បទយកការណ៍ / បទសម្ភាសន៍
លោក ឆាំ ប៊ុន​ថេត ថា​យុវជន​ជោគជ័យ​ចេះ​បង្ហាញ​សមិទ្ធផល និង​រៀបចំខ្លួន​ឲ្យ​គេ​ស្គាល់​
13, Aug 2017 , 10:19 pm        
រូបភាព
ដោយ:
​លោក ឆាំ ប៊ុន​ថេត មើលឃើញថា ការកសាង​កិត្តិនាម​ខ្លួនឯង​(Personal Branding) មាន​សារៈសំខាន់​ណាស់​សម្រាប់​មនុស្ស​ទូទៅ ពិសេស​យុវជន​។ សាស្ត្រាចារ្យ​ផ្នែក​អភិវឌ្ឍន៍​ម​គ្គុ​ទេ្ទ​សរូប​នេះ​ជឿថា នៅពេលដែល​យុវជន​ចេះ​កសាង Brand​ខ្លួនឯង នោះ​ភាពជោគជ័យ​នឹង​រត់តាម​ពួកគេ​។ ក៏ប៉ុន្តែ​បើ​យុវជន​មិនចេះ​កសាង Brand ខ្លួនឯង​ទេ ពួកគេ​នឹង​រត់តាម​ភាពជោគជ័យ​អស់​មួយជីវិត​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ ស​ម្តា​ប់ និង​អាន បទ​សម្ភាស រវាង លោក ទីន សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក ឆាំ ប៊ុន​ថេត ដូចតទៅ​៖



​សូមស្តាប់សំឡេង​៖




​លោក ទីន សុខ​លីម​៖ ការចេះ​កសាង Personal branding (​ស្លាក​យីហោ​ផ្ទាល់ខ្លួន​)  វា​មា​នស​សារៈសំខាន់ ដែល​ធ្វើ​ឲ្យ​យើង​មានតម្លៃ ការទុកចិត្ត និង​ទទួលបាន​ឱកាស​ផ្សេងៗ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​យល់​ពី​តម្លៃ​វា​។ លោក​សាស្ត្រាចារ្យ​អាចជួយ​បង្ហាញ​បានទេ តើ​អ្វី​ទៅ​គឺជា Personal branding?
​លោក ឆាំ ប៊ុន​ថេត​៖ បើ​និយាយ​ឲ្យ​ខ្លី និង​ងាយស្រួល​យល់ Personal branding ជា​កិត្តិនាម ជា​ស្លាក​យីហោ ឬ​ស្លាក​សញ្ញា​របស់​បុគ្គល​ម្នាក់ៗ ហើយ​វា​គឺជា​រឿង​ដែល​មនុស្ស​ជាទូទៅ​តែងតែ​និយាយ ឬ​តែងតែ​លើកឡើង​។ ឧទាហរណ៍ សម្តេច​ពោធិញាណ ជួន ណាត  Personal branding របស់លោក​ជា​អ្នក​ចងក្រង​អក្សរសាស្ត្រ​ខ្មែរ ហើយ​នេះ​ជា​អ្វីដែល​គេ​តែងតែ​និយាយ​ត​គ្នា​រហូត​។

​លោក ទីន សុខ​លីម​៖  យើង​តែងតែ​លឺ គេ​និយាយ​ពី​ពាក្យ Personal branding (​ស្លាក​យីហោ​ផ្ទាល់ខ្លួន និង Value (​គុណ​តម្លៃ​)​។ តើ​អ្វី​ទៅជា​ភាពខុសគ្នា​រវាង​ពាក្យ​ទាំងពីរ​នេះ​?
