រថយន្ត
រថយន្តស្វយ័តធ្វើដំណើរពីអាមេរិកដល់កាណាដា ដោយគ្មានអ្នកបើក
× រថយន្តស្វយ័ត២គ្រឿង បានធ្វើដំណើរឆ្លងកាត់ព្រំដែនរវាងសហរដ្ឋអាមេរិក និងកាណាដា ជាលើកដំបូង ដោយគ្មានអ្នកបើកបរ លើចម្ងាយផ្លូវ៥០០គីឡូម៉ែត្រ។ នេះបើតាមការផ្សាយសារព័ត៌មានយានយន្ត Auto Plus។
ក្រុមហ៊ុនផលិតគ្រឿងយានយន្តអាមេរិក Continental និង Magna International កាលពីចុងខែកក្កដា កន្លងមក បានជោគជ័យលើការដាក់ដំណើរការសាកល្បងរថយន្តស្វយ័តក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដោយមិនចាំបាច់មានអ្នកបើកបរ។ រថយន្តពីរគ្រឿង បានធ្វើដំណើរទៅវិញទៅមកលើចម្ងាយផ្លូវ៥០០គីឡូម៉ែត្រ រវាងរដ្ឋ Michigan របស់អាមេរិក និងរដ្ឋ Ontario របស់កាណាដា។
ការដាក់សាកល្បងរថយន្តដោយគ្មានអ្នកបើក ក្នុងដំណើរឆ្លងកាត់ព្រំដែននេះ ក្នុងគោលបំណងសិក្សាពីឧបសគ្គ និងបរិស្ថាននានាដើម្បីកែលម្អគម្រោងរថយន្តស្វយ័ត។ រថយន្ត ពីរ គ្រឿង ដែលត្រូវបានដាក់ដំណើរការជាលើកដំបូងនោះ មានរថយន្ត Chrysler 300C និង Cadillac ATS។
ជាមួយនឹងបច្ចេកវិទ្យា «Cruising Chauffeur» ក្រុមហ៊ុន Continental International បានបំពាក់នូវប្រព័ន្ធរ៉ាដា ដើម្បីគ្រប់លើដំណើរការយានយន្ត ជាពិសេស អាចដឹងពីឧបសគ្គផ្សេងៗ ដោយរថយន្តត្រូវឈប់ ឬត្រូវជៀសវាងនៅពេលធ្វើដំណើរ។
ការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋ Michigan និង Ontario នេះ ក្នុងគោលបំណងស្វែងយល់បន្ថែមពីច្បាប់បើកបរនៃប្រទេសនីមួយៗ ហើយរថយន្តស្វយ័តនីមួយៗ ត្រូវសម្របតាមទីតាំងដែលខ្លួនទៅដល់ មិនថា លើស្ពាន ផ្លូវក្រោមដី ឬលើទឹកនោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ គម្រោងរថយន្តស្វយ័តអាចដំណើរការទៅបានអាស្រ័យលើឆន្ទះរបស់រដ្ឋាភិបាល ឬរដ្ឋនីមួយៗប៉ុណ្ណោះ។ ប្រសិនបើមិនមានការអនុញ្ញាតពីអាជ្ញាធរដែនដីទេនោះ គេមិនអាចគ្រប់គ្រងលើដំណើរការរថយន្តស្វយ័តបាននោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com