ជាតិ
សង្គមជាតិ
DJ ណា​ណា ក្លាយជា​ឯកអគ្គរាជទូត​កិត្តិយស​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា
11, Aug 2017 , 10:51 am        
រូបភាព
​កញ្ញា នាង សុ​វ៉ាត​នា ដែល​គេ​ស្គាល់​ជាទូទៅ​ថា DJ  ណា​ណា ត្រូវបាន​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ជ្រើសរើស​ជា​ឯកអគ្គរាជទូត​កិត្តិយស​។ កម្មវិធី​ផ្លូវការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ ទី​១៤ ខែសីហា​។ ការងារ​ចម្បង​របស់ DJ  ណា​ណា ក្នុងឋានៈ​ជា​ឯកអគ្គរាជទូត​កិត្តិយស គឺ​ការពង្រឹង​ក្មេងស្រី នៅក្នុង​តួនាទី​ជា​អ្នកដឹកនាំ (Girls Takeover) ហើយ​ដែល​សកម្មភាព​នេះ ជា​អាទិភាព​ចម្បង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២២​។



​កើត​នៅក្នុង​គ្រួសារ​មួយ​ដែលមាន​ជីវភាព​រស់នៅ​សាមញ្ញ និង​បានទទួល​ការអប់រំ​នៅក្នុង​ប្រទេស កញ្ញា នាង សុ​វ៉ាត​នា ដែល​ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា   DJ  ណា​ណា បាន​អភិវឌ្ឍ​ខ្លួន​ទៅជា​យុវជន  និង​សកម្មជន​ក្មេងស្រី​ម្នាក់​ដ៏​អស្ចារ្យ និង​លេចធ្លោ​នៅ​កម្ពុជា​។ 

​ហេតុ​ដូច្នេះហើយ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា មាន​មោទនភាព​ក្នុងការ​ប្រកាសថា DJ ណា​ណា ជា​ឯកអគ្គរាជទូត​កិត្តិយស​របស់ខ្លួន​។  សេចក្តីប្រកាស​ព័ត៌មាន​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បញ្ជាក់ថា DJ ណា​ណា នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុង​ការពង្រឹង​ក្មេងស្រី​នៅក្នុង​តួនាទី​ដឹកនាំ (Girls Takeover) ដែល​សកម្មភាព​នេះ ជា​អាទិភាព​ចម្បង​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ រហូតដល់​ឆ្នាំ ២០២២​។

​លោក យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ង្គ នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​ថ្លែងថា​៖«​ខ្ញុំ​មើលឃើញថា DJ ណា​ណា គឺជា​ស្ត្រី​ឆ្នើម​មួយរូប ដែល​អាច​រួមសហការ​ជាមួយ​អង្គការ​ភ្លែ​ន​អន្តរជាតិ ក្នុងការ​បង្កើត​ភាពជា​គំរូ ជាពិសេស​ភាពជា​អ្នកដឹកនាំ​របស់​ក្មេងស្រី​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​។ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា រីករាយ​ធ្វើការ​ជាមួយ​កញ្ញា ដើម្បី​ទាញយក និង​រួមបញ្ចូល​គុណវុឌ្ឍិ​របស់​ក្មេងស្រី​ទៅក្នុង​ធនធាន​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា​»​។ 