​លោក ឆាំ ប៊ុន​ថេត​៖  តាមពិតទៅ​រវាង Personal branding និង Value គេ​មិនសូវ​ជា​យល់ច្រឡំ​គ្នា ប៉ុន្មាន​ទេ ដោយសារ​គេ​យក ដែល​យើង​មាន​នេះ ទៅ​បង្កើត Brand (​ម៉ាក​ឬ​ស្នាក​សញ្ញា​នៃ​ខ្លួន​របស់​យើង​)​។ ប៉ុន្តែ​រវាង Personal Branding និង​ការធ្វើ​ទីផ្សារ​(Marketing) គេ​អាច​ច្រឡំ​គ្នា​។ ជួនកាល​អ្នកខ្លះ​យល់ថា គាត់​គ្រាន់តែ​ធ្វើ​ទីផ្សារ ខ្លួនឯង​ទៅ គាត់​ធ្វើ​ស្លាក​យីហោ​ផ្ទាល់ខ្លួន​ហើយ​។ តាមពិតទៅ​យើង​ធ្វើ ទីផ្សារ​ដើម្បី​លក់​ផលិតផល ចំណែក​ការធ្វើ Branding​នេះ យើង​មិន​លក់​ផលិតផល​ទេ ប៉ុន្តែ​យើង​លក់​គុណ​តម្លៃ​។ ឧទាហរណ៍​យើង​ស្គាល់​ទូរស័ព្ទ iPhone យើង​មិនមែន​ស្គាល់​ដោយសារ​ម៉ាក​របស់​វា​នោះទេ​។ ប៉ុន្តែ​វា​មាន​ហេតុផល​នៅ​ពីក្រោយ​នោះ​ថា ហេតុអ្វី​បានជា​គេ​បង្កើត​ទូរស័ព្ទ iPhone នេះ​? គឺ​ដោយសារ​វា​មានគុណ​តម្លៃ​របស់​វា ដែល​ធ្វើ​ឲ្យ​យើង​ប្រើប្រាស់​ទូរស័ព្ទ iPhone ។ ប៉ុន្តែ​មិនមែន​គេ​ធ្វើ  ទីផ្សារ ដើម្បី​តែ​លក់​ទេ ហើយ​ក្រុមហ៊ុន​ណា​ក៏​ធ្វើ​ដែរ​។  ហេតុអ្វី​បានជា​យើង​ទិញ​ទូរស័ព្ទ iPhone ឬ​ផលិតផល Apple ជាជាង​ក្រុមហ៊ុន​ដទៃ​? ហេតុអ្វី​បានជា​យើង​ឲ្យ​តម្លៃ​បុគ្គល​ម្នាក់ ជាង​បុគ្គល​ម្នាក់ទៀត​? ហេតុអ្វី​បានជា​គេ​ស្គាល់ លោកតា កុល ផេង​? មិនមែន​ដោយសារ គាត់​ជា​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ទេ យើង​មើល​មាន​នាយក​សាលា​ច្រើនណាស់​នៅ​ស្រុក​ខ្មែរ​។ ហេតុអ្វី​បានជា​គេ​មិនសូវ​ស្គាល់​? ហើយ​ហេតុអ្វី​បានជា​គេ​ស្គាល់​គាត់​? ដោយសារ​គាត់​មានគុណ​តម្លៃ​មួយ​ដែល​គេ​លឺ ហើយ​គាត់​មិនដែល​ធ្វើ​ទីផ្សារ​ខ្លួនឯង​ផង​។ ប៉ុន្តែ​គុណ​តម្លៃ​ដែល​គាត់​ឲ្យ​ទៅនេះ វា​ទៅជា​រឿង​មួយ​ដែល​គេ​និយាយ​តៗ​គ្នា​។



​លោក ទីន សុខ​លីម​៖  លោក​សាស្ត្រាចារ្យ​អាច​លើក​ជា​ឧទាហរណ៍ ពី​គុណ​តម្លៃ​មនុស្ស​ម្នាក់ៗ មួយចំនួន​បានទេ ?
