បទយកការណ៍ / បទសម្ភាសន៍
កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖«​គេ​យល់ថា​ការប្រើ​គ្រឿង​ស្រវឹង ជា​រឿង​សាមញ្ញ ប៉ុន្តែ​សម្រាប់​ខ្ញុំ វា​ជា​សោដនា​កម្ម​មួយ​»
08, Aug 2017 , 8:39 am        
រូបភាព
ដោយ:
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន  ជា​មន្ត្រី​គម្រោង Youth Lead Project  នៃ​សមាគមយុវជន​ខ្មែរ​។ នាង បានចាប់ផ្តើម​ស្ម័គ្រចិត្ត ផ្នែក​អប់រំ​បង្ការ​គ្រឿង​ស្រវឹង​នៅ​សមាគមយុវជន​ខ្មែរ នៅ​ឆ្នាំ​២០០៦ មុននឹង​ក្លាយជា​បុគ្គលិក​នៅ​សមាគម​ដដែល ក្នុង​ឆ្នាំ​២០១០ ។ មន្ត្រី​គម្រោង​រូបនេះ ចាប់​អារ​ម្មរណ៍​ផ្នែក​អប់រំ បង្ការ​គ្រឿង​ស្រវឹង​ដោយសារ​ឃើញ​ពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​កើតចេញពី​គ្រឿង​ស្រវឹង​នៅក្នុង​សង្គម​។  សម្រាប់ មុន្នី​រ័ត្ន យល់ថា  គ្រឿង​ស្រវឹង វា​គឺជា​គ្រោះ​ថា្នក់​មួយ​ដ៏​សាហាវ និង​ជា​ជា​សោដនា​កម្ម​មួយ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ ហើយ​មុន្នី​រ័ត្ន រំពឹងថា ប្រទេស​កម្ពុជា​យើង នឹងមាន​គោលនយោបាយ​គ្រឿង​ស្រវឹង​ក្នុងពេល​ឆាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ និង​បញ្ហា​សង្គម​ផ្សេងៗ ដែល​បង្កដោយ​គ្រឿង​ស្រវឹង​។



​សូម​អញ្ជើញ​អាន​បទ​សម្ភាស រវាង​លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​កញ្ញា​ប្រាក់ មុន្នី​រ័ត្ន ដូចតទៅ​៖

​លោក ទីន សុខ​លីម​៖  កញ្ញា​បានចាប់ផ្តើម​ស្ម័គ្រចិត្ត ផ្នែក​អប់រំ​បង្ការ​គ្រឿង​ស្រវឹង​តាំងពី​ឆ្នាំ​២០០៦ ម្ល៉េះ នៅ​សមាគមយុវជន​ខ្មែរ តាមរយៈ​ក្រុមយុវជន​ស្ម័គ្រចិត្ត​របស់​សមាគម​នេះ រហូត​បាន​ក្លាយជា​បុគ្គលិក​នៅ​ឆ្នាំ​២០១០​។ បើ​គិត​មកដល់ពេលនេះ​មាន​រយៈពេល​១០​ឆ្នាំ​ហើយ មូលហេតុ​អ្វី​បានជា​កញ្ញា​ធ្វើការ​លើ​បញ្ហា​គ្រឿង​ស្រវឹង​? 
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖ មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ចាប់​អារ​ម្មរណ៍​បញ្ហា​នេះ ដោយសារ​នាង​ខ្ញុំ​មើលឃើញ​ពី​គ្រោះថ្នាក់ ដែល​កើតចេញពី​គ្រឿង​ស្រវឹង​នៅក្នុង​សង្គម​គឺមាន​ច្រើន​។ បើ​យោងតាម​របាយការណ៍មួយចំនួន គ្រឿង​ស្រវឹង​ជា​មូលហេតុ​ទី​២ ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថា្នក់​ចរាចរណ៍​។ អីចឹង​ហើយ​គ្រឿង​ស្រវឹង វា​គឺជា​គ្រោះ​ថា្នក់​មួយ​ដ៏​សាហាវ ដែល​មនុស្ស​មួយចំនួន មិនបាន​ចាប់អារម្មណ៍​។ ពួកគាត់​យល់ថា វា​ជា​រឿង​សាមញ្ញ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វា​ជា​សោដនា​កម្ម​មួយ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​។ យើង​ឃើញជាក់ស្តែង នៅពេល​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង វា​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បណ្តាល​ឲ្យ​ទៅជា​ពិការភាព ឬ​រហូតដល់​ស្លាប់ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ក្លាយជា​ស្ត្រី​មេម៉ាយ និង​កុមារ​ក្លាយជា​ក្មេង​កំព្រា​ជាដើម​។ ចំណែក​គ្រួសារ​ខ្លះទៀត មិនបាន​ផឹក​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​ពួកគេ​បាន​ក្លាយជា​ជនរងគ្រោះ​ពី​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង ហើយ​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ទៀត​នោះ យុវជន​សព្វថ្ងៃ កំពុងតែ​វីវក់​ខ្លាំង​នឹង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ បើទោះបី​ពួកគេ​បានដឹងហើយថា ការប្រើប្រាស់​គ្រឿង​ស្រវឹង មាន​ផល​អវិជ្ជមាន​ច្រើន ប៉ុន្តែ​ពួកគេ​នៅតែ​ផឹក ដោយសារតែ​ប្រទេស​យើង​មិនទាន់មាន​គោលនយោបាយ គ្រឿង​ស្រវឹង និង​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​។ វា​ផ្ទុយ​ពី​ការពិត​ច្រើន ដែល​ធ្វើ​ឲ្យ​ពួកគេ​មានការ ភាន់ច្រឡំ ជាពិសេស​ការផ្តល់​រង្វាន់ ទាំងនេះ​គឺជា​បញ្ហា​ដែល​យើងទាំងអស់គ្នា​គួរតែ​ចូលរួម ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​បញ្ហា​គ្រឿង​ស្រវឹង និង​ជំរុញ​ឲ្យ​មាន​គោលនយោបាយ​គ្រឿង​ស្រវឹង​។ 



