ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សួង សុ​ភ័​ណ្ឌ ចេញពី​CNRP ទៅធ្វើជា​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ​
08, Aug 2017 , 10:50 am        
រូបភាព
​ភ្នំពេញ​៖ អតីត​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ប៉ៃលិន លោក សួង សុភ​ណ្ឌ  បានសម្រេច​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ ដែល​ដឹកនាំ​លោក សួន សេរី​រដ្ឋា​។ លោក សួង សុ​ភ័​ណ្ឌ កាន់តំណែង​ជា​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ​។​



​លោក សួង សុ​ភ័​ណ្ឌ ដែល​ធ្លាប់​ប្ដឹង​សម្ដេច ហ៊ុន សែន កន្លងមក​នោះ បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ចូលរួម​ជាមួយ​គណបក្ស​អំណាច​ខ្មែរ ដោយសារ​ទី​១ គណបក្ស​នេះ មិនដែល​ប្រព្រឹត្តិ​អំពើអាក្រក់ ទី​២ ទស្សនៈ​លោក​ស្រដៀង​គ្នា​និង​លោក សួន សេរី​រដ្ឋា និង​ទី​៣ គណបក្ស​អំណាច​ខ្មែរ មិនមែនជា​របស់លោក សួន សេរី​រដ្ឋា ផ្ដាច់មុខ ពោលគឺ​គណបក្ស​តូច​មួយ​នេះ មាន​គោលនយោបាយ​ច្បាស់លាស់​ដែល​បើក​សិទ្ធិ​ឲ្យ​សមាជិក​បក្ស​ផ្សេងៗ​ផ្លាស់ប្ដូរ និង​ដឹកនាំ​បក្ស​បាន​។​

​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន នៅ​ស្តូប​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៅ​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​៨ សីហា​នេះ លោក សួង សុ​ភ័​ណ្ឌ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​នៅពេលនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​យក​គណបក្ស​អំណាច​ខ្មែរ ដែលមាន​លោក សួន សេរី​រដ្ឋា ជា​ប្រធាន​គណបក្ស ប៉ុន្តែ​មិនមែន​គណបក្ស​អំណាច​ខ្មែរ​ជា​របស់លោក សួន សេរី​រដ្ឋា ទេ ។ មូលហេតុ​ដែល​ខ្ញុំ​ត្រឡប់​ចូលរួម​នយោបាយ​វិញ​ដោយសារ​ខ្ញុំ​ពិចារណា​ឃើញថា គណបក្ស​ប្រជាជន​ក៏​មិនមែនជា​គណបក្ស​លេខ​១​បាន ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​មិន​ទៀង​ថា ទៅកាន់​ការងារ​គណបក្ស​លេខ​១​បាន ហើយ​គណបក្ស​តូចៗ កំពុង​ប្រឈមមុខ​ការរំលាយ​។ ដូច្នេះ​ខ្ញុំ​យល់ថា ខ្ញុំ​ជា​កម្លាំង​យ៉ាងសំខាន់​មួយ ក្នុង​ចលនានយោបាយ​យុវជន​ជំនាន់​ថ្មី ដូច្នេះ​ខ្ញុំ​ត្រូវ​ចូលទៅ​រុញ​កម្លាំងចលករ​គណបក្ស​មួយ​ថ្មី​»​។​

​ជាមួយគ្នានេះ​លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​លោក​បានសម្រេច​ឲ្យ​លោក សួង សុ​ភ័​ណ្ឌ កាន់តំណែង​ជា​អនុប្រធាន​គណបក្ស ជំនួស​លោកស្រី លី​ណា តាន់ ដែល​បាន​លាលែង​ពី​តំណែង​។ បើតាម​លោក សួន សេរី​រដ្ឋា មូល​ហេតុដែល​គណបក្ស​លោក​សម្រេច​ប្រគល់​តួនាទី​អនុប្រធាន​ដល់​លោក សួង សុ​ភ័​ណ្ឌ ដោយសារតែ​សម្លឹង​ឃើញ​ពី​សមត្ថភាព និង​ទេពកោសល្យ​របស់លោក សុ​ភ័​ណ្ឌ ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​កន្លងមក​។

«​យើង​សម្លឹង​ឃើញថា គាត់​(​សួង សុ​ភ័​ណ្ឌ​)​មាន​ប្រវត្តិ​ការងារ​ល្អ ហើយ​មាន​ចក្ខុវិស័យ​គោលនយោបាយ​ច្បាស់លាស់ ដែល​តែងតែ​សកម្ម​ក្នុង​ការដឹកនាំ​យុវជន​តស៊ូ​មតិ​រក​យុត្តិធម៌​ក្នុងសង្គម ដូចជា​អ្នក​បុរី​កីឡា បឹងកក់ និង​តាម​បណ្ដា​ខេត្ត​មួយចំនួនទៀត ។ ជាពិសេស​គាត់​មាន​សមត្ថភាព និង​ទេពកោសល្យ​ដឹកនាំ​យុវជន​ក្នុង​សកម្មភាព​នយោបាយ ដែល​សមស្រប​នឹង​គោលនយោបាយ​គណបក្ស​យើង ដែល​ត្រូវការ​កម្លាំង​យុវជន​វ័យ​ជន​ក្មេង​ឲ្យ​ចូលរួម​ធ្វើ​នយោបាយ​ជាមួយគ្នា​។ ដូច្នេះ​យើង​គិត​តួនាទី​អនុប្រធាន​នេះ​វា​សក្តិសម​សម្រាប់​គាត់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សួន សេរី​រដ្ឋា ដែល​បាន​បន្ថែមថា លោក សួង សុ​ភ័​ណ្ឌ នឹងត្រូវ​ប្រកាស​ចូលកាន់​តំណែង​ជា​អនុប្រធាន​គណបក្ស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១៦ សីហា​ខាងមុខ​។
 
​អតីត​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ប៉ៃលិន លោក សួង សុ​ភ័​ណ្ឌ ចាក​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែមីនា​កន្លងមក ដោយសារតែ​មិន​ពេញចិត្ត​ការដឹកនាំ​របស់​លោក កឹម សុខា ដែល​ឡើងកាន់តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស​លោក សម រង្ស៊ី ។ មូលហេតុ​ដែល​លោក សួង សុ​ភ័​ណ្ឌ ចាក​ចេញពី​គណបក្សប្រឆាំង ដោយសារ​លោក​សង្ស័យថា លោក កឹម សុខា អាច​លួច​មាន​ទំនាក់ទំនង​អ្វីមួយ ជាមួយ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​សម្ដេច ហ៊ុន សែន ក្រោយពី​មាន​សារ​សំឡេង​សន្ទនា​គ្នា ដែល​ត្រូវបាន​បែកធ្លាយ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក «​សីហា​» កន្លងមក ៕


Tag:
 សួង សុ​ភ័​ណ្ឌ​
  CNRP
  គណបក្ស​អំណាច​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com