​លោក ឆាំ ប៊ុន​ថេត​៖  និយាយ​រួម​មនុស្ស​យើង​មានគុណ​តម្លៃ និង​ឲ្យ​តម្លៃ​ទៅលើ​រឿង​អ្វីមួយ​ខុសៗ​គ្នា​។ បុគ្គល​ខ្លះ គាត់​ឲ្យ​តម្លៃ​ទៅលើ​រូបរាង ឬ​សម្រស់​របស់គាត់​។ យើង​មើលឃើញ នារី​ខ្លះៗ គាត់​ស្លៀកពាក់​សិច​ស៊ី គាត់​ថតរូប​ទៅ​បង្ហោះ តាម​បណ្តាញ​សង្គម​។ ពេល​គាត់​បង្ហោះ​បែបនេះ គឺ​គេ​ស្គាល់​គាត់​រយៈ​រូបភាព​សិច​ស៊ី ហើយ​នេះ​គឺជា​Brand​មួយ​។ តើ​អ្នកណា​ជា​អ្នក​ឲ្យ​តម្លៃ​? គឺ​មនុស្ស​ដែល​ចូលចិត្ត​ភាព​សិច​ស៊ី​ជា​អ្នក​ឲ្យ​តម្លៃ​។ ឧទាហរណ៍​មួយទៀត លោកតា កុល ផេង តើ​អ្វី​ជា brand របស់គាត់​? ពេលណា​យើង​និយាយ​ពី​លោកតា កុល ផេង គឺ​យើង​និយាយ​ពី​រឿង​គុណធម៌ មេត្តាធម៌ និង​ការអនុគ្រោះ​។ ការធ្វើ Personal branding ប្រសិនបើ​យើង​ឲ្យ​តម្លៃ​មួយ​មិនត្រូវ ក៏​ធ្វើ​ឲ្យ​Personal branding នោះ​ក៏​មិនយូ​អង្វែង​ដែរ​។ ឧទាហរណ៍​ឲ្យ​តម្លៃ​លើ​សម្រស់ តើ​សម្រស់​នោះ​មាន​អាយុកាល​វែង​អន្លាយ​ទេ​។ ថ្ងៃ​ណាមួយ វា​អស់​ទៅវិញ ហើយ​brand របស់​យើង​នោះ​ក៏​វា​បាត់​ទៅវិញ​ដែរ​។

​លោក ទីន សុខ​លីម​៖  តើ​អ្វី​ទៅជា​សារៈសំខាន់​នៃ​ការធ្វើ Personal branding ?
​លោក ឆាំ ប៊ុន​ថេត​៖  ជាទូទៅ​នៅពេលដែល​យើង​ចេះ​ធ្វើ Personal branding​នេះ វា​មាន​សារៈសំខាន់​ណាស់ ជាពិសេស​ខ្ញុំ​ចង់​សំដៅ​ទៅលើ​យុវជន​។ ប្រសិនបើ​យើង​ឲ្យ​តម្លៃ​ខ្លួនឯង តែ​ទៅលើ​រូបរាង​ខាងក្រៅ បានន័យថា របស់​ដែល​បានមកពី​កំណើត​។ យើង​មិន​ខំប្រឹង​សាង​ឲ្យ​វា​បាន​នោះ ដល់​អីចឹង​គុណ​តម្លៃ​របស់​យើង គឺ​ទៅតាម​នោះ​។ នារី​ខ្មែរ​ច្រើនណាស់​ដែល​គាត់​លក់​សម្រស់​។ នៅពេលដែល​គាត់​អស់​សម្រស់​ទៅ ប្តី​ធ្វើបាប តែមាន​នារី​ខ្លះទៀត​គាត់​មិនបាន​ធ្វើ Branding តាមរយៈ​សម្រស់​ខាងក្រៅ​អីចឹង​ទេ  ប៉ុន្តែ​គាត់​ធ្វើ Personal branding​នេះ តាមរយៈ​ជំនាញ ចំណេះ​ដែល​គាត់​មាន