កីឡាអន្តរជាតិ
អន្តរជាតិ
SEA Games៖ ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ទទូច​ឲ្យ​ឥណ្ឌូណេស៊ី​ការពារ​បញ្ហា​ផ្សែង​អ័ព្ទ​
10, Aug 2017 , 9:59 pm        
រូបភាព
​រដ្ឋមន្ត្រីក្រសួង​កីឡា​ម៉ាឡេស៊ី​បាន​ជំរុញ​ប្រទេស​ឥណ្ឌូណេស៊ី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ផ្សែង​អ័ព្ទ​កើតឡើង​ពី​ការឆេះ​ព្រៃ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅក្នុង​ខែសីហា​នេះ​ដែល​ធ្វើឡើង​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ​។ នេះ​បើតាម Rappler ចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៧​។



​ម៉ាឡេស៊ី​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម (Sea Games) លើក​ទី​២៩ ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៩ ដល់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៧ ដោយមាន​អត្ត​ព​លិ​ក​រាប់ពាន់នាក់​មកពី​ទូទាំង​តំបន់​អាស៊ាន​ចូលរួម​។​

​ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​ព្រឹត្តិការណ៍​ពហុ​កីឡា​ដ៏​ធំ​មួយ​នេះ មានការ​បារម្ភ​ភ័យខ្លាច​ថា​ផ្សែង​អ័ព្ទ​ដែល​បណ្តាលមកពី​ការដុត​ព្រៃ​នៅក្នុង​ប្រទេសជិតខាង​ឥណ្ឌូណេស៊ី ហើយ​អណ្តែត​លើ​ម៉ាឡេស៊ី​អំឡុងពេល​ប្រកួត​កីឡា​នេះ និង​រំខាន ក៏ដូចជា​ប៉ះពាល់​ដល់​សុខភាព​អត្ត​ព​លិ​ក​ទៀតផង​។​

​ផ្សែង​អ័ព្ទ​គឺជា​បញ្ហា​ប្រចាំឆ្នាំ​របស់​ឥណ្ឌូណេស៊ី​ដែល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ ជា​ស្នាដៃ​របស់​បណ្តា​ក្រុមហ៊ុន​ផលិត​ប្រេងដូង និង​ចំការ​ដើម​ប្រេងខ្យល់ តែង​ប្រើ​បច្ចេកទេស​ដុត​ព្រៃ​ដើម្បី​បង្កើន​ជីជាតិ​ដី​ដាំ​ដុះ​នៅ​ទីនោះ​។ ផ្សែង​ដែល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​នេះ តែងតែ​បោកបក់​មកលើ​ប្រទេសជិតខាង ម៉ាឡេស៊ី និង​សិង្ហ​បុរី ហើយ​បង្ក​ឲ្យ​មានការ​លុប​ជើងហោះហើរ បិទ​សាលារៀន និង​ការកើនឡើង​ជំងឺ​ផ្លូវដង្ហើម​ជាដើម​។​


       ផ្សែងអ័ភ្រគ្របដណ្តប់ក្រុងគូឡាឡាំពួដោយសារភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ីកន្លងមក

​បើ​យោងតាម​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុម​អ្នកសង្កេតការណ៍​ជាច្រើន ឥណ្ឌូណេស៊ី​មានច្បាប់​ដាក់ទោស​ជនល្មើស​ដែល​ដុត​ព្រៃ​ក្នុង​កម្រិតធ្ងន់ ប៉ុន្តែ​ច្បាប់​ទាំងនេះ​មិនសូវ​ត្រូវបាន​គេ​អនុវត្ត​ទេ ដោយសារតែ​អំពើពុករលួយ​។​

​លោក Khairy Jamaluddin រដ្ឋមន្ត្រីក្រសួង​កីឡា​ម៉ាឡេស៊ី​បាន​សម្តែង​ការព្រួយបារម្ភ​ថា​ព្រឹត្តិការ​កីឡា​ប្រចាំ​ប្រទេស​តំបន់​អាស៊ាន​នេះ នឹងត្រូវ​ប៉ះពាល់​ដោយ​ផ្សែង​អ័ព្ទ​មិន​ខាន​។ ជុំវិញ​រឿងនេះ រដ្ឋ​ន្ត្រី​ខាងលើ​ក៏​មិន​ជឿថា​បញ្ហា​អ័ព្ទ​នេះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដែរ ដោយសារ​ភាគី​ឥណ្ឌូណេស៊ី​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​កាលពី​កន្លងមក​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា​ក្រុង​ហ្សា​ការ​តា​គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត​។​

«​ខ្ញុំ​សង្ឃឹមថា​ឥណ្ឌូណេស៊ី​នឹង​អាច​គ្រប់គ្រង​បញ្ហា​នេះ​បាន​ដូច្នេះ​វា​មិន​ប៉ះពាល់​ដល់​ការប្រកួត​នេះ​ទេ​។ ខ្ញុំ​ជឿជាក់ថា​ពួកគេ​នឹងមាន​ការ​ខ្មាស់អៀន​មិន​ខាន​ប្រសិនបើ​វា​ប៉ះពាល់​ដល់​កីឡា​ស៊ី​ហ្គេម​នេះ ព្រោះ​ពួកគេ​ក៏​កំពុង​ប្រកួតប្រជែង​នៅទីនេះ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Khairy Jamaluddin​។​

​សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី​ជា​ប្រទេស​សំបូរ​ព្រៃស្តុក​ដ៏​ធំ​ក្នុង​ពិភពលោក តែ​ក៏​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​លំដាប់​ទី​៥​ផងដែរ​។ ក្រុង​ហ្សា​ការ​តា​សន្យា​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​អោយបាន​៣០​ភាគរយ​នៅ​ឆ្នាំ​២០៣០​។ ប៉ុន្តែ​មិនបាន​ប្រាប់ថា តើ​ត្រូវ​ចាត់វិធានការ​អ្វី​ដើម្បី​សម្រេច​ទិសដៅ​នេះដែរ​៕


Tag:
 SEA Games 2017
  ម៉ាឡេស៊ី​
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com