អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាស៊ាន​បង្ហាញ​ជំហរ​រួម​លើ​បញ្ហា​កូរ៉េខាងជើង តែ​ផ្ទុយគ្នា​លើ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
06, Aug 2017 , 10:30 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអាស៊ាន (រូបភាពពីហ្វេសប៊ុក ASEAN)
រដ្ឋមន្ត្រីការបរទេសនៃរដ្ឋសមាជិកអាស៊ាន (រូបភាពពីហ្វេសប៊ុក ASEAN)
​រដ្ឋមន្ត្រីការបរទេស​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​១០ បានបង្ហាញ​ជំហរ​ស្របគ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ដោយបាន​ថ្កោល​សកម្មភាព​របស់​កូរ៉េខាងជើង និង​បានស្នើ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​ដែល​ចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៣ ខែសីហា រដ្ឋ​អាស៊ាន​ទាំង​១០ នៅតែ​ខ្វែងគំនិត​លើ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​រដ្ឋ​អាស៊ាន​៤ ។ គេ​មិនទាន់​ឃើញ​អាស៊ាន​ចេញ​សេចក្ដី​ការណ៍​ណាមួយ​លើ​បញ្ហា​នេះឡើយ​។​

 
​នៅ​ថ្ងៃទី​៥ ខែសីហា រដ្ឋមន្ត្រីការបរទេស​មកពី​រដ្ឋ​អាស៊ាន​ទាំង​១០ បាន​ជួបប្រជុំគ្នា​នៅ​រដ្ឋធានី​ម៉ានីល ក្នុង​កិច្ចប្រជុំ​លើក​ទី​៥០​របស់ខ្លួន​។ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​របស់ខ្លួន រដ្ឋមន្ត្រី​ទាំង​១០​ប្រទេស មិនបាន​ចេញ​សេចក្ដីថ្លែងការណ៍​ណាមួយ​ពាក់ព័ន្ធ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​ទំនងជា​រដ្ឋ​សមាជិក​អាស៊ាន​ខ្លះ​ដែល​ជាប់ទាក់ទង​ជម្លោះ​នេះ​បាន​រក្សា​ជំហរ​រឹងត្អឹង​របស់ខ្លួន​។ ប៉ុន្តែ​សមាជិក​ទាំង​១០​ប្រទេស ក៏បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ថ្កោលទោស​កូរ៉េខាងជើង​ដែរ​។​
 
​យោងតាម​សេចក្ដីថ្លែងការណ៍​រួម រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានបង្ហាញ​ការព្រួយបារម្ភ​ចំពោះ​ការកើនឡើង​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ដែល​កើតចេញពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ អាស៊ាន​ចាត់ទុក​សកម្មភាព​រប​ស់​កូរ៉េខាងជើង​ជាការ​គំរាម​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​តំបន់ និង​ពិភពលោក​ទាំងមូល​។ ក្នុងន័យនេះ អាស៊ាន​ទទូច​ឲ្យ​កូរ៉េខាងជើង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​
 
​សូមបញ្ជាក់ នេះ​គឺជា​សេចក្ដីថ្លែងការណ៍​រួម​ដោយឡែក​របស់​រដ្ឋមន្ត្រី​ការ​បរ​ទស​អាស៊ាន​ស្ដីពី​ស្ថានការណ៍​នៅ​ឧបទ្វីប ដែល​ខុសពី​លើក​មុនៗ​បញ្ហា​នេះ​តែង​ត្រូវបាន​បញ្ចូល​ក្នុង​សេចក្ដីថ្លែងការណ៍​បញ្ចប់​កិច្ចប្រជុំ​របស់​ប្រធាន​អាស៊ាន​។ ការព្រួយបារម្ភ​របស់​អាស៊ាន​ធ្វើឡើង ខណៈដែល​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong-ho ក៏មាន​វត្តមាន​ក្នុង​រដ្ឋធានី​ម៉ានីល​ដែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​នៅ​ថ្ងៃទី​៧ ខែសីហា រួមជាមួយ​បណ្ដា​ដៃគូ​អាស៊ាន​ច្រើន​ទៀត​។​
 
​ដោយឡែក កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​មិនបាន​ចេញ​សេចក្ដីថ្លែងការណ៍​អ្វី​លើ​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ បើតាម​មន្ត្រី​អ្នកការទូត​ដែល​ចូលរួម​កិច្ចប្រជុំ វៀតណាម​ដែលជា​ភាគី​ជម្លោះ​នៃ​សំណុំ​រឿងនេះ បានទាមទារ​ឲ្យ​មាន​ដាក់បញ្ចូល​ចំណុច​ច្រើន​ដែល​ថ្កោល​សកម្មភាព​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ជាពិសេស​ការកសាង​កោះ​សិប្បនិម្មិត​តែម្ដង​។ ឯ​ហ្វីលីពីន​ដែល​ធ្លាប់មាន​ជំហរ​រឹងរូស​នោះ មិនបាន​ទាមទារ​អ្វី​ទេ ដ្បិត​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​ចិន​កំពុង​ល្អូក​ល្អឺ​ន​ខ្លាំង​។​
 
​គេ​រំពឹងថា អាស៊ាន​អាច​នឹង​បញ្ចូល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នេះ​ទៅក្នុង​សេចក្ដីថ្លែងការណ៍​បញ្ចប់​កិច្ចប្រជុំ​តែម្ដង​។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​រឿង​រសើប​ក្នុង​កិច្ចប្រជុំ​អាស៊ាន ដោយ​រដ្ឋ​មាន​ជម្លោះ​ដូចជា​វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ជាដើម តែង​ចង់​ឲ្យ​អាស៊ាន​បង្ហាញ​ជំហរ​រួម​តទល់​ចិន ប៉ុន្តែ​សមាជិក​អាស៊ាន​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជម្លោះ​នេះ មិន​ចង់​មានរឿង​ជាមួយ​ចិន​ទេ​៕ 
 
 

Tag:
 អាស៊ាន​
  កូរ៉េខាងជើង​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com