ជាតិ
បាក់ឌុប៖ គ្រាន់តែមានបំណងលួចចម្លង ក៏អាចប្រឈមនឹងការធ្លាក់បានដែរ
× គ្រាន់តែមានបំណងលួចចម្លង ក៏ក្រសួងអប់រំយុវជន និងកីឡា ចាត់ទុកថា ជាទង្វើដែលសិស្សានុសិស្ស ត្រូវចៀសវាងពេលប្រឡងមធ្យមសិក្សាទុតិតយភូមិដែរ។ ប្រសិនបើបេក្ខជនណាមួយ ប្រព្រឹត្តទង្វើនេះ អាចប្រឈមនឹងការធ្លាក់ដោយស្វ័យប្រវត្តិ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ញត្តិនូវសកម្មភាព ២ យ៉ាង ដើម្បីកំណត់ថា បេក្ខជនមានបំណងលួចចម្លង។ ទី១ ក្រសួងចាត់ទុកថា មានបំណងលួចចម្លង ប្រសិនបើបេក្ខជនណា យកជាប់នឹងខ្លួននូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ចូលក្នុងមណ្ឌលប្រឡង។ ទី២ បេក្ខជនណា លាក់ជាប់នឹងខ្លួន នូវសៀវភៅ ឯកសារ ឬសំណៅឯកសារ ឬទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទ ក៏ចាត់ទុកថា មានបំណងលួចចម្លងដែរ។
ប្រសិនបើបេក្ខជនណាមួយ ត្រូវបានរកឃើញថា មានបំណងលួចចម្លង ក្រសួងអប់រំ នឹងដាក់វិន័យដល់បេក្ខជននោះ ដោយតម្រូវឲ្យប្រគល់រាល់សៀវភៅឯកសារ ឬសំណៅឯកសារឲ្យគណៈមេប្រយោគ មុនចូលមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ហើយគណៈមេប្រយោគ ពុំទទួលខុសត្រូវរាល់ការបាត់បង់ឡើយ។ ក្នុងករណីបេក្ខជនពុំព្រមប្រគល់សៀវភៅឯកសារ ឬសំណៅឯកសារ ឲ្យគណៈមេប្រយោគ បេក្ខជន នោះ ពុំអនុញ្ញាតឲ្យចូលប្រឡងជាដាច់ខាត ហើយត្រូវបានកំណត់ឲ្យធ្លាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ សីហាខាងមុខនេះ។ សម័យប្រឡងឆ្នាំ២០១៧នេះ មានបេក្ខជន សរុបចំនួន ១០៣ ១១២ នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយចែកចេញជា ១៧៨ មណ្ឌល និងបន្ទប់ប្រឡងចំនួន ៤១៥៥ បន្ទប់ នៅទូទាំង២៥រាជធានី-ខេត្ត៕
Tag:
បាក់ឌុប
បទប្បញ្ញត្តិ និងកម្រិតវិន័យ
© រក្សាសិទ្ធិដោយ thmeythmey.com