អន្តរជាតិ
នយោបាយអន្តរជាតិ
ឥណ្ឌូណេស៊ីយកកាហ្វេ ដូងប្រេង និងតែ ទៅទិញយន្តហោះចម្បាំងរុស្ស៊ី១១គ្រឿង រូបភាព The Jakarta Post
×
ក្រុមហ៊ុនពាណិជ្ជកម្មគ្រប់គ្រងដោយរដ្ឋ PT Perusahaan Perdagangan របស់ឥណ្ឌូណេស៊ី និងក្រុមហ៊ុនរុស្ស៊ី Rostec បានចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាមួយ ជុំវិញការទិញលក់យន្តហោះចម្បាំង Sukhoi SU-35 ដែលឥណ្ឌូណេស៊ីចង់បានពីរុស្ស៊ី។ រុស្ស៊ី ដែលកំពុងរងទណ្ឌកម្មពីសំណាក់អាមេរិក ចង់បានការដោះដូរផលិតផលកសិកម្មដែលឥណ្ឌូណេស៊ីមាន ដើម្បីទូទាត់ថ្លៃយន្តហោះចម្បាំងវិញ។
ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុប បានប៉ះពាល់សេដ្ឋកិច្ចរុស្ស៊ីមួយផ្នែកធំ និងបង្កជាកង្វះផលិតផលកសិកម្មទៀតផង។ ដោយសារកង្វះផលិតផលសម្រាប់បំពេញតម្រូវការក្នុងស្រុក រុស្ស៊ីបានស្នើទៅកាន់ឥណ្ឌូណេស៊ីឲ្យនាំចូលផលិតផលកសិកម្មដែលខ្លួនមានទៅកាន់ទីផ្សាររបស់រុស្ស៊ី ដើម្បីទូទាត់ជាមួយថ្លៃយន្តហោះចម្បាំង Sukhoi SU-35 ចំនួន១១គ្រឿង ដែលឥណ្ឌូណេស៊ីត្រៀមទិញពីរុស្ស៊ី។ គេរំពឹងថា កិច្ចព្រមព្រៀងនេះនឹងចេញជារូបរាងក្នុងពេលខាងមុខនេះ។
រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី Enggartiasto “Enggar” Lukita បាននិយាយនៅថ្ងៃទី៤ ខែសីហា ថា កិច្ចព្រមព្រៀងររវាងឥណ្ឌូណេស៊ី និងរុស្ស៊ី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ នឹងមានបញ្ចូលការដោះដូរយន្តហោះ SU-35 ជាមួយនឹងផលិតផលកសិកម្មជាច្រើនមុខដូចជាកាហ្វេ, ប្រេងដូង និងតែជាដើម។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Jakarta Post ដែលបានស្រង់សម្ដីលោក Lukita ថា កិច្ចព្រមព្រៀងរបស់ស្ថាប័នពាក់ព័ន្ធផ្សេងទៀតនឹងកើតមានផងដែរ។
តាមពិតទៅ មិនមែនរុស្ស៊ីមិនចង់បានលុយថ្លៃលក់យន្តហោះឡើយ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចធ្វើឲ្យរុស្ស៊ីត្រូវផ្លាស់ប្ដូរយុទ្ធសាស្ត្រថ្មីដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលធ្លាក់ចុះ។ បច្ចុប្បន្ននេះ រុស្ស៊ីកំពុងស្ថិតក្រោមគំនាបសេដ្ឋកិច្ចរបស់អាមេរិក និងអឺរ៉ុប។ រុស្ស៊ីបានឆ្លើយតបនឹងសម្ពាធសេដ្ឋកិច្ចនេះតាមរយៈការរឹតត្បិតការនាំចូល ហើយការណ៍នេះបង្ខំឲ្យរុស្ស៊ីត្រូវរកទីផ្សារថ្មី និងដៃគូពាណិជ្ជកម្មថ្មីដើម្បីបំពេញតម្រូវការក្នុងស្រុក។
លោក Lukita ដែលកំពុងស្ថិតក្នុងទស្សនកិច្ចនៅរុស្ស៊ី ចាត់ទុកនេះជាឱកាសសម្រាប់ផលិតផលកសិកម្មឥណ្ឌូណេស៊ី។ លោកបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចអំឡុងពេលរឹតត្បិតពាណិជ្ជកម្ម អាចក្លាយជាសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងហួសពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគទៅទៀត។ លើសពីនោះ វាក៏ក្លាយជាឱកាសសម្រាប់ទំនាក់ទំនងលើវិស័យទេសចរណ៍ ថាមពល និងការដោះដូរបច្ចេកវិទ្យាទៀតផង។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី បានចាប់ផ្ដើមពង្រឹងកម្លាំងយោធារបស់ខ្លួនយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយ ដើម្បីទុកកាពារខ្លួនពីក្រុមជ្រុលនិយមភេរវកម្មនៅក្នុងតំបន់ដែលបានបង្កើនការគំរាមកំហែងយ៉ាងខ្លាំង ក៏ដូចជាអធិបតេយ្យសមុទ្ររបស់ខ្លួនផងដែរ។ មិនត្រឹមតែយន្តហោះឡើយ ក្រុងហ្សាការតាក៏មានគម្រោងទិញនាវាមុជទឹកជាច្រើនគ្រឿងផង ដ្បិតការប្រឈមមុខជាមួយចិននៅថ្ងៃខាងមុខជុំវិញបញ្ហាសមុទ្រចិនខាងត្បូងអាចកើតឡើងគ្រប់ពេល៕
Tag:
ឥណ្ឌូណេស៊ី
រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com