ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
បទយកការណ៍ / បទសម្ភាសន៍
លោក ឆាំ ប៊ុនថេត ថាយុវជនជោគជ័យចេះបង្ហាញសមិទ្ធផល និងរៀបចំខ្លួនឲ្យគេស្គាល់
13, Aug 2017 ,
10:19 pm
រូបភាព
×
ដោយ:
លោក ឆាំ ប៊ុនថេត មើលឃើញថា ការកសាងកិត្តិនាមខ្លួនឯង(Personal Branding) មានសារៈសំខាន់ណាស់សម្រាប់មនុស្សទូទៅ ពិសេសយុវជន។ សាស្ត្រាចារ្យផ្នែកអភិវឌ្ឍន៍មគ្គុទេ្ទសរូបនេះជឿថា នៅពេលដែលយុវជនចេះកសាង Brandខ្លួនឯង នោះភាពជោគជ័យនឹងរត់តាមពួកគេ។ ក៏ប៉ុន្តែបើយុវជនមិនចេះកសាង Brand ខ្លួនឯងទេ ពួកគេនឹងរត់តាមភាពជោគជ័យអស់មួយជីវិត។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញ សម្តាប់ និងអាន បទសម្ភាស រវាង លោក ទីន សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ជាមួយលោក ឆាំ ប៊ុនថេត ដូចតទៅ៖
សូមស្តាប់សំឡេង៖
លោក ទីន សុខលីម៖ ការចេះកសាង Personal branding (ស្លាកយីហោផ្ទាល់ខ្លួន) វាមានសសារៈសំខាន់ ដែលធ្វើឲ្យយើងមានតម្លៃ ការទុកចិត្ត និងទទួលបានឱកាសផ្សេងៗ ប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ពីតម្លៃវា។ លោកសាស្ត្រាចារ្យអាចជួយបង្ហាញបានទេ តើអ្វីទៅគឺជា Personal branding?
លោក ឆាំ ប៊ុនថេត៖ បើនិយាយឲ្យខ្លី និងងាយស្រួលយល់ Personal branding ជាកិត្តិនាម ជាស្លាកយីហោ ឬស្លាកសញ្ញារបស់បុគ្គលម្នាក់ៗ ហើយវាគឺជារឿងដែលមនុស្សជាទូទៅតែងតែនិយាយ ឬតែងតែលើកឡើង។ ឧទាហរណ៍ សម្តេចពោធិញាណ ជួន ណាត Personal branding របស់លោកជាអ្នកចងក្រងអក្សរសាស្ត្រខ្មែរ ហើយនេះជាអ្វីដែលគេតែងតែនិយាយតគ្នារហូត។
លោក ទីន សុខលីម៖ យើងតែងតែលឺ គេនិយាយពីពាក្យ Personal branding (ស្លាកយីហោផ្ទាល់ខ្លួន និង Value (គុណតម្លៃ)។ តើអ្វីទៅជាភាពខុសគ្នារវាងពាក្យទាំងពីរនេះ?
លោក ឆាំ ប៊ុនថេត៖ តាមពិតទៅរវាង Personal branding និង Value គេមិនសូវជាយល់ច្រឡំគ្នា ប៉ុន្មានទេ ដោយសារគេយក ដែលយើងមាននេះ ទៅបង្កើត Brand (ម៉ាកឬស្នាកសញ្ញានៃខ្លួនរបស់យើង)។ ប៉ុន្តែរវាង Personal Branding និងការធ្វើទីផ្សារ(Marketing) គេអាចច្រឡំគ្នា។ ជួនកាលអ្នកខ្លះយល់ថា គាត់គ្រាន់តែធ្វើទីផ្សារ ខ្លួនឯងទៅ គាត់ធ្វើស្លាកយីហោផ្ទាល់ខ្លួនហើយ។ តាមពិតទៅយើងធ្វើ ទីផ្សារដើម្បីលក់ផលិតផល ចំណែកការធ្វើ Brandingនេះ យើងមិនលក់ផលិតផលទេ ប៉ុន្តែយើងលក់គុណតម្លៃ។ ឧទាហរណ៍យើងស្គាល់ទូរស័ព្ទ iPhone យើងមិនមែនស្គាល់ដោយសារម៉ាករបស់វានោះទេ។ ប៉ុន្តែវាមានហេតុផលនៅពីក្រោយនោះថា ហេតុអ្វីបានជាគេបង្កើតទូរស័ព្ទ iPhone នេះ? គឺដោយសារវាមានគុណតម្លៃរបស់វា ដែលធ្វើឲ្យយើងប្រើប្រាស់ទូរស័ព្ទ iPhone ។ ប៉ុន្តែមិនមែនគេធ្វើ ទីផ្សារ ដើម្បីតែលក់ទេ ហើយក្រុមហ៊ុនណាក៏ធ្វើដែរ។ ហេតុអ្វីបានជាយើងទិញទូរស័ព្ទ iPhone ឬផលិតផល Apple ជាជាងក្រុមហ៊ុនដទៃ? ហេតុអ្វីបានជាយើងឲ្យតម្លៃបុគ្គលម្នាក់ ជាងបុគ្គលម្នាក់ទៀត? ហេតុអ្វីបានជាគេស្គាល់ លោកតា កុល ផេង? មិនមែនដោយសារ គាត់ជាសាកលវិទ្យាល័យបញ្ញាសាស្ត្រទេ យើងមើលមាននាយកសាលាច្រើនណាស់នៅស្រុកខ្មែរ។ ហេតុអ្វីបានជាគេមិនសូវស្គាល់? ហើយហេតុអ្វីបានជាគេស្គាល់គាត់? ដោយសារគាត់មានគុណតម្លៃមួយដែលគេលឺ ហើយគាត់មិនដែលធ្វើទីផ្សារខ្លួនឯងផង។ ប៉ុន្តែគុណតម្លៃដែលគាត់ឲ្យទៅនេះ វាទៅជារឿងមួយដែលគេនិយាយតៗគ្នា។
លោក ទីន សុខលីម៖ លោកសាស្ត្រាចារ្យអាចលើកជាឧទាហរណ៍ ពីគុណតម្លៃមនុស្សម្នាក់ៗ មួយចំនួនបានទេ ?