គាត់​ឲ្យ​តម្លៃ​ទៅលើ​ការរៀន ការធ្វើការងារ​ខ្លួនឯង និង​ការកសាង​ភាពជា​ម្ចាស់​លើ​ខ្លួនឯង ជាជាង​ពឹង​ទៅលើ​មនុស្ស​ប្រុស​។ ដូច្នេះ​ទោះបី​គាត់​អស់​សម្រស់​ទៅ ក៏​គាត់​នៅតែ​ខ្លាំង​ដែរ គាត់​នៅតែ​ដើរទៅ​មុខ​បាន ហើយ​ករណី​ប្តី​រត់ចោល ក៏​គ្មាន​បញ្ហា គាត់​នៅតែ​អាចរ​ស់បាន​។ និស្សិត​បញ្ញវន្ត​ខ្លះ មិនសូវ​យកចិត្តទុកដាក់​រឿងនេះ​ទេ គាត់​គិតតែ​ពី​រៀន ហើយ​គាត់​ក៏​មិន​ចង់​ឲ្យ​គេ​ឃើញ​ដែរ​។ គាត់​មិន​ចង់​កសាង​brand របស់គាត់​ឲ្យ​លឺ​ដល់​អ្នកដទៃ បើ​គាត់​ធ្វើ​ស្ងាត់ៗ នៅតែ​ឯង ក៏​ពិបាក​ដែរ​។ ឧទាហរណ៍ ខ្ញុំ​រត់ទៅរក​លោក​ប្អូន ដើម្បី​សុំ​ការងារ​ធ្វើ លោក​ប្អូន​មិនដែល​ស្គាល់​ខ្ញុំ​ទេ​។ នៅពេល​ជជែក​ទៅ រៀន​ពូកែ​គួរសម​ដែរ ប៉ុន្តែ​មិនដែល​ស្គាល់​។ ដល់ពេល​អីចឹង​ទៅ ឥឡូវនេះ​ខ្ញុំ​ឲ្យ​ប្រាក់ខែ​៣០០​ដុល្លារ តើ​ប្អូន​យក​អត់​? ផ្ទុយ​ពី​យុវជន​ខ្លះ​ដែល​ខ្ញុំ​ស្គាល់ គាត់​មិន​ទៅសុំ​ការងារ​គេ​ទេ​។ ប៉ុន្តែ​គាត់​ត្រូវបាន​គេ​អញ្ជើញ​មក​ធ្វើការ​ងារ​វិញ​។ ហេតុអ្វី​? មកពី​គាត់​ចេះ​លក់​ខ្លួនឯង​។ គាត់​ចេះ​ឲ្យ​គេ​ដឹងថា​អ្វី​ជា​អត្តចរិត​របស់គាត់​? តើ​គាត់​ជា​មនុស្ស​បែបណា​? ពីព្រោះ​មនុស្ស​យើង​នេះ អត្តចរិត ឫកពា​របស់​មនុស្ស គឺជា​គុណ​តម្លៃ​ធំ​មួយ ដែល​មនុស្ស​ភាគច្រើន គេ​ឲ្យ​តម្លៃ ហើយ​គេ​ស្គាល់​ច្រើន​។ ឧទាហរណ៍​មួយទៀត មាន​ក្រុមហ៊ុន​«​ក​»​រកស៊ី​ដូច​ក្រុមហ៊ុន​«​ខ​» ហើយ​គាត់​ឃើញ​មនុស្ស​ម្នាក់​នោះ​ពូកែ​។ ឥឡូវ​បើ​ប្អូន​មក​ធ្វើការ​នូវ​កន្លែង​នេះ ខ្ញុំ​ឲ្យ​ប្រាក់ខែ​ប្អូន​លើសពី​ដង​។ អីចឹង​យុវជន​ជំនាន់​ក្រោយនេះ ប្រសិនបើ​ចេះ​រៀបចំ ធ្វើ​យ៉ាងម៉េច​ឲ្យ​គេ​ស្គាល់​ខ្លួន ហើយ​គេ​មករក​ខ្លួន​តាមរយៈ​សមិទ្ធផល​ដែល​ខ្លួនឯង​បានធ្វើ យុវជន​នោះ​ជោគជ័យ​។

​លោក ទីន សុខ​លីម​៖  តើ​យុវជន​គួរ​កសាង Personal branding ខ្លួនឯង​តាម​ណា​?
