សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
រដ្ឋាភិបាលថៃ ជួយរកដៃគូទិញកៅស៊ូរបស់ប្រជាជន ខណៈទីផ្សារកៅស៊ូកំពុងជួបញ្ហា
×
រដ្ឋាភិបាលក្រុងបាងកក បានរៀបចំពិព័រណ៍ពាណិជ្ជកម្មធំមួយ ដើម្បីបង្ហាញពីផលិតផលកៅស៊ូក្នុងស្រុករបស់ខ្លួន។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលដៅដើម្បីជាការបង្កើតឱកាស និងស្វែងរកទីផ្សារកៅស៊ូសម្រាប់ប្រជាជនថៃឲ្យកាន់តែច្រើនទាំងក្នុងស្រុក និងក្នុងឆាកអន្តរជាតិ ។
ក្រុមហ៊ុនកៅស៊ូថៃ និងក្រុមហ៊ុនកៅស៊ូបរទេសជាង១០០ក្រុមហ៊ុន បានប្រមូលផ្តុំគ្នានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍សម្រាប់រោងចក្រកៅស៊ូ ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មថៃ ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជួយលក់ផលិតកៅស៊ូដែលជារបស់ក្នុងស្រុកប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែ ក៏បាននាំក្រុមហ៊ុន និងពាណិជ្ជករធំពីក្រៅបរទេសចូលទៅវិនិយោគលើផលិតផលកៅស៊ូទៀតផង ។
ជុំវិញព្រឹត្តិការណ៍នេះដែរ រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោកស្រី Apiradi Tantraporn ដែលជាអ្នកផ្តួចផ្តើមកម្មវិធីនេះ បានឲ្យដឹងថា កៅស៊ូប្រមាណ ៣០ ម៉ឺនតោន ត្រូវបានលក់ចេញ នៅព្រឹតិ្តការណ៍ដែលមានការចូលរួមពីអ្នកនាំចេញកៅស៊ូ១០០ក្រុមហ៊ុន ដែលមកពី២៦ប្រទេសនោះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post នៅដើមសបា្ហហ៍នេះ។
លោកស្រីរដ្ឋមន្ត្រី ក៏បានបញ្ជាក់ដែរថា ការណ៍ដែលលោកស្រីបង្កើតពិព័រណ៍បែបនេះ គឺដើម្បីអញ្ជើញអ្នកទិញកៅស៊ូធំៗ ដូចជាចិន កូរ៉េខាងត្បូង អឺរ៉ុប អាមេរិក និងបណ្តាប្រទេសមជ្ឈិមបូព៌ា ដើម្បីទិញវត្ថុធាតុដើមពីប្រទេសថៃ ។ ជាងនេះទៅទៀតនោះ លោកស្រី ក៏រំពឹងថា នឹងការបញ្ជាទិញកាន់តែច្រើនពីបណ្តាអ្នកនាំចេញបរទេសទៀតផង ។
សូមបញ្ជាក់ផងដែរថា ប្រទេសថៃ គឺជាអ្នកផលិត និងជានាំចេញកៅស៊ូធំបំផុតមួយរបស់ពិភពលោក ដោយក្នុងមួយឆ្នាំ មានកៅស៊ូប្រមាណ៤.៥ លានតោន ត្រូវបាននាំចេញពីប្រទេសនេះ ។ ខណៈពេលដែលតម្លៃសកលរបស់កៅស៊ូ បាននិងកំពុងតែធ្លាក់ចុះ ផលិតផលកៅស៊ូថៃដែលមានតម្លៃប្រមាណ ១១៣ ពាន់លានបាត ត្រូវបានលក់ចេញក្នុងរយៈពេលប្រាំមួយខែមកនេះ ៕
© រក្សាសិទ្ធិដោយ thmeythmey.com