​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បានចាប់ផ្តើម​អនុវត្ត​គំនិត​ផ្តួចផ្តើម​របស់ខ្លួន ស្តីពី​ក្មេងស្រី​នៅក្នុង​តួនាទី​ដឹកនាំ (Girl Takeover) កាលពី​ឆ្នាំមុន ដោយមាន​ក្មេងស្រី​ជាង​២៥០​នាក់ ក្នុងប្រទេស​ជាង​៥០ រួមទាំង​កម្ពុជា​ផង បាន​ចូលរួម​នៅក្នុង​សកម្មភាព​នៃ​គំនិត​ផ្តួចផ្តើម​នេះ​។  តួអង្គ​ដឹកនាំ​ក្នុង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម បានផ្តល់​ឱកាស​ឲ្យ​ក្មេងស្រី​សាកល្បង​ដឹកនាំ​តួនាទី​មួយចំនួន ដូចជា​ក្មេងស្រី​បាន​ក្លាយជា​ប្រធានាធិបតី ចៅហ្វាយក្រុង នាយក​ប្រតិបត្តិ និង​ពិធី​ការិនី​ទូរទស្សន៍​ក្នុង​រយៈពេល​១​ថ្ងៃ ដើម្បី​អាច​ឲ្យ​ពួកគេ​បញ្ចេញ​សំឡេង​របស់ខ្លួន ទាមទារ​យុត្តិធម៌ និង​សមភាព​។ 

​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ចាត់ទុក​គំនិត​ផ្តួចផ្តើម​ន​ឲ​នេះ ជា​ចលនា​ជា​សកល​ក្នុង​ការផ្តល់​សិទ្ធិអំណាច​ដល់​ក្មេងស្រី ដើម្បី​ប្រើប្រាស់​សេរីភាព​របស់ខ្លួន អាច​រៀនសូត្រ ដឹកនាំ សម្រេចចិត្ត និង​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​។ គំនិត​ផ្តួចផ្តើម​នេះ ក៏​ជាការ​រំលឹក​ដល់​អ្នកធ្វើ​សេចក្តីសម្រេចចិត្ត អំពី​តម្រូវការ​របស់​ក្មេងស្រី​រាប់ពាន់នាក់ ដែល​ត្រូវការ​គំរូ ដើម្បី​បោះជំហាន​ទៅរក​គោលជំហរ​ស្មើភាព​ក្នុង​ជីវិត​របស់ខ្លួន​។ លោក យេន យេ​ប ក្លែ​ន​រេ​ន​ស៊ី​ង្គ បញ្ជាក់​ដូច្នេះ​៖«​សមភាព​យេនឌ័រ​ពិតប្រាកដ មិនអាច​សម្រេច​បានតែ​ក្នុង​ទ្រឹស្តី​នោះទេ​។ យើង​ត្រូវ​ចូលរួម​ប្រតិបត្តិ​យ៉ាងពិត​ប្រាកដ​ចំពោះ​ក្មេងស្រី នៅក្នុង​តួនាទី​ដឹកនាំ​»​។

​អង្គការ​ភ្លែ​ន​អន្តរជាតិ ក៏បាន​គូស​បញ្ជាក់ដែរថា សកម្មភាព​នៃ​គំនិត​ផ្តួចផ្តើម​ក្មេងស្រី​នៅក្នុង​តួនាទី​ដឹកនាំ​ដែល​បាន​អនុវត្ត​ក្នុងប្រទេស​កម្ពុជា មាន​ក្មេងស្រី​ចំនួន​៦​នាក់ ក្នុង​ខេត្តរតនគិរី ត្បូងឃ្មុំ និង​សៀមរាប បាន​សាកល្បង​ដើរតួនាទី​ជា​ប្រធាន​ប៉ុស្តិ៍​ប៉ូលិស ប្រធាន​មណ្ឌល​សុខភាព និង​នាយក​សាលា​។ 