​លោក ឆាំ ប៊ុន​ថេត​៖ កសាង Personal branding ខ្លួនឯង​នេះ​ទី​១ យុវជន​ត្រូវ​ស្គាល់​គោលដៅ​ខ្លួនឯង​សិន ថា​ខ្លួនឯង​ចង់​ធ្វើ​អ្វី​? អ្វី​គឺជា​ហេតុដែល​យើង​ចង់បាន​ទៅ​ថ្ងៃ​អនាគត​? ទី​២ កំណត់​ចក្ខុវិស័យ​ខ្លួនឯង​។ ទី​៣ យើង​ត្រូវ​ដឹងថា តើ​អ្វី​ជា​គុណ​តម្លៃ​របស់ខ្លួន​យើង​? អ្នកខ្លះ​គិតថា គុណ​តម្លៃ​របស់គេ​ត្រូវមាន​មិត្ត​ឲ្យ​ច្រើន លុយ​ច្រើន ឬ​ជាម​នុស្ស​មួយ​យកគុណ​ធម៌​ជាធំ​។ អ្នកខ្លះ​ទៀតថា គុណ​តម្លៃ​គេ គឺ​ការរៀបចំ និង​គ្រប់គ្រង​ខ្លួនឯង មានមុខ​ជំនួញ​មួយ​ត្រឹមត្រូវ​ដើម្បី​ចិញ្ចឹមជីវិត មានគ្រួសារ​ដែល​សុភមង្គល មាន​មិត្តភក្តិ​ច្រើន ឬ​មាន​គេ​ស្រលាញ់​ច្រើន​ជាដើម​។ ទី​៤ តើ​អ្នកណាខ្លះ​ដែល​គាំទ្រ​ចក្ខុវិស័យ និង​គុណ​តម្លៃ​របស់​យើង​? ដូច​ខ្ញុំ​បាន​ឧទាហរណ៍​ខាងដើម​ហើយ​ប្អូនស្រីៗ​ខ្លះ គាត់​ឲ្យ​តម្លៃ​ទៅលើ​សម្រស់​របស់គាត់ ពេលនោះ​គាត់​នឹង​ដឹង​ហើយ​ថា មនុស្ស​ដែល​ចូលចិត្ត​ភាព​សិច​ស៊ី ជា​អ្នក​ឲ្យ​តម្លៃ​គាត់​។ ចំណុច​ទី​៥ យើង​ត្រូវ​ដឹងថា តើ​ពួកគេ​ត្រូវការ​អ្វី​? ពេលណា​ដែល​យើង​ដឹង​តម្រូវការ​របស់គេ ហើ​យើង​ចាប់ផ្តើម​លក់ខ្លួន​ឯង​ទៅ គឺ​ត្រូវ​នឹង​ទីផ្សា​នោះ​ហើយ​។ ចំណុច​ទី​៦ តើ​អ្វីដែល​យើង​ត្រូវ​ផ្តល់​តម្រូវការ​ទាំងអស់​នោះ​? ឧទាហរណ៍​ថា ខ្ញុំ​ជាម​នុស្ស​ដែល​ស្មោះត្រង់ ដែល​អ្នកឯង​អាច​ទុកចិត្ត​ខ្ញុំ​បាន​។ ទី​៧ តើ​ខ្ញុំ​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​រក្សា​ការសន្យា​នោះ​? ឧទាហរណ៍​ដូចជា​អ្នកនយោបាយ អ្នកជំនួញ គាត់​តែងតែ​មិន​រក្សា​ការសន្យា​។ ក៏ប៉ុន្តែ​បើ​គាត់​មិនបាន​រក្សា​របស់​ទាំងនេះ គាត់​នឹងធ្វើ​ឲ្យ​បាត់​ការទុកចិត្ត​ទៅវិញ​។ នេះ​គឺជា​៧ ដំណាក់​កាលដែល​យើង​ត្រូវធ្វើ ដើម្បី​អនុញ្ញាត​ឲ្យ​ខ្លួនឯង ក្លាយជា​មនុស្ស​មួយ​ដែលមាន Branding ច្បាស់លាស់​។ ខ្ញុំ​ជឿថា​នៅពេលដែល​យុវជន​ចេះ​កសាង​Brand​ខ្លួនឯង នោះ​ភាពជោគជ័យ​នឹង​រត់តាម​គាត់​។ ក៏ប៉ុន្តែ​បើ​គាត់​មិនចេះ​កសាង​Brand​ខ្លួនឯង​ទេ គាត់​នឹង​រត់តាម​ភាពជោគជ័យ​អស់​មួយជីវិត​។

​លោក ទីន សុខ​លីម​៖ តើ​យុវជន​គួរ​រក្សា​កសាង brand ខ្លួនឯង​បែបណា ?