​លោក ទីន សុខ​លីម​៖  ពលរដ្ឋ និង​យុវជន​ភាគច្រើន​មានការ​យល់ដឹង​ពី​ផលប៉ះពាល់​គ្រឿង​ស្រវឹង មូលហេតុ​អ្វី​បានជា​ពួកគេ​នូវតែ​បន្ត​ប្រើប្រាស់​គ្រឿង​ស្រវឹង ដោយ​គ្មាន​ការទទួលខុសត្រូវ​?
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖  ដោយសារ​ច្បាប់​របស់​ប្រទេស​យើង​មិនទាន់​ហាមប្រាម និង​រឹតបន្តឹង​នៅឡើយ​។ ជាក់ស្តែង​យើង​ឃើញថា ក្មេង​អាយុ​ក្រោម​១៨​ឆ្នាំ​ក៏​អាច​ទិញ​ស្រា​បាន និង​ចំណែក​អាជីវករ អាច​លក់​ឲ្យ​មនុស្ស​គ្រប់​វ័យ និង​ក្មេង​ក្រោម​អាយុ​១៨​ឆ្នាំ​ផងដែរ​។  រីឯ​ការប្រើប្រាស់​វិញ​មាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ មួយវិញទៀត​ទាក់ទង​នឹង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ ពិសេស​យុវជន ពួកគេ​យល់ថា គ្មានអ្វី​សប្បាយ​ក្រៅពី​គ្រឿង​ស្រវឹង​ទេ​។ ផ្នត់គំនិត​នេះហើយ ដែល​ជំរុញ​ឲ្យ​ពួកគេ​បន្ត​ប្រើប្រាស់​គ្រឿង​ស្រវឹង​។ ចំណុច​មួយទៀត​បណ្តាញ​សង្គម អង្គការ​សង្គម​ស៊ីវិល​មួយចំនួន មិនបាន​ចាប់ដៃគ្នា​ឲ្យ​ក្តៅគគុក​នៅឡើយ​។ បើ​ក្រ     ឡេ​ក​មើល​ទូរទស្សន៍ ឬ​វិទ្យុ​វិញ ការអប់រំ​អំពី​ផលប៉ះពាល់​ពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង មាន​តិច​ណាស់​។ ផ្ទុយទៅវិញ មានតែ​យក​តារា​ល្បីៗ​មក​ផ្សព្វផ្សាយ​ឲ្យ​ស្រា​បៀ ដែល​នេះ​កំពុងផ្តល់​គំរូ​មិនល្អ​ដល់​យុវវ័យ​។ ម្យ៉ាងទៀត​ក្រុមហ៊ុន​គ្រឿង​ស្រវឹង បាន​ឧបត្ថម្ភ​ដល់​កម្មវិធី​ផ្សេងៗ ដូចជា​ការប្រគំ​តន្ត្រី ការប្រកួត​ប្រដាល់ និង​បាល់ទាត់​ជាដើម ដែល​ធ្វើ​ឲ្យ​ប្រាសចាក​នូវ​ពាក្យ​ដែលថា «​កីឡា នាំ​មក​នូវ​សុខភាព​»​។ 

