កីឡាជាតិ
ជាតិ
ប្រដាល់​គុន​ខ្មែរ​រំពឹង​ជោគជ័យ​ខ្ពស់​នៅ​ស៊ី​ហ្គេម​សម្រាប់​ការចូលរួម​លើកដំបូង​
14, Aug 2017 , 7:59 am        
រូបភាព
លោក អេ ភូថង គ្រូជំនួយជម្រើសជាតិប្រដាល់គុនខ្មែរ។
លោក អេ ភូថង គ្រូជំនួយជម្រើសជាតិប្រដាល់គុនខ្មែរ។
ដោយ:
​ទាំង​គ្រូបង្វឹក និង​កីឡាករ​សុទ្ធ​តែមាន​ទំនុកចិត្ត​ទទួលជោគជ័យ​ខ្ពស់ សម្រាប់​ការចូលរួម​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​។ គ្រូ​ជំនួយ​ប្រដាល់​គុន​ខ្មែរ​ជម្រើសជាតិ លោក អេ ភូ​ថង ជឿជាក់ថា កីឡាករ​ទាំង​៥​របស់​កម្ពុជា​នឹង​ឈ្នះ​មេដាយ​ពី​ការប្រកួត​ជូន​ជាតិ​មាតុភូមិ​។ លោក បាន​អះអាងថា ប្រដាល់​គុន​ខ្មែរ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការចូលរួម​លើកដំបូង​របស់ខ្លួន​។ ទន្ទឹមនឹងនេះ កីឡាករ ម៉ឺន សុភា បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ជ័យជម្នះ​ជូន​ប្រទេសជាតិ​។



​ក្រោយ​អះអាង​ពី​ការត្រៀមខ្លួន​យ៉ាង​ល្អ គ្រូ​ជំនួយ​ប្រដាល់​គុន​ខ្មែរ​ជម្រើសជាតិ លោក អេ ភូ​ថង ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី ទោះបី​ការប្រកួត​មាន​លក្ខណ​ខុសប្លែក​ពី​ប្រដាល់​គុន​ខ្មែរ​ក៏ដោយ​។ ការបង្ហាញ​ទំនុកចិត្ត​បែបនេះ បន្ទាប់ពី​លោក​មើលឃើញ​ការប្រឹងប្រែង​ហ្វឹកហាត់​របស់​កីឡាករ​ប្រកបដោយ​ឆន្ទៈ​ឃ្លាន​ជ័យជម្នះ​។

​បន្ទាប់ពី​ទទួលបាន​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមក លោក អេ ភូ​ថង បានបង្ហាញ​ពី​ទំនុកចិត្ត​ថា​៖«​ខ្ញុំ​ជឿជាក់ថា កីឡាករ​កម្ពុជា​ទាំង​៥​រូប​នឹង​ទទួលបាន​មេដាយ​ត្រឡប់មក​មាតុភូមិ ព្រោះ​ខ្ញុំ​មាន​ទំនុកចិត្ត​លើ​ការហ្វឹកហាត់​ដ៏​ល្អ​របស់​ពួកគេ​។ ហើយ​ការហ្វឹកហាត់​នេះ​ទៀតសោត ខ្ញុំ​បានផ្តល់​ទាំង​បទពិសោធ និង​បច្ចេកទេស​ទាំងអស់​ដល់​ពួកគេ​ទៀតផង​»​។​

​ទោះបី​ការប្រកួត​នេះ​មាន​ពាក់​ប្រដាប់​ការ​ស្មងជើង ក្បាលពោះ និង​ក្បាល​ខុសពី​ប្រដាល់​គុន​ខ្មែរ និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​កីឡាករ​កម្ពុជា​ខ្លះ​ក៏ដោយ ប៉ុន្តែ លោក អេ ភូ​ថង អះអាងថា មិនមែនជា​បញ្ហា​ចោទ​សម្រាប់​កម្ពុជា​នោះឡើយ ព្រោះ​កម្ពុជា​បាន​ហ្វឹកហាត់​ជាមួយ​ទម្រង់​បែបនេះ​ឡើង​សម​ទៅហើយ​។ តែ​យ៉ាងណា លោក ជំរុញ​ឲ្យ​កីឡាករ​កម្ពុជា​រក្សា​ជំហរ​ឲ្យ​បាន​រឹងមាំ និង​វាយ​ឲ្យ​ចំ​គោលដៅ ព្រោះ​គេ​ឲ្យ​តម្លៃ​ទៅលើ​កណ្តាប់ដៃ និង​ជើង​។

