ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន នឹង​ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន ដើម្បី​ចុះហត្ថលេខា​លើ​គម្រោង​អភិវឌ្ឍ​ចំនួន​២ នៅ​កម្ពុជា​
06, Aug 2017 , 10:52 am        
រូបភាព
រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន
រូបពីហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ដោយ: ថ្មីៗ
 
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញទៅ​បំពេញ​ទស្សនកិច្ច​ប្រទេស​ជប៉ុន នៅ​ព្រឹក​ថ្ងៃទី​០៦ សីហា​នេះ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​សម្ដេច ហ៊ុន សែន នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​២ សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​

 
​ឯកសារ​ចំនួន​២ ដែលជា​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ផ្តល់​មក​កម្ពុជា​រួមមាន​៖ ទី​១ ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នៃ​ការការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​០៤ ដែលមាន​ទឹកប្រាក់​សរុប ៣,៩៤៨​លាន​យ៉េន (​ប្រមាណ​ជា​៣៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​) និង​ទី​២ ឥណទាន​សម្បទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលមាន​ទឹកប្រាក់​សរុប​ចំនួន​៣២,៥០២ លាន​យ៉េន (​ប្រមាណ​ជា​២០៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក​)​។​
 
​ក្រៅពីនោះ​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​ជួប​ជាមួយ​តំណាង​សមាគម​មិត្តភាព​សភា កម្ពុជា​-​ជប៉ុន ,​សមាគម​មិត្តភាព​ជប៉ុន​-​មេគង្គ ,​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន និង​បណ្តា​ក្រុមហ៊ុន​ជប៉ុន​។ ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នៅ​ប្រទេស​ជប៉ុន​នេះ ចាប់ពី​ថ្ងៃទី​០៦ ដល់​០៩ ខែសីហា ឆ្នាំ​២០១៧ ៕
 
 
 
 

Tag:
 ហ៊ុន សែន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com