​លោក ឆាំ ប៊ុន​ថេត​៖ យើង​កុំ​បង្កើត​ការសន្យា​ដែល​ខ្លួនឯង​ធ្វើ​មិនបាន​។ ឧទាហរណ៍ ខ្ញុំ​ណាត់ជួប​លោក​ប្អូន​ម៉ោង​៩​ជួបគ្នា ប៉ុន្តែ​ម៉ោង​១០ លោក​ប្អូន​មិនទាន់បាន​ជួប​ផង​។  លើក​ទី​២ ម៉ោង​១០ ជួបគ្នា ប៉ុន្តែ​១១ មិនទាន់​ជួបគ្នា​ផង​។ អីចឹង​សួរថា​លោក​ប្អូន​ជឿ​ខ្ញុំ​ទៀត​បានទេ​? ពេលណា​ដែល​យើង​រក្សា​សន្យា​មិនបាន នោះ​យើង​នឹង​បាត់​ហើយ​។ មួយទៀត​មកពី​គុណ​តម្លៃ និង​ចក្ខុវិស័យ​ដែល​យើង​ឲ្យ​នោះ វា​ច្រើនពេក​។ យើង​ធ្វើ​រឿងនេះ​បន្តិច ធ្វើ​រឿង​នោះ​បន្តិច​។ កន្លែង​នេះ​អាចធ្វើ​ឲ្យ​យើង​បាត់ ពីព្រោះ​យើង​មិនដឹង​ខ្លួនឯង មានគុណ​តម្លៃ​អ្វី​ច្បាស់លាស់ និង​គោល​អ្វី​ឲ្យ​ពិត​ប្រា​ដក​។ អីចឹង​បើ​យើង​កំណត់​គោលដៅ​ខ្លួនឯង​ឲ្យ​ច្បាស់  បើ​យើង​ទៅដល់​គុណ​តម្លៃ​នោះ​មិនបាន យើង​កុំ​ដូរ​គុណ​តម្លៃ តែ​យើង​ត្រូវ​ដូរ​យុទ្ធសាស្ត្រ​។ បើ​ហែល​ទឹក​មិន​ដល់​ទេ ត្រូវ​ជិះទូក បើ​ជិះទូក​មិន​ដល់​ទេ ត្រូវ​ជិះ​យន្តហោះ​។ អីចឹង​យើង​ត្រូវ​ដឹង​ខ្លួនឯង មានគុណ​តម្លៃ​អ្វី​? គោលដៅ​យើង​ទៅណា និង​ច្បាស់លាស់​ជាមួយ​វា និង​រក​គ្រប់​មធ្យោបាយ​ដើម្បី​សម្រេច​វា​។ កុំ​ខ្លាច​បរាជ័យ ពីព្រោះ​រាល់​ពេលដែល​បរាជ័យ គឺ​យើង​រៀន​បាន​ច្រើនជាង​មុន​។ តែបើ​យើង​មិនដែល​បរាជ័យ​សោះ ដួល​តែម្តង យើង​អាច​ឈឺ​ធ្ងន់​។ កុំ​បោះបង់​គុណ​តម្លៃ បើ​យើង​យល់ថា​គុណ​តម្លៃ​នោះ​ល្អ  នោះ​មនុ​ស្សនឹង​ឲ្យ​តម្លៃ​រយៈពេល​វែង មិនមែន​តែ​១​ខែ ឬ​១​ឆ្នាំ​នោះទេ​។



​លោក ទីន សុខ​លីម​៖ ពេលខ្លះ​យើង​មិន​ចង់​បរាជ័យ​ទេ ប៉ុន្តែ​នៅពេល​យើង​បរាជ័យ​ច្រើនដង​ទៀត ធ្វើ​ឲ្យ​យើង​លែង​ចង់​ប្រឹង​ទៅមុខទៀត​។ នៅពេលដែល​យើង​បរាជ័យ​ច្រើនដង តើ​អ្វី​ជា​ដំណោះស្រាយ​សម្រាប់​យុវជន ហើយ​បុគ្គល​បែបណា​ដែល​គួរ​ទៅរក​ដើម្បី​ជួយ​ដោះស្រាយ​?
