ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជម្លោះ​រវាង​អគ្គនាយករង​ពន្ធដារ និង​ក្រុម​មេធាវី ត្រូវបាន​ស្នើឲ្យយោគយល់​គ្នា​កម្រិត​ខ្ពស់បំផុត​
07, Aug 2017 , 9:16 pm        
រូបភាព
លោក វ៉ាន់ ពុទ្ធិពល (ឆ្វេង) និងលោក លី ច័ន្ទតុលា។ រូបថត ហ្វេសប៊ុក​របស់លោកទាំងពីរ
លោក វ៉ាន់ ពុទ្ធិពល (ឆ្វេង) និងលោក លី ច័ន្ទតុលា។ រូបថត ហ្វេសប៊ុក​របស់លោកទាំងពីរ
​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយករង​ពន្ធដារ និង​នាំ​ឲ្យ​មានការ​សម្បា​ពី​ក្រុម​មេធាវី​ប្រហែលជា​មិនមាន​ភាគ​បន្ត​នោះឡើយ​។ លោក គង់ វិបុល ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធដារ និង​លោក សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដោយ​អ្នកនាំពាក្យ និង​សមាជិក​ក្រុមប្រឹក្សា​មេធាវី បាន​ជួប​ពិភាក្សាគ្នា កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃ​ចន្ទ ទី​៧ ខែសីហា ដើម្បី​បញ្ចប់​ជម្លោះ ដែល​ចេញពី​ការប្រើ​ពាក្យ​ថា «​គោ​» របស់លោក វ៉ាន់ ពុទ្ធិ​ពល​។​



​ជម្លោះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​៣ ខែសីហា ដោយ​លោក វ៉ាន់ ពុទ្ធិ​ពល អគ្គនាយករង​ពន្ធដារ បានធ្វើ​បទ​បង្ហាញ​ស្តីពី «​កាតព្វកិច្ច​បង់ពន្ធ​» របស់​សមាជិក​គណៈមេធាវី​។ ក្នុង​បទ​បង្ហាញ​ដែលមាន​ការចូល​ពី​មេធាវី​ជាង​២០០​នាក់ លោក វ៉ាន់ ពុទ្ធិ​ពល និង​ក្រុម​មេធាវី បាន​ជជែក និង​ឆ្លើយឆ្លង​គ្នា​យ៉ាង​តឹងសរសៃក ។​

​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ក្រោយពី​លោក វ៉ាន់ ពុទ្ធិ​ពល បាន​សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ក្នុង​ខ្លឹមសារ​ថា​៖«​ថ្ងៃនេះ​ថ្នាក់លើ​បាន​ប្រើ​ឲ្យ​ទៅ​ប្រមូល​គោ​បញ្ចូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់មត់​។ គោ​មួយចំនួនធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ វៀរលែងតែ​អា​ពាល អា​ត្នោត និង​អា​ទែ​ក វា​ធ្លាប់តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ខាងក្រៅ ដើរ​ជាន់​ដំណាំ ស៊ី​ដំណាំ​អ្នកស្រុក កៀរ​មិន​ព្រម​ចូល​ក្រោល​។ មិន​ត្រឹមតែ​កៀច វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត​។ សុំ​សួរ​ប្រិយមិត្ត តើ​អា ៣ ក្បាល​ហ្នឹង សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង ហើ​សំពង​នឹង​ទំ​ពក់​រនាស់​ឲ្យ​បាក់​លោង​ទេ​»?

​សំណេរ​ក្តៅៗ ក្រោយ​ការធ្វើ​បទ​បង្ហាញ បានធ្វើ​នាំឲ្យ​​លោក​មេធាវី លី ច័ន្ទ​តុលា សួរ​សំណួរ​ភ្លាមៗ​ទៅកាន់ លោក វ៉ាន់ ពុទ្ធិ​ពល តាមរយៈ Inbox ដើម្បី​ឲ្យ​ដឹងថា សំណេរ​សំដៅលើ​មេធាវី​យ៉ាងណា​។ ក្រោយ ទទួល (Accept) លោក ច័ន្ទ​តុលា ជា​មិត្ត (Friend) ក្នុង​ហ្វេ​ស​ប៊ុ​ក លោក ពុទ្ធិ​ពល ឆ្លើយតប​វិញ​ថា លោក​មិនបាន​សរសេរ​ពាក្យ «​មេធាវី​» ឡើយ ដោយ​នេះ​គ្រាន់តែ​ជា​ទស្សនៈ​របស់ខ្លួន​ក្នុង​បរិ​ការ​កំណែទម្រង់រដ្ឋបាល​សារពើពន្ធ​ប៉ុណ្ណោះ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​មេធាវី​ជាង​៦០​នាក់ មិន​នៅ​ស្ងៀម​ឡើយ ហើយ​បានចាត់ទុក​សំណេរ​លោក ពុទ្ធិ​ពល ថា ជាការ​ប្រមាថ​ជា​សាធារណៈ និង បានដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៤​ខែសីហា​កន្លងមក​។ នៅក្នុង​ពាក្យបណ្តឹង​ដែលមាន​លោក​មេធាវី​លោក លី ច័ន្ទ​តុលា ជា​តំណាង បានទាមទារ​ជំងឺ​ចិត្ត​ម្នាក់ៗ ៤០ លាន​រៀល​ពី​លោក វ៉ាន់ ពុទ្ធិ​ពល ហើយ​មេធាវី​ប្តឹង​មាន​ចំនួន​ជាង​៦០​នាក់​។
 
