អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង​ដោះលែង​ជនជាតិ​កាណាដា​ម្នាក់​ដែលមាន​ជំងឺ ទំនង​ខ្លាច​មានរឿង​និស្សិត​អាមេរិក​
10, Aug 2017 , 1:30 pm        
រូបភាព
​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០ ខែសីហា បាន​ដោះលែង​គ្រូ​គង្វាល​គ្រិស្តសាសនា​ជនជាតិ​កាណាដា​ម្នាក់​ឈ្មោះ Hyeon Soo Lim ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​បម្រើ​ពលកម្ម​ធ្ងន់​មួយជីវិត​។ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា​ការដោះលែង​នេះ​មាន​ទំនាក់​ទំនងជា​ស្ថានការណ៍​តានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង​ឬ​យ៉ាងណា​ឡើយ ដោយ​ក្រុង​ព្យុងយ៉ាង​គ្រាន់តែ​បាន​បញ្ជាក់ថា​ការដោះលែង​នេះ​ធ្វើតាម​គោ​ការណ៍​មនុស្សធម៌​ប៉ុណ្ណោះ​។​



​លោក Hyeon Soo Lim អាចារ្យ​គ្រិស្តសាសនា​សញ្ជាតិ​កាណាដា​ដើមកំណើត​កូរ៉េខាងត្បូង ត្រូវបាន​តុលាការ​កូរ៉េខាងជើង​កាត់​ឲ្យ​ជាប់ទោស​បំពេញការងារ​ធ្ងន់​មួយ​ជី​វិកាល​ពី​ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ត្រូវការ​ចោទប្រកាន់ថា​មានបំណង​ផ្ដួលរំលំ​របប​ដឹកនាំ​កូរ៉េខាងជើង​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ផ្សាយ​ថា លោក Hyeon Soo Lim ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ព្រោះ​លោក​មាន​ជំងឺ​។​

​ការដោះលែង​លោក Hyeon Soo Lim កើតឡើង​ចំពេល​ដែល​អាមេរិក និង​កូរ៉េខាងជើង​កំពុង​គំរាម​គ្នា​ទៅវិញទៅមក ប៉ុន្តែ​គេ​មិនដឹងថា​ការដោះលែង​នេះ​ជា​បំណង​របស់​កូរ៉េខាងជើង​ក្នុងការ​បន្ធូរ​ស្ថានការណ៍​ឡើយ​។ អ្វី​គួរកត់សម្គាល់​នោះ ការដោះលែង​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រេសិត​រដ្ឋាភិបាល​កាណាដា​ដឹកនាំ​ដោយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​បាន​ទៅដល់​រដ្ឋធានី​ព្យុងយ៉ាង​នៅ​ថ្ងៃទី​៨ ខែសីហា​។ គេ​ជឿថា​បេសកកម្ម​នេះ​មាន​គោលដៅ​លើ​លោក Hyeon Soo Lim តែម្ដង​។​

​គ្រូ​គង្វាល​រូបនេះ ចាក​ចេញពី​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០ ខែសីហា​តែម្ដង ហើយ​ហោះ​ឆ្ពោះទៅកាន់​កាណាដា ដើម្បី​ទទួល​ការព្យាបាល​ជំងឺ​។ ក្រុមគ្រួសារ​លោក Lim មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​សុខភាព​របស់លោក ជាពិសេស​ចាប់តាំងពី​មាន​ករណី​ស្លាប់​របស់​និស្សិត​អាមេរិក Otto Warmbier ដែល​កូរ៉េខាងជើង​ដោះលែង​កាលពី​ខែមិថុនា​។ Otto Warmbier បាន​ស្លាប់​ដោយសារ​ជំងឺ បន្ទាប់ពី​ទៅដល់​អាមេរិក​វិញ​ទាំង​សន្លប់​ស្ដូកស្ដឹង​បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​

​មកទល់ពេលនេះ គេ​មិនទាន់​ដឹង​មូលហេតុ​នៃ​ការស្លាប់​របស់​និស្សិត​អាមេរិក​ដែល​ត្រូវ​កូរ៉េខាងជើង​ឃុំខ្លួន​អស់​១៧​ខែ​នៅឡើយ​។ ដោយសារ​មូលហេតុ​នេះ ទើប​ក្រុមគ្រួសារ​លោក Lim ស្វះ​ស្វែងរក​ការដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​។ សមាជិក​ព្រឹទ្ធសភា​កាណាដា Yonah Martin និយាយថា លោក Lim ទទួលបាន​ការព្យាបាល​ផងដែរ​អំឡុងពេល​ជាប់​ខ្លួន​នៅ​កូរ៉េខាងជើង ប៉ុន្តែ​មិនដឹងថា​ទទួលបាន​ការយកចិត្ត​កម្រិតណា​ឡើយ​។

​មកទល់ពេលនេះ ក្រៅពី​ជនជាតិ​កាណាដា​ដែល​ត្រូវ​ដោះលែង គេ​ឃើញ​មាន​ជនជាតិ​អាមេរិក​បីនាក់​ទៀត​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​កូរ៉េខាងជើង​។ កាលពី​សប្ដាហ៍​មុន ក្រសួងការបរទេស​អា​មេ​រិ​ក​ទើប​ចេញ​ការហាមឃាត់​ជនជាតិ​អាមេរិក​ទាំង​អស់ពី​ការធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង ដើម្បី​បញ្ចៀស​ការចាប់ខ្លួន​។ ជាមួយគ្នានេះ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សន្យា​នាំ​ជនជាតិ​អាមេរិក​ដែល​ជាប់​ខ្លួន ត្រឡប់មក​ស្រុក​វិញ​ដែរ​៕



Tag:
 ​កូរ៉េខាងជើង​
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com