អន្តរជាតិ
ចិន ទិតៀនអាមេរិកដែលហ៊ានបញ្ជូននាវាពិឃាតទៅក្បែរកោះខ្លួនក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង
× ក្រុងប៉េកាំងបានតវ៉ា និងបង្ហាញការមិនពេញចិត្តចំពោះវត្តមាននាវាចម្បាំងអាមេរិកដែលល្បាតនៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ ចិនអះអាងថា សកម្មភាពល្បាតរបស់នាវាអាមេរិកក្រោមលេសរក្សាសេរីភាពនាវាចរណ៍ក្បែរកោះសិប្បនិម្មិត Mischief Reef ជាការបំពានអាធិបតេយ្យភាពចិន និងច្បាប់អន្តរជាតិ។
ថ្ងៃ ១១ ខែសីហា ចិនបានប្រតិកម្ម និងបង្ហាញការខឹងខ្លាំងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីនាវាពិឃាតអាមេរិក USS John S. McCain ធ្វើដំណើរល្បាតនៅក្បែរកោះសប្បនិម្មិតចិន Mischief Reef នៅតំបន់ប្រជុំកោះ Spratly ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បាននិយាយដូច្នេះថា៖«សកម្មភាពនាវាល្បាតអាមេរិកជាការបំពានអធិបតេយ្យចិន និងច្បាប់អន្តរជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខចិនយ៉ាងខ្លាំងដែរ។ចិនមិនពេញចិត្តឡើយចំពោះសកម្មភាពនេះ ហើយប្រឆាំងជាផ្លូវការចំពោះសកម្មភាពអាមេរិក»។
មន្ត្រីអាមេរិកម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន AP ដូច្នេះថា៖«ចិនបានបញ្ចូនសារជាសំឡេងដោយព្រមានថា អាមេរិកបានឆ្លងចូលក្នុងដែនទឹកចិនហើយ ហើយចិនក៏ស្នើសុំឲ្យអាមេរិកទៅល្បាតនៅកន្លែងផ្សេងដែរ។ ប៉ុន្តែយើងបានប្រាប់ទៅវិញថា យើងប្រតិបត្តិតាមទិសដៅនាវាចរណ៍ជារៀងរាល់ថ្ងៃនៅលើដែនទឹកអន្តរជាតិ»។
ដោយឡែក អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បញ្ជាក់ថា ស្ថានភាពនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូងបានស្ងប់ស្ងាត់ហើយដោយសារការសហការរួមរវាងចិន និងប្រទេសជាភាគីជម្លោះផ្សេងទៀត។ ប៉ុន្តែការជ្រែតជ្រែករបស់អាមេរិកបាបបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថេរភាពតំបន់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ សកម្មភាពរបស់អាមេរិកនឹងធ្វើឲ្យកងទ័ពចិនកាន់តែពង្រឹង និងបង្កើនសមត្ថភាពការពារអាធិបតេយភាពជាតិ និងសន្តិសុខជាតិ។
ពាក់ព័ន្ធការល្បាតអនុវត្តសិទ្ធិសេរីភាពនាវាចរណ៍នេះ អាមេរិកអះអាងថា ទោះបីជាមា នឬមិនមានសេរីភាពនាវាចរណ៍ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង អាមេរិកនៅតែបន្តល្បាតក្នុងតំបន់ជម្លោះដដែល។អាមេរិកបន្តទៀតថា ខ្លួនមានសិទ្ធិធ្វើចរាចរណ៍ ឬហោះល្បាត និងធ្វើសកម្មភាពផ្សេងៗទៀតនៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង ព្រោះសកម្មភាពអាមេរិកសុទ្ធតែអនុវត្តតាមច្បាប់អន្តរជាតិទាំងអស់។
សូមជម្រាបដែរថា នេះជាសកម្មភាពល្បាតលើកទី៣ របស់នាវាអាមេរិកហើយ បើរាប់ចាប់ពីពេលលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីចាប់ពីចុងខែមករាដើមឆ្នាំនេះមក៕
Tag:
សមុទ្រចិនខាងត្បូង
អាមេរិក
USS John S. McCain
Mischief Reef
© រក្សាសិទ្ធិដោយ thmeythmey.com