អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋបាល ត្រាំ ផ្ញើ​សារ​ទៅ UN ដើម្បី​ប្រាប់​ពី​ការចាកចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​
05, Aug 2017 , 7:39 pm        
រូបភាព
 
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៤ ខែសីហា បាន​ផ្ញើលិខិត​ជូនដំណឹង​ស្ដីពី​ការចាកចេញ​ពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ទៅកាន់​អង្គការសហប្រជាជាតិ​ហើយ​។ ក្នុង​រយៈពេល​ចរចា​ចាកចេញ​នេះ អាមេរិក​នឹង​បន្ត​ចូលរួម​ប្រជុំ និង​ចរចា​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ដទៃទៀត​។ អាមេរិក​ក៏​ចំហរទ្វារ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​សកល​នេះ​វិញ​នៅ​ថ្ងៃ​អនាគត បើ​មានការ​ប្រែប្រួល​ណាមួយ​ដែល​អាច​ផ្ដល់​ប្រយោជន៍​ឲ្យ​ខ្លួន​នោះ​។​

 
​ពីរ​ខែក្រោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​ជូនដំណឹង​ពី​ការចាកចេញ​នេះ​ទៅកាន់​អង្គការសហប្រជាជាតិ​ជា​ផ្លូវការ​ហើយ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ ក៏បាន​ទុក​ច្រក​មួយ​ដើម្បី​ក្លាយជា​សមាជិក​កិច្ចព្រមព្រៀង​នេះ​វិញ​ដែរ ហើយ​អាមេរិក​នឹង​នៅតែ​បន្ត​សហការ​ជាមួយ​អង្គការសហប្រជាជាតិ​ដដែល​ក្នុង​រយៈពេល​ចរចា​ដែល​ត្រូវ​ចំណាយពេល​បី​ឆ្នាំ​ឯណោះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន ក្រសួងការបរទេស​អា​មេ​រិ​ក​បានបញ្ជាក់​ក្នុង​សេចក្ដីប្រកាស​នៅ​ថ្ងៃទី​៤ ខែសីហា ថា​៖ «​អាមេរិក​បន្ត​គាំទ្រ​ការអនុវត្ត​នយោបាយ​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ដែលមាន​តុល្យភាព និង​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច ទន្ទឹមគ្នា​នឹង​ការជំរុញ​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ធានា​សុវត្ថិភាព​ថាមពល​ផងដែរ​»​។  
 
​លោក ត្រាំ បានប្រកាស​ពី​ការសម្រេចចិត្ត​ដើរចេញ​ពី​កិច្ចព្រមព្រៀង​សកល​នេះ​នៅ​ខែមិថុនា​។ ប្រធានាធិបតី​អាមេរិក​រូបនេះ​អះអាងថា កិច្ចព្រមព្រៀង​ដែលមាន​សមាជិក​មកពី​ជុំវិញ​ពិភពលោក​នេះ ផ្ដល់​ផល​មិនល្អ​ដល់​អាមេរិក​ជាង​អត្ថប្រយោជន៍ ហើយ​ថែមទាំង​ប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក​ទៀតផង​។ លោក ត្រាំ រិះគន់​ទៀតថា កិច្ចព្រមព្រៀង​នេះ​លម្អៀង​ទៅរក​តែ​គូប្រជែង​អាមេរិក និង​ដាក់​កំហិត​អាមេរិក​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុល​ផ្សេងទៀត​ផងដែរ​។​
 
​យ៉ាងណាមិញ លោក ត្រាំ ក៏បាន​ទុក​ឱកាស​ក្នុង​ការវិល​ចូល​កិច្ចព្រមព្រៀង​ប៉ារីស​ឆ្នាំ​២០១៥​នេះ​វិញ​ដែរ​។ ប៉ុន្តែ​ការលើកឡើង​បែបនេះ ត្រូវបាន​អ្នកជំនាញ និង​ពាណិជ្ជករ​ធំៗ​យល់ថា ជា​រឿង​មិនអាច​កើតឡើង​បាន​ទាល់តែសោះ​។ កាលពី​ទស្សនកិច្ច​នៅ​រដ្ឋធានី​ប៉ារីស លោក ត្រាំ បាន​និយាយ​ក្នុង​សន្និសីទកាសែត​ជាមួយ​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ថា នឹង​មានរឿង​កើតឡើង​ជុំវិញ​កិច្ចព្រមព្រៀង​ប៉ារីស តែ​លោក​មិន​បញ្ជាក់ថា​ជា​អ្វី​ទេ​។ គេ​គិតថា​លោក ត្រាំ ទំនងជា​មិន​ចាក​ចេញពី​កិច្ចព្រមព្រៀង​នេះឡើយ​។​
 
​ជាការ​ពិត ការចាកចេញ​របស់​អា​មេ​រិ​ក​ពី​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ គឺជា​ការដើរ​ផ្ទុយ​ពី​ការប្រឹងប្រែង​របស់​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​បម្រែបម្រួល​អាកាសធាតុ ដែលជា​បញ្ហា​រួម​របស់​ប្រជាជាតិ​ទាំងអស់​។ គេ​មិនត្រូវ​ភ្លេច​ទេ​ថា អាមេរិក​គឺជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ពុល​ធំជាងគេ​របស់​ពិភពលោក ប៉ុន្តែ​ឥឡូវ​បែរជា​សម្រេចចិត្ត​ដើរ​ផ្ទុយ​ពី​គេឯង​ទៅវិញ​៕
 
 

Tag:
 អាម​រិ​ក​
  ដូ​ណា​ល់ ត្រាំ​
  បម្រែបម្រួល​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com