​ទន្ទឹមនឹង​ក្តីសង្ឃឹម​នេះដែរ គ្រូបង្វឹក​មកពី​ខេត្តកោះកុង​រូបនេះ បានចាត់ទុក ថៃ ឡាវ និង​វៀតណាម​ជា​ឧបសគ្គ​ក្នុងការ​ដណ្តើម​មេដាយ​សម្រាប់​កម្ពុជា​។ តែ​យ៉ាងណា លោក ថា បច្ចេកទេស​កីឡាករ​ទាំងនេះ​ហាក់​មាន​កម្រិត​ទាប​ជាង​កម្ពុជា ទោះបី​ពួកគេ​មាន​កម្លាំង​ស៊ុះ​ខ្លាំង​ជាង​កម្ពុជា​ក៏ដោយ​។​

​ជាមួយគ្នានេះ​កីឡាករ ម៉ឺន សុភា ក្រោយ​ទទួលបាន​ការហ្វឹកហាត់​ត្រៀម​អស់​ជាច្រើន​ខែ​កន្លងមក​បាន​អះអាងថា​៖«​សម្រាប់​ខ្ញុំ​ការហ្វឹកហាត់​ប៉ុន​នេះ​វា​គ្រប់​គ្រាន់បើ​វាយ​តាម​ប៉ុស្តិ៍ តែបើ​ប្រកួត​ស៊ី​ហ្គេម​ខ្ញុំ​ខ្លាច​សមត្ថភាព​យើង​នៅ​ស្ទើរ​ជាងគេ​។ ថៃ​យើង​ចាញ់​កម្លាំង​គេ តែ​លើក​នេះ​គេ​មិន​ឲ្យ​ឱប​ប្រើ​ជង្គង់​យើង​សង្ឃឹម​ច្រើន​។ សម្រាប់​ការរំពឹង​ដណ្តើមបាន​មេដាយ​ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ​មុន​នោះទេ តែ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។ ខ្ញុំ​ភាគច្រើន​ចេញទៅ​ក្រៅ​តែងតែ​ទទួលបាន​ជ័យជម្នះ​»​។​


       កីឡាករ ម៉ឺន សុភា ពេលផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មាននៅពេលចូលរួមសិក្ខាសាលានៅ NOCC។

​មិន​ខុសគ្នា​ពី​លោក អេ ភូ​ថង នោះឡើយ កីឡាករ ឃីម ឌី​ម៉ា បាន​ពី​ការជឿជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា​៖«​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ប្រជែង​យក​មេដាយ​ជូន​ជាតិ​។ ខ្ញុំ​មិនអាច​កំណត់ទុក​មុន​ថា​មេដាយ​អ្វី​នោះទេ តែ​ខ្ញុំ​នឹង​ព្យាយាម ព្រោះ​វា​ជា​លើកដំបូង ហើយ​ការប្រកួត​មាន​ពាក់​ការពារ​ខុសពី​យើង ដូច្នេះ​ខ្ញុំ​មិនអាច​និយាយ​ទុក​មុន​នោះទេ​»​។ កីឡាករ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ បានចាត់ទុក​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី និង​ថៃ ជា​ឧបសគ្គ​សម្រាប់​គេ​ក្នុងការ​ប្រជែង​មេដាយ​ពី​ការប្រកួត​នេះ​។


កីឡាករ ឃីម ឌី​ម៉ា ពេល​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌​មានដំណើរ​ឆ្ពោះទៅរក​មេដាយមាស​នៅ​ណាហ្គា​វើ​ល​    

​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៩ ដល់ ៣១ សីហា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បញ្ជូន​កីឡាករ​៥​រូប​ឲ្យ​ចូលរួម​រួមមាន ម៉ឺន សុភា​, មឿ​ន សុខ​ហ៊ុ​ច​, ឃីម ឌី​ម៉ា​, ឡៅ ចិ​ត្រា និង វ៉ាន់ វឿន រួមជាមួយ​គ្រូបង្វឹក ឈិ​ត សារឹម និង​គ្រូ​ជំនួយ អេ ភូ​ថង ខណៈ​លោក តែម ម៉ឺន ប្រធាន​ប្រតិភូ​៕     


Tag:
 ប្រដាល់​គុន​ខ្មែរ​
  អេ ភូ​ថង​
  SEA Games 2017
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com