​លោក ទីន សុខ​លីម​៖  កញ្ញា​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ធ្វើការ​លើ​បញ្ហា​គ្រឿង​ស្រវឹង តើ​គួរ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​របៀប​ណា​?  
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖  ការដោះស្រាយ​នេះ មិនមែនជា​រឿង​ងាយស្រួល​ទេ​។ ប្រទេស​យើង​មិនទាន់មាន​គោលនយោបាយ​គ្រឿង​ស្រវឹង ហើយ​ការផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ទៀតសោត វា​ខុសពី​ការពិត​ច្រើន និង​ទាក់ទាញ ជាពិសេស​ការផ្តល់​រង្វាន់​ផ្សេងៗ​។ ដំណោះស្រាយ គឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ទាំងអស់ កត្តា​ដ៏​សំខាន់បំផុត គឺ​ត្រូវមាន​គោលនយោបាយ​គ្រឿង​ស្រវឹង ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​។  មា​នន​ន័យ​ថា បើសិន​យើង​សួរ តើ​គ្រឿង​ស្រវឹង​មាន​ផលប៉ះពាល់​អ្វីខ្លះ​? សូម្បីតែ​ក្មេង ក៏​ពួកគេ​ដឹង​ដែរ​ថា​ប៉ះពាល់​សុខភាព អំពើហិង្សា​ក្នុង​គ្រួសារ គ្រោះថ្នាក់​ចរាចរណ៍ និង​បញ្ហា​ផ្សេងទៀត ប៉ុន្តែ​សួរ​ទៀតថា​តើ​ពួកគេ​កាត់បន្ថយ ឬ​ឈប់​ប្រើ ឬ​យ៉ាងណា​? ចម្លើយ​គឺ​អត់​។ ដោយសារ​ផ្នត់គំនិត​របស់​ពួកគាត់ គ្មាន​គ្រឿង​ស្រវឹង គឺ​មិន​សប្បាយ​។ ដូច្នេះ​យើង​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ​ឲ្យ​គិតថា ទោះបីជា​គ្មាន​គ្រឿង​ស្រវឹង ក៏​អាច​រីករាយ​ជាមួយ​គ្រួសារ មិត្តភក្តិ​បានដែរ​។



​លោក ទីន សុខ​លីម​៖  គម្រោង Youth Lead Project កន្លងមក​បានធ្វើ​សកម្មភាព​អ្វីខ្លះ ដើម្បី​ផ្លាស់ប្តូរ​ផ្នត់គំនិត​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​សប្បាយ​ដោយ​គ្មាន​គ្រឿង​ស្រវឹង​?
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖ កន្លងមក​សមាគមយុវជន​ខ្មែរ បាន​បង្កើត​ក្រុមយុវជន​ជាច្រើន ក្រោយពី​ពួកគេ​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអប់រំ​បង្ការ និង​ផលប៉ះពាល់​គ្រឿង​ស្រវឹង​ពី​សមាគម​រួច​។ ពួកគេ​បាន​តាំងចិត្ត កាត់បន្ថយ និង​ឈប់​ផឹក​គ្រឿង​ស្រវឹង ពិសេស​ពួកគេ​បាន​ដើរតួនាទី​ជា​ភ្នាក់ងារ​ដ៏​មាន​សក្តានុពល​មួយ​ក្នុងការ​ផ្សព្វផ្សាយ​អប់រំ គ្រឿង​ស្រវឹង​នៅក្នុង​សហគមន៍ និង​ធ្វើជា​គំរូ ដល់​មិត្តភក្តិ យុវជន និង​កុមារ​។  នាឱកាស​កម្មវិធី​បុណ្យជាតិ និង​អន្តរជាតិ យើង​ក៏​តែងតែ​បង្កើត​សារ​អប់រំ ទៅដល់​យុវជន​ទាក់ទង​នឹង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នេះដែរ​។  សមាគម​ក៏បាន​ចូលរួម​ជាមួយ​អង្គការ​ដៃគូ ដើម្បី​សុំ​ការគាំទ្រ​ពី​អាជ្ញាធរ និង​រដ្ឋាភិបាល ក្នុងការ​បង្កើត​ច្បាប់​សេចក្តីណែនាំ​ពី​ការគ្រប់គ្រង​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ ក្នុង​ការងារ​នេះ​យើង​បាន​ព្យាយាម​តស៊ូ​មតិ ក្នុងការ​ជំរុញ​ឲ្យ​មាន​គោលនយោបាយ​គ្រឿង​ស្រវឹង ក្នុងប្រទេស​កម្ពុជា​។ សកម្មភាព​ចម្បង​ផ្សេងៗ​ទៀត គឺ​យើង​បានធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ ដោយ​ផ្តោត​សំខាន់​លើ​ស្ត្រី​វ័យក្មេង និង​មាតា ដើម្បី​ឲ្យ​ពួកគាត់​អប់រំ​បន្ត ទៅដល់​កូនៗ និង​យុវជន​។  យើង​ក៏បាន​ចូលរួម​ជាមួយ​ក្រុមយុវជន ពី​ប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​ផ្សេងៗ​ទៀត ដើម្បី​បង្ហាញ​រូបភាព​រួមមួយ ដែល​យើង​ជា​ក្រុមយុវជន ដែល​មិន​ចង់​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬ​យុវជន​រងគ្រោះ​ដោយសារ​គ្រឿង​ស្រវឹង​។

