ជាតិ
​​​ន​យោ​បាយ​ជាតិ​
មុន​ចូលកាន់​តំណែង​ជា​ផ្លូវការ​លោក សុខ ទូច សន្យា​លើកកម្ពស់​វិស័យ​កសិកម្ម​
05, Aug 2017 , 4:19 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក សុខ ទូច (កណ្ដាល)
រូបពីហ្វេសប៊ុកលោក សុខ ទូច (កណ្ដាល)
 ​ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ​ទី ១១ ខែសីហា សប្តាហ៍​ក្រោយ លោក សុខ ទូច នឹង​ចូលកាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​។ មុន​ចូលកាន់​តំណែង​ជា​ផ្លូវការ លោក សុខ ទូច សន្យា​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្នុងទិសដៅ​ជួយ​​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​




 
​ការងារ​រៀបចំ​រចនាសម្ព័ន្ធ និង​លក្ខន្តិកៈ​ថ្មី គឺជា​កិច្ច​ការដែល​លោក សុខ ទូច នឹង​រៀបចំ​ឡើងវិញ នៅពេល​ចូលកាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភា​ជា​ផ្លូវការ​។ ក្រៅពី​ការងារ​ទាំងនេះ​លោក សុខ ទូច ក៏បាន​កំណត់​យក​ការងារ​លើ​វិស័យ​កសិកម្ម​ជា​អទិភាព ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ផង​។ ផែនការមេ​ដែល​លោក សុខ ទូច ត្រៀម​ដោះស្រាយ​នោះ មាន​ចំនួន​៣​ចំណុច គឺ​ការជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ចិញ្ចឹមសត្វ​គោ​អូស្ត្រាលី , ការរៀបចំ​ឧទ្យាន​ជាតិ​នៅ​ខេត្តព្រះវិហារ និង​ការរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​សេវា​ប្រាក់កម្ចី ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សុខ ទូច ដែល​នឹង​កាន់តំណែង​ប្រធាន​រាជបណ្ឌិត្យសភា​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១១ សីហា នោះបាន​អត្ថាធិប្បាយ​យ៉ាង​ដូច្នេះ​៖  
 
​ក្រុមការងារ​ស្រាវជ្រាវ​របស់​រាជបណ្ឌិត្យ​សភា នឹង​ជួប​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក លឹម គានហោ នៅ​ថ្ងៃទី​១០ សីហា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ផងដែរ​។ ការជួបពិភាក្សា​នោះ គឺ​ផ្ដោតទៅលើ​ការអនុវត្ត​ការងារ​របស់​ក្រសួង និង​ការរក​ចំណុចរួម​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រជាកសិករ​។ នេះ​បើតាម​លោក សុខ ទូច ដែល​បាន​ប្ដេជ្ញា​ថា លោក​នឹង​រៀបចំ​ឲ្យ​ស្ថាប័ន​រាជបណ្ឌិត្យសភា ក្លាយជា​កន្លែង​ផ្តល់​គំនិត​ដ៏​ល្អ​សម្រាប់​អភិវឌ្ឍ​ប្រទេស​។​
 
​កាលពី​ថ្ងៃទី​៣ សីហា លោក សុខ ទូច បាន​ជួបពិភាក្សា​ជាមួយ​លោក ជា ចាន់តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ ដើម្បី​សិក្សា​អំ​ពីបញ្ហា​ប្រឈម និង​រក​ដំណោះស្រាយ ចំពោះ​ការដាក់​ពិ​ដាន​ការប្រាក់ ១៨​ភាគរយ សម្រាប់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក្នុង​គោលដៅ​ជួយ​ដល់​ប្រជាកសិករ និង​អាជីវករ​ខ្នាតតូច និង មធ្យម​ដែល​ប្រើប្រាស់​កម្ចី​ឥណទាន​នេះ​។ ក្រៅពីនេះ​ក្រុមការងារ​រាជបណ្ឌិត្យសភា ក៏បាន​ជួប​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​លោក វេ​ង សាខុន សិក្សា​រក​ដំណោះស្រាយ​ទីផ្សារ​កសិករ​ផល​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕

Tag:
 សុខ ទូច​
 ​ កសិកម្ម​
 ​ សត្វ​គោ
© រក្សាសិទ្ធិដោយ thmeythmey.com