អន្តរជាតិ
ចិន ទិតៀន​អាមេរិក​ដែល​ហ៊ាន​បញ្ជូន​នាវា​ពិឃាត​ទៅ​ក្បែរ​កោះ​ខ្លួន​ក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
13, Aug 2017 , 9:59 pm        
រូបភាព
ដោយ:
​ក្រុង​ប៉េកាំង​បាន​តវ៉ា និង​បង្ហាញ​ការមិន​ពេញចិត្ត​ចំពោះ​វត្តមាន​នាវាចម្បាំង​អាមេរិក​ដែល​ល្បាត​នៅក្បែរ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ចិន​អះអាងថា សកម្មភាព​ល្បាត​របស់​នាវា​អាមេរិក​ក្រោមលេស​រក្សា​សេរីភាព​នាវាចរណ៍​ក្បែរ​កោះ​សិប្បនិម្មិត Mischief Reef ជាការ​បំពាន​អាធិបតេយ្យ​ភាព​ចិន និង​ច្បាប់​អន្តរជាតិ​។



​ថ្ងៃ ១១ ខែសីហា ចិន​បាន​ប្រតិកម្ម និង​បង្ហាញ​ការខឹង​ខ្លាំង​ចំពោះ​សហរដ្ឋអាមេរិក បន្ទាប់ពី​នាវា​ពិឃាត​អាមេរិក USS John S. McCain ធ្វើដំណើរ​ល្បាត​នៅក្បែរ​កោះ​សប្ប​និម្មិត​ចិន Mischief Reef នៅ​តំបន់​ប្រជុំ​កោះ Spratly ។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang បាន​និយាយ​ដូច្នេះ​ថា​៖«​សកម្មភាព​នាវា​ល្បាត​អាមេរិក​ជាការ​បំពាន​អធិបតេយ្យ​ចិន និង​ច្បាប់​អន្តរជាតិ ក៏ដូចជា​ប៉ះពាល់​ដល់​សន្តិសុខ​ចិន​យ៉ាងខ្លាំង​ដែរ​។​ចិន​មិន​ពេញចិត្ត​ឡើយ​ចំពោះ​សកម្មភាព​នេះ ហើយ​ប្រឆាំង​ជា​ផ្លូវការ​ចំពោះ​សកម្មភាព​អាមេរិក​»​។

​មន្ត្រី​អាមេរិក​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ទៅ​ទីភ្នាក់ងារ​ព័ត៌មាន AP ដូច្នេះ​ថា​៖«​ចិន​បា​នប​ញ្ចូ​ន​សារ​ជា​សំឡេង​ដោយ​ព្រមាន​ថា អាមេរិក​បាន​ឆ្លង​ចូលក្នុង​ដែនទឹក​ចិន​ហើយ ហើយ​ចិន​ក៏​ស្នើសុំ​ឲ្យ​អាមេរិក​ទៅ​ល្បាត​នៅ​កន្លែង​ផ្សេង​ដែរ​។ ប៉ុន្តែ​យើង​បាន​ប្រាប់​ទៅវិញ​ថា យើង​ប្រតិបត្តិ​តាម​ទិសដៅ​នាវាចរណ៍​ជា​រៀងរាល់ថ្ងៃ​នៅលើ​ដែនទឹក​អន្តរជាតិ​»​។​

​ដោយឡែក អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​លោក Wu Qian បញ្ជាក់ថា ស្ថានភាព​នៅ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​បាន​ស្ងប់ស្ងាត់​ហើយ​ដោយសារ​ការសហកា​រ​រួម​រវាង​ចិន និង​ប្រទេស​ជា​ភាគី​ជម្លោះ​ផ្សេងទៀត​។ ប៉ុន្តែ​ការ​ជ្រែ​ត​ជ្រែក​របស់​អាមេរិក​បាប​បង្ក​ការគំរាមកំហែង​ដល់​សន្តិភាព និង​ស្ថេរភាព​តំបន់​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ សកម្មភាព​របស់​អាមេរិក​នឹងធ្វើ​ឲ្យ​កងទ័ព​ចិន​កាន់តែ​ពង្រឹង និង​បង្កើន​សមត្ថភាព​ការពារ​អាធិបតេយ​ភាពជា​តិ និង​សន្តិសុខ​ជាតិ​។​

​ពាក់ព័ន្ធ​ការ​ល្បាត​អនុវត្ត​សិទ្ធិសេរីភាព​នាវាចរណ៍​នេះ អាមេរិក​អះអាងថា ទោះបីជា​មា ន​ឬ​មិនមាន​សេរីភាព​នាវាចរណ៍​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង អាមេរិក​នៅតែ​បន្ត​ល្បាត​ក្នុង​តំបន់​ជម្លោះ​ដដែល​។​អាមេរិក​បន្តទៀតថា ខ្លួន​មាន​សិទ្ធិ​ធ្វើ​ចរាចរណ៍ ឬ​ហោះ​ល្បាត និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ព្រោះ​សកម្មភាព​អាមេរិក​សុទ្ធតែ​អនុវត្ត​តាមច្បាប់​អន្តរជាតិ​ទាំងអស់​។​

​សូម​ជម្រាប​ដែរ​ថា នេះ​ជា​សកម្មភាព​ល្បាត​លើក​ទី​៣ របស់​នាវា​អាមេរិក​ហើយ បើ​រាប់​ចាប់ពី​ពេល​លោក ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ចាប់ពី​ចុងខែ​មករា​ដើម​ឆ្នាំនេះ​មក​៕


Tag:
 សមុទ្រ​ចិន​ខាងត្បូង​
  អាមេរិក​
  USS John S. McCain
  Mischief Reef
© រក្សាសិទ្ធិដោយ thmeythmey.com