ជាតិ
សង្គមជាតិ
សាលាក្រុង​ភ្នំពេញ ជ្រើស​ផ្លូវ​ចំនួន១១ ដោះស្រាយ​ចរាចរណ៍ និង​រៀប​សណ្ដាប់ធ្នាប់
09, Aug 2017 , 9:00 am        
រូបភាព
ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំសំខាន់ៗមួយចំនួន ជុំវិញ​ការដោះស្រាយ​ចរាចរណ៍ និង​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ ក្នុង​រាជធានី​ភ្នំពេញ។ ក្នុង​សេចក្ដីណែនាំ រដ្ឋបាលរាជធានី​ភ្នំពេញ បានបញ្ជាក់​ដល់​ប្រជាពលរដ្ឋ ម្ចាស់​លំនៅ ម្ចាស់​អាជីវកម្ម ម្ចាស់​ការដ្ឋាន មន្ទីរពេទ្យ សាលារៀន ជុំវិញ​ការចត​យានយន្ត​នៅលើ​ទ្រូងផ្លូវ និង​ការដ្ឋានផ្សេងៗនៅលើ​ចិញ្ចើមផ្លូវ​ជាដើម។


 
បើតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៨ សីហា ក្នុង​រយៈពេល​កន្លងមក ពលរដ្ឋ​មួយចំនួន ដែលជា​ម្ចាស់​លំនៅ ម្ចាស់​សហគ្រាស មន្ទីរពេទ្យ សាលារៀន​មួយចំនួន បាន​ប្រើប្រាស់​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និង​ជាយ​ផ្លូវ មិនទាន់បាន​សមស្រប និង​បំពាន​លើ​បទ​ប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក។ សកម្មភាព​រំលោភបំពាន​ទាំងនោះ គឺ​ការយក​ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និង​ជាយ​ផ្លូវ ធ្វើជា​ចំណត កា​រត​សំ​យ៉ាប និង​ការតាំង​ទំនិញ​ប្រកប​អាជីវកម្ម​ជាដើម ដែល​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ។ ដើម្បី​ដោះស្រាយ​ចរាចរណ៍ និង​រៀបចំ​សណ្ដាប់ធ្នាប់ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជ្រើស​យក​ផ្លូវ​ចំនួន ១១ខ្សែ ជា​អាទិភាព​គំរូ មុននឹង​អនុវត្ត​នៅ​ទីតាំងផ្សេងៗទៀត។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ចំណុច​សំខាន់ ៣ចំណុច ដោយ​ផ្ដោតលើ​ប្រជាពលរដ្ឋ ម្ចាស់​លំនៅ ម្ចាស់​អាជីវកម្ម ម្ចាស់​ការដ្ឋាន មន្ទីរពេទ្យ សាលារៀន ទាក់ទង​នឹង​ការចត​យានយន្ត​នៅលើ​ទ្រូងផ្លូវ។ ជាមួយគ្នានេះ ការហាម​មិន​ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់​គ្រប់​ប្រភេទ ដែល​ព័ទ្ធ​ការដ្ឋាន​នៅលើ​ចិញ្ចើមថ្នល់ ពិសេស​ការប្រើប្រាស់​ចិញ្ចើមផ្លូវ ក្នុង​ការដាក់​សម្ភារ​សំណង់ផ្សេង។ 
 
បន្ថែម​លើ​នេះ រដ្ឋបាល​ខណ្ឌ​ទាំង ១២ ត្រូវ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ជុំវិញ ការរំលោភបំពាន​នេះ។ ក្នុងករណី មិន​អនុវត្តតាម​ការណែនាំ ត្រូវធ្វើ​កំណត់ហេតុ និង​ចាត់វិធានការ ឬ​ផ្អាក​អាជីវកម្ម ការដ្ឋាន​ជាដើម។  ចំណែក ស្នងការដ្ឋាន​នគរបាល និង​កង​រាជ​អាវុធ ក្នុង​រាជធានី​ភ្នំពេញ ក៏ត្រូវ​អនុវត្តតាម​សេចក្ដីណែនាំ​ផងដែរ។ ស្នងការដ្ឋាន​នគរបាល និង​កង​រាជ​អាវុធ ត្រូវ​បន្ថែម​កម្លាំង ទៅតាម​ទីតាំង​កកស្ទះ​នានា និង​រៀបចំ​រថយន្តស្ទូច ក្នុងការ​សហការ​ជា​រដ្ឋបាល​ខណ្ឌ​ទាំង ១២ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់។ 
 
គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ១៩ កក្កដា​កន្លង ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​រាជធានី​ភ្នំពេញ បា​នស​ម្រ​ច​ជ្រើស​យក​ផ្លូវ ១១ខ្សែ ជា​ផ្លូវ​អាទិភាព ក្នុងការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍។ ផ្លូវ​ទាំង ១១ខ្សែ​នោះ​រួមមាន មហាវិថី​សហព័ន្ធរុស្ស៊ី, ព្រះមុនីវង្ស, កម្ពុជា​ក្រោម, ម៉ៅ​សេង​ទុង, ព្រះសីហនុ, នេ​រុ​ហ៍, ព្រះ​នរោត្តម, សម្ដេច​មុនី​រ៉េត, ឧកញ៉ា​ទេព​ផន, ហ្សា​ល​ឌឺ​ហ្គោល, ព្រះស៊ីសុវត្ថិ និង​មហាវិថី​យោធពលខេមរភូមិន្ទ៕
 
 
 

Tag:
 យានយន្ត
 ចត
 ទ្រូងផ្លូវ
 ចិញ្ចើមផ្លូវ
 ជាយ​ផ្លូវ
 សាលាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com