ជាតិ
សង្គមជាតិ
កូនខុសត្រូវពិន័យ តែបើសន្យាអ្វីមួយជាមួយកូនត្រូវតែធ្វើតាមការសន្យា
× ការអប់រំកូនមិនមែនជារឿងងាយស្រួលទេ យើងត្រូវមានវិធីសាស្ត្រជាច្រើនដើម្បីទូន្មានប្រៀនប្រដៅកូន។ ខាងក្រោមនេះជាគន្លឹះត្រួសៗក្នុងការអប់រំកូន៖
១. ត្រូវធ្វើអ្វីដែលអ្នកបាននិយាយ ហើយកុំនិយាយអ្វីដែលអ្នកមិនអាចធ្វើបាន
បើអ្នកដាក់ពិន័យកូនឲ្យចម្លងអត្ថបទ ១០០ ចប់ ត្រូវតែឲ្យកូនសរសេរឲ្យបានគ្រប់ចំនួន។ សូមកុំទទួលយកអត្ថបទ ២០ ចប់ឲ្យសោះ។
២. ត្រូវមានគោលជំហររឹងមាំជាងកូន
បើអ្នកនិយាយថា«ទេ» មិនត្រូវផ្លាស់ប្តូរគំនិតឡើយ ទោះជាកូនស្រែកយំយ៉ាងណាក៏ដោយ ព្រោះថាបើអ្នកចុះចាញ់ កូននឹងរឹតតែប្រកាន់យកចរិតរឹងរូសនេះថែមទៀត។
៣. ត្រូវចេះសរសើរ និងលើកទឹកចិត្តចំពោះទង្វើល្អរបស់កូន។
ត្រូវចេះថ្លឹងថ្លែង ក្រៅពីការស្តីបន្ទោស ត្រូវលើកពីចំណុចល្អមកសរសើរកូនផងដែរ។
៤. ផ្តល់ក្តីស្រឡាញ់ដល់កូនឲ្យបានច្រើន
ក្រៅពីការដាក់វិន័យ និងទណ្ឌកម្ម អ្នកគួរតែចំណាយពេលនៅជាមួយកូនផងដែរ។ ត្រូវផ្តល់ការចាប់អារម្មណ៍ចំពោះអ្វីដែលកូនធ្វើ ហើយបង្ហាញឲ្យកូនឃើញថា អ្នកស្រឡាញ់រូបគេ។ នេះជាវិធីល្អបំផុត ដើម្បីឲ្យកូនយល់ និងទទួលយកច្បាប់វិន័យរបស់អ្នក។
៥. ដាក់ពិន័យភ្លាមៗ កុំរង់ចាំយូរ
ការដាក់ពិន័យយូរថ្ងៃក្រោយការប្រព្រឹត្តខុស មិនសូវមានប្រសិទ្ធភាពចំពោះក្មេងឡើយ។
៦. ការសម្រេចចិត្តស្ថិតនៅលើអ្នក
អ្នកត្រូវធ្វើការសម្រេចណាមួយដែលជាជម្រើសដ៏ល្អសម្រាប់កូន បន្ទាប់ពីបានស្តាប់យោបល់កូន។
៧. បង្រៀនឲ្យកូនចេះផ្តល់តម្លៃចំពោះអ្វីៗដែលនៅជុំវិញខ្លួន
ដើម្បីឲ្យកូនជៀសផុតពីភាពអាត្មានិយម ការច្រណែន និងការមើលងាយជាដើម អ្នកគួរតែបង្រៀនគេឲ្យចេះផ្តល់តម្លៃចំពោះការគោរពអ្នកដទៃ ការអត់ធ្មត់ ការអត់ឱន។ល។
៨. កុំទម្រើសកូន តាមរយៈសម្ភារ
សុំកុំឲ្យកូនមានទម្លាប់នឹងការទទួលបានកាដូងាយៗដូចជា សម្លៀកបំពាក់ថ្មី ឬការនាំទៅបរិភោគអាហារខាងក្រៅផ្ទះ ដោយមិនបាច់ធ្វើការដោះដូរអ្វីនោះ។
៩. ផ្តល់អាទិភាពទៅលើការខិតខំប្រឹងប្រែង ជាជាងលើលទ្ធផល
ក្មេងខ្លះអាចខំប្រឹងប្រែងខ្លាំង ប៉ុន្តែនៅតែមិនបានលទ្ធផលល្អ ចំណែកក្មេងខ្លះទៀតមិនបានខំប្រឹងអ្វីសោះ តែបែរជាបានជោគជ័យទៅវិញ។
១០. ជៀសវាងវត្តមានល្បែងអេឡិចត្រូនិចនៅក្នុងបន្ទប់
ល្បែងប្រភេទនេះធ្វើឲ្យកេ្មងឯកោ ហើយក្មេងមិនបានចំណាយពេលទៅការសិក្សា។
១១. កុំធ្វើអ្វីជំនួសកូន ត្រូវបង្រៀនឲ្យគេចេះម្ចាស់ការលើខ្លួនឯង
ត្រូវបង្រៀនកូនឲ្យសកម្ម និងខិតខំប្រឹងប្រែងដើម្បីទទួលបាននូវអ្វីដែលគេចង់បាន។ អ្នកអាចទុកឲ្យកូនជួបរឿងបរាជ័យ រួចចាប់ផ្តើមក្រោកឈរសារជាថ្មីបាន ដើម្បីឲ្យគេរឹងមាំ។
១២. កុំដាក់បញ្ជាហាមឃាត់ដាច់ខាតខ្លាំងពេក
បើអ្នកហាមកូនកុំឲ្យស្រែក ដោយយកហេតុផលថា អ្នកមិនចូលចិត្តសំឡេងរំខាន កូនរឹតតែស្រែកខ្លាំងឡើង។
១៣. ធ្វើកិច្ចសន្យាជាមួយកូន (កូនមានអាយុយ៉ាងតិច ៨ ឆ្នាំ)
ធ្វើបញ្ជីមួយរៀបរាប់ពីអ្វីដែលអ្នកចង់ឲ្យកូនធ្វើ អ្វីដែលអ្នកមិនចូលចិត្ត រួចឲ្យកូនធ្វើបញ្ជីមួយដូចគ្នាដែរ។ បន្ទាប់មក ម្នាក់ៗចាប់ផ្តើមចរចាជាមួយគ្នា ដោយដាក់លក្ខខណ្ឌផ្សេងៗ។ ជួនកាល វត្តមានភាគីទីបីក៏អាចមានប្រយោជន៍ក្នុងការចរចានេះដែរ៕
ប្រែសម្រួល និងដកស្រង់ពីគេហទំព័រ www.dobi.be
© រក្សាសិទ្ធិដោយ thmeythmey.com