ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី គោរព​លោក ម៉ម សូណង់ដូ ដែល​ឈរលើ​ឆន្ទៈ​ផ្ទាល់ខ្លួន​
07, Aug 2017 , 4:24 pm        
រូបភាព
​ភ្នំពេញ​៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសើរ​លោម ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ថា​មិន​ព្រម​លក់​ឧ​ត្ត​ម​គតិ ឲ្យ​អ្នកដទៃ​។ លោក សម រង្ស៊ី សរសើរ​លោក ម៉ម សូ​ណង់ ដូច្នេះ តាមរយៈ​សារ​លើ​បណ្តាញ​សង្គម Twitter ពី​ក្រៅប្រទេស​។

 


​ការសរសើ​របស់លោក សម រង្ស៊ី គឺធ្វើឡើង​ក្រោយ​លោក ម៉ម សូណង់ដូ ប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ Twitter យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​គោរព លោក ម៉ម សូណង់ដូ ដែល​ស្ថិត​ក្នុងចំណោម​អ្នកនយោបាយ​កម្ពុជា​ដ៏​តិចតួច ដែល​ឈរលើ​ឆន្ទៈ​ផ្ទាល់ខ្លួន និង​មិន​លក់ខ្លួន  […..]»​។​

​លោក ម៉ម សូណង់ដូ បានប្រកាស​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២0១៧​។ ការទទួលបាន​លទ្ធផល​មិនល្អ ពី​ការបោះឆ្នោត គឺជា​ហេតុផល ដែល​លោក ម៉ម សូណង់ដូ សម្រេចចិត្ត​បោះបង់​តំណែង​ជា​ប្រធាន​គណបក្ស​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ក្រោយ​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស លោក ម៉ម សូណង់ដូ បាន​និយាយ​យ៉ាង​ដូច្នេះ​៖«​បើ​ប្រជាពលរដ្ឋ មិន​គាំទ្រ តើ​ឲ្យ​ខ្ញុំ​នៅ​ធ្វើ​អ្វី​ទៀត​?»​។​

​លោក ម៉ម សូណង់ដូ ដែលជា​ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ បាន​ចេញមុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ពេញទំហឹង កាលពី​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នា​អាណត្តិ​ទី​៥ ក្នុង​ឆ្នាំ​២0១៣​។ ព្រោះតែ​អស់ជំនឿ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ម សូ​ណង់ ក៏បាន​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយ​ខ្លួនឯង ក្នុងអំឡុង​ឆ្នាំ​២0១៥ ដើម្បី​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​។​

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ក៏បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នា​អាណ​តិ្ត​ទី​៤ ក្នុង​ឆ្នាំ​២0១៧​នេះ ដែរ​។ ជា​លទ្ធផល បេក្ខជន​តែ​ម្នាក់​គត់ ពី​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ជាប់​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់លោក ម៉ម សូណង់ដូ ធ្លាប់មាន​ឈ្មោះ​ម្តង​រួចទៅហើយ ហើយក៏​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែរ កាលពី​ឆ្នាំ​១៩៩៨​។ ប៉ុន្តែ ដោយសារ​មិនបាន​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា គណបក្ស​នេះ ក៏ត្រូវ​បាន​រំសាយ​ចោល ចាប់តាំងពី​ពេលនោះ​មក​។ រហូតដល់​ឆ្នាំ​២0១៥ លោក ម៉ម សូណង់ដូ ក៏បាន​បង្កើត​និង​រៀបចំ​រចនាសម្ព័ន្ធ​នៃ​គណបក្ស​នេះ ឡើងវិញ​៕


Tag:
 សម រង្ស៊ី​
  ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com