​លោក ទីន សុខ​លីម​៖  កញ្ញា​ធ្លាប់បាន​ធ្វើទៅ​ជជែក​ពី​បញ្ហា​គ្រឿង​ស្រវឹង នៅ​ប្រទេស​ផ្សេងៗ កញ្ញា​មើលឃើញថា​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ស្រុក​គេ និង​កម្ពុជា​ខុសគ្នា​យ៉ាងណាដែរ​?
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖ ត្រង់ចំណុច​នេះ​ខ្ញុំ​អាច​លើក​ឧទាហរណ៍ ប្រទេស​ថៃ គាត់​មាន​គោលនយោបាយ​គ្រឿង​ស្រវឹង​ហើយ តាមរយៈ​ការចែករំលែក​ពី​មិត្តភក្តិ​របស់ខ្ញុំ ដែលជា​ជនជាតិ​ថៃ​។ ពួកយើង​បាន​ចែករំលែក​នូវ​ព័ត៌មាន និង​បញ្ហា ក៏ដូចជា​ការអនុវត្ត​មួយចំនួន​។ បើ​ប្រៀបធៀប​នឹង​ប្រទេស​យើង មាន​បញ្ហា​ច្រើន​នៅឡើយ​។ មួយវិញទៀត នៅ​ប្រទេស​ថៃ គេ​មានច្បាប់​ហាម​តារា​របស់គេ មិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​។ ជាក់ស្តែង​មាន​តារា​ថៃ​ម្នាក់​បាន​បង្ហោះ​រូប​ផឹក​គ្រឿង​ស្រវឹង​ក្នុង instagram របស់ខ្លួន បាន​ប្រឈមមុខ​នឹង​ច្បាប់​ក្នុងប្រទេស​ថៃ​។ ប៉ុន្តែ​បើ​មើល​កម្ពុជា​យើង​វិញ ស្ទើរតែ​គ្រប់​តារា បាន​ក្លាយជា​អ្នកតំណាង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​គ្រឿង​ស្រវឹង នេះ​គឺជា​បញ្ហា​ដែល​យើង​ត្រូវតែ​ចូលរួម​គិត​ទាំងអស់គ្នា​។​

​លោក ទីន សុខ​លីម​៖  ក្នុង​ដំណើរ​ការធ្វើសកម្មភាព តើ​កញ្ញា​បាន​ជួប​ឧបសគ្គ​អ្វីខ្លះ ?
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖  ដំបូង​គេ​គឺ​ខ្វះ​ការគាំទ្រ និង​ការសហការ​ពី​អាជ្ញាធរ​។ មិនមែន​អាជ្ញាធរ​ទាំងអស់​មិនបាន​សហការ​នោះទេ ប៉ុន្តែ​នៅមាន​មួយចំនួន​គាត់​មិនទាន់​យល់ និង​គាំទ្រ​សកម្មភាព​ក្រុមយុវជន​នៅឡើយ​។ ដោយឡែក​ក្រុមយុវជន គាត់​ត្រូវការ​ដុសខាត់​បទពិសោធន៍ និង​អត់ធ្មត់ ព្រោះ​ពេលខ្លះ​គាត់​ទៅ​ជួប​ជាមួយ​អាជ្ញាធរ ហើយ​ទទួលរង​សម្តី​មិន​សមរម្យ និង​ថែមទាំង​បង្អាក់​ទឹកចិត្ត​របស់គាត់ ដែល​ធ្វើ​ឲ្យ​យុវជន​រួញរា​។ មួយទៀត អ្នក​អប់រំ​គ្រឿង​ស្រវឹង​មាន​តិច ប៉ុន្តែ​អ្នកប្រើប្រាស់​មាន​ច្រើន ហើយ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ពួកគាត់ ក៏​ជា​ឧបសគ្គ​មួយទៀត​ដែរ​។​