​លោក ឆាំ ប៊ុន​ថេត​៖ ជាទូទៅ នៅពេលណា​ដែល​យើង​ដើរ​ទៅរក​គុណ​តម្លៃ យើង​នឹង​បរាជ័យ​។ មនុស្ស​ណា​ក៏​ដូចគ្នា​ដែរ​។ មនុស្ស​ទី​១​ដែល​យើង​ត្រូវ​ទៅរក​គឺ​ខ្លួនឯង និង​គុណ​តម្លៃ​របស់​យើង​។ នៅពេល​យើង​បរាជ័យ មិនមែន​ដោយសារ​គុណ​តម្លៃ​របស់​យើង​ទេ ប៉ុន្តែ​ដោយសារ​មធ្យោបាយ​ដែល​យើង​ប្រើ​ដើម្បី​ទៅរក​គុណ​តម្លៃ​នោះ​។ ឧទាហរណ៍ យើង​ចង់​ហែល​ទឹក​ឲ្យ​បាន​១០០​ម៉ែត្រ តែ​ខ្លួន​យើង​មិនដែល​ហែល​ទឹក​ផង ដល់ពេល​ហែល​ទៅ​លង់ គឺ​យើង​ខុស ពីព្រោះ​មធ្យោបាយ​ដែល​យើង​ធ្វើ​វា​មិនត្រូវ​។ ដូច្នេះ​យើង​ត្រូវ​សួរ​ខ្លួនឯង​សិន ហេតុអ្វី​បានជា​ខ្ញុំ​បរាជ័យ​? មើល​គុណ​តម្លៃ​ហើយ​ពិចារណា​ម្តងទៀត​។ ទី​២ ត្រូវ​រត់ទៅរក​មនុស្ស​ដែល​ទុកចិត្ត​បំផុត ដែល​អាច​ជជែក​រឿងនេះ​បាន ដើម្បី​ឲ្យ​គេ​ជួយ​សិក្សា​មើល​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា គ្មាន​នរណាម្នាក់ ខ្លាំង​ជាង​ការលើកទឹកចិត្ត​ខ្លួនឯង​នោះទេ​។ ត្រូវ​រំឭក​ខ្លួនឯង​ថា នៅពេលដែល​ធ្វើ​អ្វីមួយ លទ្ធផល​មាន​ពីរ​គឺ​ដួល និង​ដើរ​។ ប្រសិនបើ​ខ្ញុំ​ដួល គឺ​ខ្ញុំ​ងើប បើ​ដួល​ហើយ​ខ្ញុំ​មិន​ងើប គឺ​ចប់​ហើយ លែង​ទៅណា​រួច​។     អីចឹង​ឲ្យ​យើង​យល់ថា រាល់​ការសម្រេចចិត្ត សូម្បីតែ​ស្នេហា​ក៏ដោយ ទី​១​សប្បាយចិត្ត និង​ទី​២​កើតទុក្ខ ឬ​អាច​បែកបាក់ និង​យូរអង្វែង​។ នៅពេលដែល​យើង​សម្រេចចិត្ត​ទទួលស្គាល់​លទ្ធផល​ឲ្យ​ហើយ ទោះបី​លទ្ធផល​យ៉ាងណាក៏ដោយ យើង​នៅតែ​អាច​ក្រោកឈរ​បាន​។

​លោក ទីន សុខ​លីម​៖ តើ​អ្វី​ជា​អនុសាសន៍​របស់ លោក សាស្ត្រាចារ្យ ពាក់ព័ន្ធ​នឹង​ការកសាង Personal Branding?
​លោក ឆាំ ប៊ុន​ថេត​៖ អនុសាសន៍​របស់ខ្ញុំ គឺ​ដូច​ទៅនឹង​គន្លឹះ​ទាំង​៧​ខាងលើ​។ យើង​ត្រូវ​រៀបចំ​ខ្លួនឯង​ឲ្យ​បាន​ច្បាស់ ហើយ​មើល​គុណ​តម្លៃ​។ យើង​ត្រូវ​ចាំ​ថា​គុណ​តម្លៃ​នេះ ជួយ​ឲ្យ​យើង​មាន​សេចក្តីសុខ​រយៈពេល​វែង​ឆ្ងាយ និង​ជា​គុណ​តម្លៃ​មួយ​ដែល​យើង​ស្លាប់ទៅ ក៏​នៅមាន​តម្លៃ​ជា​ដដែល​៕



© រក្សាសិទ្ធិដោយ thmeythmey.com