ជាតិ
តារាល្បីៗ
ក្រសួងវប្បធម៌ សម្រេចប្រគល់ចម្រៀង ៤១ បទ ទៅភរិយាលោក គង្គ ប៊ុនឈឿន គ្រប់គ្រងជាផ្លូវការ
×
ភ្នំពេញ៖ ចម្រៀង ៤១ បទ ដែលជាស្នាដៃតែងនិពន្ធរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានប្រគល់ទៅឲ្យលោកស្រី គាត គឹមលន ភរិយារបស់លោក គង្គ ប៊ុនឈឿន គ្រប់គ្រងជាមរតកសាសន៍ជាផ្លូវការ។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៥ កក្កដា ហើយទើបតែប្រកាសនៅពេលថ្មីៗនេះ។
ការសម្រេចរបស់ក្រសួងវប្បធម៌ ធ្វើឡើងក្រោយពីក្រសួងបានស្រាវជ្រាវ និងពិនិត្យឃើញថា បទចម្រៀងចំនួន៤១បទ ជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយ លោក គង្គ ប៊ុនឈឿន ។ តែយ៉ាងណាក្រសួងវប្បធម៌ ក៏នៅតែបើកឱកាសឲ្យមានការប្ដឹងជំទាស់ដែរ ប្រសិនជាមានបុគ្គលណា អាចបញ្ជាក់ពីភស្តុតាងផ្សេងៗ ផ្ទុយពីក្រសួង។
«ក្នុងករណីមានការប្ដឹងជំទាស់ដោយមានភស្តុតាងពីភាគីពាក់ព័ន្ធផ្សេងៗ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងត្រួតពិនិត្យ និងសម្របសម្រួលលើការប្រគល់សិទ្ធគ្រប់គ្រងបទចម្រៀង ៤១ បទខាងលើឡើងវិញ»។ នេះបើតាមសេចក្តីសម្រេចរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោក គង្គ ប៊ុនឈឿន ដែលជាអ្នកនិពន្ធប្រលោមលោក និងអ្នកនិពន្ធបទចម្រៀងល្បីៗជាច្រើននៅក្នុងទស្សវត្សរ៍១៩៦០នោះ បានទទួលមរណភាពនៅថ្ងៃទី១៧មេសាឆ្នាំ២០១៦នៅក្នុងប្រទេសន័រវេស។
ស្នាដៃចម្រៀងរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានគេជឿថា មានចំនួនច្រើនជាង៤០បទនេះ។ ក៏ប៉ុន្តែ បើយោងតាមនីតិវិធី ដើម្បីទាមទារគ្រប់គ្រងស្នាដៃនេះ ក្រុមគ្រួសារត្រូវបានមានឯកសារច្បាស់លាស់ដែលបញ្ជាក់អំពីកម្មសិទ្ធិបញ្ញារបស់ម្ចាស់បទ មុននឹងក្រសួងទទួលត្រួតពិនិត្យបន្ថែម និងសម្រេចនោះ៕
Tag:
គង្គ ប៊ុនឈឿន
វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com