​លោក ទីន សុខ​លីម​៖  តើ​អ្វី​ជា​កម្លាំង​ដែល​ជំរុញ​ចិត្ត​ឲ្យ​កញ្ញា​នៅតែ​បន្តធ្វើ​ការងារ​នេះ ?
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖  ពីព្រោះ​នាង​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​សោដនា​កម្ម សម្រាប់​ធនធានមនុស្ស​ខ្មែរ​យើង ហើយក៏​មិន​ចង់​ឲ្យ​ឃើញ ស្ត្រី និង​កុមារ ក្លាយជា​ជនរងគ្រោះ​នៃ​បញ្ហា​នេះ​។ នាង​ខ្ញុំ​តែ​តែ​លើកទឹកចិត្ត​ខ្លួនឯង ថា​ត្រូវ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ហើយ​តែងតែ​សង្ឃឹមថា គង់តែ​មាន​ថ្ងៃ​ណាមួយ នឹង​ផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​។  ក្រុមយុវជន​ក៏​ជា​កម្លាំងចិត្ត​ដ៏​សំខាន់ ដែល​ជំរុញ​ឲ្យ​ខ្ញុំ​នៅ​បន្តសកម្មភាព​នេះ​។ យុវជន ចាំបាច់​ត្រូវ​ទទួល​បានការ​សាបព្រោះ​ចំណេះ​ដែល​ល្អ បើ​យើង​រវល់​តែ​រារែក គ្រឿង​ស្រវឹង នឹង​បំពុល​យុវជន​។​



​លោក ទីន សុខ​លីម​៖  ក្រោយពី​ធ្វើ​សកម្មភាព​កន្លងមក តើ​គម្រោង Youth lead Project ទទួលបាន​លទ្ធផល​អ្វីខ្លះ​?
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖  សម្រាប់​លទ្ធផល​ការធ្វើ​គម្រោង​កន្លងមក​យើង​ឃើញថា បណ្តាញ​ក្រុមយុវជន​នៃ​សមាគមយុវជន​ខ្មែរ​បាន​កាត់បន្ថយ និង​អ្នក​មួយចំនួនទៀត​ឈប់​ប្រើ​តែម្តង​។ ក្រោយពី​គាត់​ឈប់​ប្រើ​ហើយ ពួកគេ​បាន​ក្លាយជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការណែនាំ​មិត្តភក្តិ​បន្ត ដើម្បី​ឲ្យ​មិត្ត​ពួកគេ​ឈប់​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដូចគ្នា​។ មួយវិញទៀត​យើង​បាន​ជំរុញ ឲ្យ​មាន​សេចក្តីណែនាំ ថ្នាក់ឃុំ សង្កាត់​។ បច្ចុប្បន្ននេះ​យើង​កំពុងតែ​គ្រោង​ធ្វើ​កម្មវិធី​អប់រំ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​។ 

លោក ទីន សុខ​លីម​៖  ក្រោយពី​បាន​ខិតខំ​ប្រឹងប្រែង ធ្វើការ​រយៈពេល​១០​ឆ្នាំ លើ​បញ្ហា​គ្រឿង​ស្រវឹង តើ​កញ្ញា​រំពឹង​ចង់បាន​អ្វី​ទៅ​ថ្ងៃ​អនាគត​?
​កញ្ញា ប្រាក់ មុន្នី​រ័ត្ន​៖ អ្វីដែល​ជាការ​រំពឹងទុក​របស់​នាង​ខ្ញុំ គឺ​ប្រទេស​កម្ពុជា​យើង នឹងមាន​គោលនយោបាយ​គ្រឿង​ស្រវឹង និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នេះ ព្រោះ​ថាបើ​យើង​មានតែ​ច្បាប់ តែ​មិន​អនុវត្តន៍​ឲ្យ​តឹងរឹង​ទេ គ្រឿង​ស្រវឹង នៅតែ​ជា​បញ្ហា​ដដែល​។ មួយវិញទៀត​យុវជន​ផ្សេងទៀត នឹង​ចាប់ផ្តើម​យកចិត្តទុកដាក់​ពី​បញ្ហា​នេះ និង​ជំរុញ​ឲ្យ​មាន​គោលដៅ​នយោបាយ​គ្រឿង​ស្រវឹង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com