ណា ទីប្រឹក្សា​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ស្ថិតក្នុង​កាលៈទេសៈ​នេះ សមាជ​វិសាមញ្ញ ដែល​គ្រោង​ធ្វើឡើង ដើម្បី​រៀបចំ​រចនាសម្ព័ន្ធ​និង​ពង្រឹងកម្លាំង​សាមគ្គី​ឡើងវិញ ប្រហែលជា​មិនអាច​កើតឡើង​ទេ​។ ទីប្រឹក្សា​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​៖«​បក្ស​ហ្នឹង គឺ​មានតែ​គាត់ [​លោក ញឹក ប៊ុនឆៃ​] ដែលជា​ជំហរ​ចម្បង​។ កិច្ចការ​ទាំងអស់ គឺ​នៅលើ​គាត់​។ ដល់ពេល​គាត់​មានរឿង​អ៊ីចឹង កម្លាំង​ក្នុង​បក្ស ហាក់ដូចជា​ប្រេះស្រាំ​ទៅហើយ​។ សមាជ ប្រហែលជា​មិនអាច​ធ្វើ​បានទេ​»​។​

​បើតាម លោក ម៉ៅ សុផាន់​ណា កម្លាំង​សាមគ្គី​នៅក្នុង​ផ្ទៃក្នុង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានចាប់ផ្តើម​បែកបាក់​បន្តិច​ម្តងៗ ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​មក ដោយមាន​មន្ត្រី​មួយចំនួន បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ដទៃ​។ លោក សង្កត់ធ្ងន់ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ រឹតតែ​បាត់បង់​ជំហរ ក្រោយ​លោក ញឹក ប៊ុនឆៃ ដែលជា​ប្រធាន ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួន​។ 

​តាម​ការគ្រោងទុក គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹងធ្វើ​សមាជ​វិសាមញ្ញ នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧​នេះ​។ គម្រោង​នៃ​ការធ្វើ​សមាជ​វិសាមញ្ញ​នេះ គឺ​ដើម្បី​ពង្រឹងកម្លាំង​សាមគ្គី​ឡើងវិញ ក្រោយពី​មាន​ព័ត៌មាន​លេច​ឮថា មន្ត្រី​ខ្លួន បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ផ្សេង​។ យ៉ាងណា​ក៏ដោយចុះ គម្រោង​នេះ បានក្លាយ​ទៅជា​រឿង​មិន​ប្រាកដប្រជា ក្រោយ​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន​។

​លោក ញឹក ប៊ុនឆៃ ដែលជា​អ្នកបង្កើត​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​មេទ័ព​មួយរូប ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២0១៧​។ បើតាម​សមត្ថកិច្ច លោក ញឹក ប៊ុនឆៃ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន តាំង​ឆ្នាំ​២០០៧​មក​៕


Tag:
 បក្ស​ខ្មែរ​រួបរួម​ជាតិ​
  សមាជ​
  ម៉ៅ សុផាន់​ណា​
  ញឹក ប៊ុនឆៃ​
© រក្សាសិទ្ធិដោយ thmeythmey.com