ជាតិ
នយោបាយជាតិ
តុលាការចេញដីកានាំខ្លួនមន្រ្តីបក្សប្រឆាំង លោក ម៉ន ផល្លា ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ
× ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកានាំខ្លួន លោក ម៉ន ផល្លា ប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញ ទៅបំភ្លឺនៅអធិការដ្ឋាននគរបាលស្ទឹងមានជ័យ។ ការចេញដីកានាំខ្លួននេះ គឺបន្ទាប់ពីលោក ម៉ន ផល្លា មិនបានចូលខ្លួនបំភ្លឺតាមដីកាកោះហៅម្តងជាពីរដង ករណីអំពើហិង្សានៅអំឡុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។
ដីកានាំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៧ ខែសីហា ដែលចុះហត្ថលេខ លោក សៀង សុខ ព្រះរាជអាជ្ញារងសរសេរថា៖«បង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួន ឈ្មោះ ម៉ន ផល្លា ឲ្យមកបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យនៃស្នងការដ្ឋានរាជធានីភ្នំពេញ រហូតមានសេចក្តីសម្រេចថ្មី ដើម្បីសាកសួរពីដំណឹងរឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧»។
មូលហេតុដែលតុលាការចេញដីកានាំខ្លួនលោក ម៉ន ផល្លា នេះធ្វើឡើងតាមពាក្យបណ្ដឹងបុរសម្នាក់ ដែលបានអះអាងថា ក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ បាននាំគ្នាព្រួតវាយលើរូបគេ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧កន្លងមក នៅគ្រាដែលរូបគេ បានបើកម៉ូតូឆ្លងកាត់ក្បួនដង្ហែឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ៕
Tag:
ម៉ន ផល្លា
ដីកានាំខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com