អន្តរជាតិ
អាចមានយន្តហោះដែលគ្មានពីឡុត តែតាមការស្ទង់មតិ គ្មានអ្នកចង់ជិះនោះឡើយ
× សហគ្រាសផ្នែកអាកាសចរណ៍ កំពុងផ្តួចផ្តើមគំនិតលើការផលិតយន្តហោះដោយគ្មានអាកាសយានិក ហើយគ្រោងដំណើរការចាប់ពីឆ្នាំ២០២៥តទៅ។ គម្រោងនេះ ត្រូវបានគេវាយតម្លៃថា អាចសន្សំទឹកប្រាក់បានប្រមាណ៣៥ពាន់លានដុល្លារអាមេរិកក្នុង១ឆ្នាំៗ ហើយការហោះហើរច្បាស់លាស់ និងលឿន។
យន្តហោះដែលគ្មាននឹងបើក នឹងផ្តល់ប្រយោជន៍ច្រើនផ្នែកសេដ្ឋកិច្ច ទោះបីយ៉ាងណាក៏ដោយ លទ្ធផលនៃការស្ទង់មតិដែលរៀបចំដោយធនាគារស្វីស UBS បានបង្ហាញឲ្យដឹងថា មនុស្សដ៏តិចតួចបំផុតចាប់អារម្មណ៍លើគម្រោងនេះ ខណៈមនុស្សច្រើនលើសលុបបានឆ្លើយថា «ទេ»។
តាមការផ្សាយរបស់ The Guardian លទ្ធផលដែលធនាគារ UBS បានស្ទង់មតិបង្ហាញថា អ្នកធ្វើដំណើរតែ១៧ភាគរយប៉ុណ្ណោះក្នុងចំណោម៨០០០នាក់ ដែលបានឆ្លើយថា ពួកគេនឹងសាកល្បងជិះយន្តហោះដោយគ្មានមនុស្សប៉ុន្តែមនុស្សដ៏ច្រើនលើសឆ្លើយថា «ទេ» បើទោះបីជាវាមានតម្លៃថោកជាងយន្តហោះធម្មតាក៏ដោយ។
សំបុត្រយន្តហោះស្វយ័ត នឹងមានតម្លៃថោកជាងយន្តហោះធម្មតា ដោយនៅសហរដ្ឋអាមេរិកតិចជាង១១ភាគរយ និងតិចជាង៤ភាគរយនៅអឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់ UBS។
គំនិតនៃការដាក់ដំណើរយន្តហោះដោយគ្មានមនុស្សបើកនេះ គឺឆ្លើយតបទៅនឹងតម្រូវការនៃប្រទេសមួយចំនួន និងទៅតាមជំនាន់មនុស្ស។ យុវជនអាយុចន្លោះពី១៨ទៅ៣៤ឆ្នាំ ត្រូវបានចាត់ទុកជាមនុស្សដែលសកម្មខ្លាំង ហាក់មានគំនិតបើកទូលាយជាងគេក្នុងការសាកល្បងជិះយន្តហោះបែបនេះ។
នៅលើសកលលោក ប្រទេសដូចជាបារាំង ឬអាល្លឺម៉ង់ ហាក់មិនសូវមានការបើកទូលាយឡើយ ប៉ុន្តែពលរដ្ឋនៅសហរដ្ឋអាមេរិក ចូលចិត្តសាកល្បងនូវអ្វីដែលជាបច្ចេកវិទ្យាថ្មីៗ។ ក្រុមហ៊ុនប៊ូអ៊ីងអាមេរិក បានប្រកាសកាលពីមិថុនា កន្លងទៅពីការចូលរួមផលិតយន្តហោះស្វយ័តនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com