​ទាក់ទង​ទៅនឹង​ជម្លោះ​នេះ លោក សួន វិសាល ប្រធាន​គណៈមេធាវី បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​កាលពីថ្ងៃអាទិត្យ​ថា លោក​នឹង​តាមដាន​ជម្លោះ​នេះ​ដោយ​យកចិត្តទុកដាក់​។ លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា ជម្លោះ​នេះ គឺជា​ជម្លោះ​រវាង​បុគ្គល​មេធាវី និង​បុគ្គល​មន្ត្រី​ពន្ធដារ ពោល គឺ​មិនមែនជា​ជម្លោះ​រវាង​គណៈមេធាវី និង​មន្ត្រី​ពន្ធដារ​ទេ​។ តែ​គណៈមេធាវី​ត្រូវតែ​តាមដាន និង​យកចិត្តទុកដាក់​ចំពោះ​រឿងនេះ​ទៅតាម​និតិ​វិធី​ផ្លូវច្បាប់​។
 
​ជំនួប​ដែល​ដឹកនាំ​ដោយ​លោក គង់ វិបុល និង សួន វិសាល បាន​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​២​គឺ កាតព្វកិច្ច​បង់ពន្ធ​ចំពោះ​មេធាវី និង​សំណេរ​ហ្វេ​ស​ប៊ុ​ក​របស់លោក វ៉ាន់ ពុទ្ធិ​ពល​។​

​ចំពោះ​កាតព្វកិច្ច​បង់ពន្ធ លោក គង់ វិបុល យល់ព្រម​ចំពោះ​ការពន្យា​ការចេញលិខិត​អញ្ជើញ​ស្ថាប័ន​មេធាវី​ទៅ​ចុះបញ្ជី​ពន្ធ ដោយយោង​តាម​ផលវិបាក​មួយចំនួន​។ រីឯ​សំណេរ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក វ៉ាន់ ពុទ្ធិ​ពល ត្រូវបាន​ចាត់ទុកថា ជា​រឿង​បុគ្គល​។​

«​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងពីរ​ស្នើសុំ​ឲ្យ​ភាគី​ទាំងពីរ​បញ្ចប់​វិវាទ​ដោយ​សន្តិវិធី និង​យោគយល់​ក្នុង​កម្រិត​ខ្ពស់បំផុត​»​។ នេះ​បើតាម​សំណេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ ។​

​រឿងនេះ ក៏​មិនអាច​បន្ត​វែងឆ្ងាយ​ទៀត​នោះដែរ បើទោះបីជា​លោក វ៉ាន់ ពុទ្ធិ​ពល នៅតែ​ការពារ​ថា សំណេរ​របស់ខ្លួន​មិនមែន​ក្នុងន័យ​ដៀមដាម​ស្ថាប័ន​មេធាវី​ក៏ដោយ ប៉ុន្តែ​លោក​ក៏បាន​សុំ​ការ​អភ័យ​ទោសពី​អ្នក​ប្រកប​វិជ្ជាជីវៈ​មេធាវី​ទាំងអស់ ប្រសិន​ប៉ះពាល់​ដោយ​ករណី​ណាមួយ​។​

​លោក វ៉ាន់ ពុទ្ធិ​ពល បាន​លុបសំណេរ​របស់ខ្លួន​ចេញពី​ហ្វេ​ស​ប៊ុ​ក រីឯ​លោក លី ច័ន្ទ​តុលា ក៏មិនមាន​ការសរសេរ​អ្វី​ថ្មី​បន្ថែម​នោះឡើយ​។ ជម្លោះ​បាន​នាំ​ឲ្យ​លោក ពុទ្ធិ​ពល និង​លោក ច័ន្ទ​តុលា ក្លាយជា​មិត្ត​នៅលើ​ហ្វេ​ស​ប៊ុ​ក ដូច្នេះ​ក្រោយ​ការសម្របសម្រួល គេ​រំពឹងថា អ្នក​ទាំងពីរ​ប្រហែល​ជាមិន Unfriend គ្នា​វិញ​នោះឡើយ​៕




Tag:
 ពន្ធដារ
  មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com