អន្តរជាតិ
អាចមាន​យន្តហោះ​ដែល​គ្មាន​ពី​ឡុ​ត តែ​តាម​ការស្ទង់មតិ គ្មាន​អ្នក​ចង់​ជិះ​នោះឡើយ​
13, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​សហគ្រាស​ផ្នែក​អាកាសចរណ៍ កំពុង​ផ្តួច​ផ្តើមគំនិត​លើ​ការផលិត​យន្តហោះ​ដោយ​គ្មាន​អាកាសយានិក ហើយ​គ្រោង​ដំណើរការ​ចាប់ពី​ឆ្នាំ​២០២៥​តទៅ​។ គម្រោង​នេះ ត្រូវបាន​គេ​វាយតម្លៃថា អាច​សន្សំ​ទឹកប្រាក់​បាន​ប្រមាណ​៣៥​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំៗ ហើយ​ការហោះហើរ​ច្បាស់លាស់ និង​លឿន​។​



​យន្តហោះ​ដែល​គ្មាន​នឹង​បើក នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ផ្នែក​សេដ្ឋកិច្ច ទោះបីយ៉ាងណា​ក៏ដោយ លទ្ធផល​នៃ​ការស្ទង់មតិ​ដែល​រៀបចំ​ដោយ​ធនាគារ​ស្វី​ស UBS បានបង្ហាញ​ឲ្យ​ដឹងថា មនុស្ស​ដ៏​តិចតួច​បំផុត​ចាប់អារម្មណ៍​លើ​គម្រោង​នេះ ខណៈ​មនុស្ស​ច្រើន​លើសលុប​បាន​ឆ្លើយថា «​ទេ​»​។​

​តាម​ការផ្សាយ​របស់ The Guardian លទ្ធផល​ដែល​ធនាគារ UBS បាន​ស្ទង់​មតិ​បង្ហាញថា អ្នកធ្វើដំណើរ​តែ​១៧​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​៨០០០​នាក់ ដែល​បាន​ឆ្លើយថា ពួកគេ​នឹង​សាកល្បង​ជិះ​យន្តហោះ​ដោយ​គ្មាន​មនុស្ស​ប៉ុន្តែ​មនុស្ស​ដ៏​ច្រើន​លើស​ឆ្លើយថា «​ទេ​» បើទោះបីជា​វា​មានតម្លៃ​ថោក​ជាង​យន្តហោះ​ធម្មតា​ក៏ដោយ​។​

​សំបុត្រ​យន្តហោះ​ស្វយ័ត នឹងមាន​តម្លៃថោក​ជាង​យន្តហោះ​ធម្មតា ដោយនៅ​សហរដ្ឋអាមេរិក​តិចជាង​១១​ភាគរយ និង​តិចជាង​៤​ភាគរយ​នៅ​អឺរ៉ុប​។ នេះ​បើតាម​ការបញ្ជាក់​របស់ UBS​។​

​គំនិត​នៃ​ការដាក់​ដំណើរ​យន្តហោះ​ដោយ​គ្មាន​មនុស្ស​បើក​នេះ គឺ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ប្រទេស​មួយចំនួន និង​ទៅតាម​ជំនាន់​មនុស្ស​។ យុវជន​អាយុ​ចន្លោះ​ពី​១៨​ទៅ​៣៤​ឆ្នាំ ត្រូវបាន​ចាត់ទុក​ជាម​នុស្ស​ដែល​សកម្ម​ខ្លាំង ហាក់​មានគំនិត​បើកទូលាយ​ជាងគេ​ក្នុងការ​សាកល្បង​ជិះ​យន្តហោះ​បែបនេះ​។

​នៅលើ​សកលលោក ប្រទេស​ដូចជា​បារាំង ឬ​អាល្លឺម៉ង់ ហាក់​មិនសូវ​មានការ​បើកទូលាយ​ឡើយ ប៉ុន្តែ​ពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក ចូលចិត្ត​សាកល្បង​នូវ​អ្វី​ដែលជា​បច្ចេកវិទ្យា​ថ្មីៗ​។ ក្រុមហ៊ុន​ប៊ូ​អ៊ីង​អាមេរិក បានប្រកាស​កាលពី​មិថុនា កន្លងទៅ​ពី​ការចូលរួម​ផលិត​យន្តហោះ​ស្វយ័ត​នេះ​៕


Tag:
 យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com