​កញ្ញា សា​ភាត ជា​សិស្ស​ថ្នាក់​ទី ១២ នៃ​វិទ្យាល័យ​ដាច់ស្រយាល​មួយ​ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប បាន​សាកល្បង​ដើរតួនាទី​ជា​ប្រធាន​មណ្ឌល​សុខភាព​។  មាន​អាយុ ១៧​ឆ្នាំ សា​ភាត និយាយថា នាង​ពិតជា​រីករាយ​ណាស់ ដែល​បាន​ដើរតួនាទី​នេះ ហើយ​សុ​បិ​ន្ត​របស់​នាង ហាក់​ក្លាយជា​ការពិត​អីចឹង​។ សា​ភាត ថ្លែង​ដូច្នេះ​៖« ខ្ញុំ​មាន​ក្តី​សុបិន​មួយ ដែល​ខ្ញុំ​មិន​ផ្លាស់ប្តូរ​។ ខ្ញុំ​ចង់​ក្លាយជា​គិលានុបដ្ឋាយិកា​មួយរូប​។ នេះ​ជា​ក្តី​សុបិន​របស់ខ្ញុំ​តាំងពីក្មេង​។ ខ្ញុំ​ដើរតួ​ជា​គិលានុបដ្ឋាយិកា នៅពេលដែល​សម្តែង​លេង​ជាមួយ​មិត្តភក្តិ របស់ខ្ញុំ​។ មាន​ហេតុផល​ជាច្រើន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ក្លាយជា​គិលានុបដ្ឋាយិកា​»​។ 

​ត្រឡប់មក​ជីវិត​មុនពេល​ទទួលបាន​ភាពលេច​ធ្លោ ពិសេស​ក្នុង​ស្រទាប់​យុវវ័យ និង​ក្លាយជា​ឯកអគ្គរាជទូត​កិត្តិយស​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ដូច​បច្ចុប្បន្ន​វិញ DJ ណា​ណា ក៏បាន​អះអាង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែរ​ថា នាង​បាន​ឆ្លងកាត់​បទពិសោធន៍​សំខាន់ៗ​ជាច្រើន​ដើម្បី​ជា​គំរូ​សម្រាប់​ក្មេងស្រី ក្នុងតួនាទី​ជា​អ្នក​ផលិត​កម្មវិធី​វិទ្យុ អ្នកយកព័ត៌មាន ពិធី​ការិនី​ទូរទស្សន៍ តំណាង​យុវជន និង​សកម្មជន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ល​។ DJ ណា​ណា បាន​លើកឡើងថា​៖«​ក្មេងស្រី និង​ស្ត្រី​ជាច្រើន​នៅតែ​កប់​បាត់​ពី​វិស័យ​សំខាន់ៗ​ជាច្រើន នៅក្នុង​តួនាទី​ដែលមាន​អំណាច និង​ឥទ្ធិពល​។ យើង​មិន​ត្រឹមតែ​ត្រូវ​បង្កើន​បរិមាណ ឬ​ចំនួន​របស់​ក្មេងស្រី និង​ស្ត្រី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែមទាំង​ត្រូវ​បង្កើន​គុណ​វ​ឌ្ឍិ​របស់​ពួកគេ ក្នុងការ​អង្គុយ​ជជែក និង​ចូលរួម​សម្រេចចិត្ត​ជាមួយ​ក្មេងប្រុស និង​បុរស លើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ពួកគេ និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​»​។

​ការសម្រេចបាន​សមភា​ព​យេនឌ័រ គឺជា​គោលដៅ​មួយ​នៃ​គោលដៅ​ជាស​កល​ដែល​អនុម័ត​ដោយ​មេដឹកនាំ​ជាច្រើន​នៅក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០១៥ ដែល​បាន​សន្យា​ផ្លាស់ប្តូរ ពិភពលោក​ត្រឹម​ឆ្នាំ ២០៣០​។ តាម​ការមើលឃើញ​រប​ស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ប្រសិនបើ​តួអង្គ​សំខាន់ៗ មិន​ចាត់វិធានការ​ផ្លាស់ប្តូរ​ជាបន្ទាន់​ទេ នោះ​គោលដៅ​សកល​ដែល បានកំណត់​(​ក៏ដូចជា​គោលដៅ​ផ្សេងទៀត​) នឹង​មិនអាច​សម្រេចបាន​ឡើយ​៕


Tag:
 អប់រំ​
  DJ ណា​ណា​
  ​អង្គការ​ភ្លែ​ន​
 ​ ក្មេងស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com