លោក ឆាំ ប៊ុនថេត៖ និយាយរួមមនុស្សយើងមានគុណតម្លៃ និងឲ្យតម្លៃទៅលើរឿងអ្វីមួយខុសៗគ្នា។ បុគ្គលខ្លះ គាត់ឲ្យតម្លៃទៅលើរូបរាង ឬសម្រស់របស់គាត់។ យើងមើលឃើញ នារីខ្លះៗ គាត់ស្លៀកពាក់សិចស៊ី គាត់ថតរូបទៅបង្ហោះ តាមបណ្តាញសង្គម។ ពេលគាត់បង្ហោះបែបនេះ គឺគេស្គាល់គាត់រយៈរូបភាពសិចស៊ី ហើយនេះគឺជាBrandមួយ។ តើអ្នកណាជាអ្នកឲ្យតម្លៃ? គឺមនុស្សដែលចូលចិត្តភាពសិចស៊ីជាអ្នកឲ្យតម្លៃ។ ឧទាហរណ៍មួយទៀត លោកតា កុល ផេង តើអ្វីជា brand របស់គាត់? ពេលណាយើងនិយាយពីលោកតា កុល ផេង គឺយើងនិយាយពីរឿងគុណធម៌ មេត្តាធម៌ និងការអនុគ្រោះ។ ការធ្វើ Personal branding ប្រសិនបើយើងឲ្យតម្លៃមួយមិនត្រូវ ក៏ធ្វើឲ្យPersonal branding នោះក៏មិនយូអង្វែងដែរ។ ឧទាហរណ៍ឲ្យតម្លៃលើសម្រស់ តើសម្រស់នោះមានអាយុកាលវែងអន្លាយទេ។ ថ្ងៃណាមួយ វាអស់ទៅវិញ ហើយbrand របស់យើងនោះក៏វាបាត់ទៅវិញដែរ។
លោក ទីន សុខលីម៖ តើអ្វីទៅជាសារៈសំខាន់នៃការធ្វើ Personal branding ?
លោក ឆាំ ប៊ុនថេត៖ ជាទូទៅនៅពេលដែលយើងចេះធ្វើ Personal brandingនេះ វាមានសារៈសំខាន់ណាស់ ជាពិសេសខ្ញុំចង់សំដៅទៅលើយុវជន។ ប្រសិនបើយើងឲ្យតម្លៃខ្លួនឯង តែទៅលើរូបរាងខាងក្រៅ បានន័យថា របស់ដែលបានមកពីកំណើត។ យើងមិនខំប្រឹងសាងឲ្យវាបាននោះ ដល់អីចឹងគុណតម្លៃរបស់យើង គឺទៅតាមនោះ។ នារីខ្មែរច្រើនណាស់ដែលគាត់លក់សម្រស់។ នៅពេលដែលគាត់អស់សម្រស់ទៅ ប្តីធ្វើបាប តែមាននារីខ្លះទៀតគាត់មិនបានធ្វើ Branding តាមរយៈសម្រស់ខាងក្រៅអីចឹងទេ ប៉ុន្តែគាត់ធ្វើ Personal brandingនេះ តាមរយៈជំនាញ ចំណេះដែលគាត់មាន គាត់ឲ្យតម្លៃទៅលើការរៀន ការធ្វើការងារខ្លួនឯង និងការកសាងភាពជាម្ចាស់លើខ្លួនឯង ជាជាងពឹងទៅលើមនុស្សប្រុស។ ដូច្នេះទោះបីគាត់អស់សម្រស់ទៅ ក៏គាត់នៅតែខ្លាំងដែរ គាត់នៅតែដើរទៅមុខបាន ហើយករណីប្តីរត់ចោល ក៏គ្មានបញ្ហា គាត់នៅតែអាចរស់បាន។ និស្សិតបញ្ញវន្តខ្លះ មិនសូវយកចិត្តទុកដាក់រឿងនេះទេ គាត់គិតតែពីរៀន ហើយគាត់ក៏មិនចង់ឲ្យគេឃើញដែរ។ គាត់មិនចង់កសាងbrand របស់គាត់ឲ្យលឺដល់អ្នកដទៃ បើគាត់ធ្វើស្ងាត់ៗ នៅតែឯង ក៏ពិបាកដែរ។ ឧទាហរណ៍ ខ្ញុំរត់ទៅរកលោកប្អូន ដើម្បីសុំការងារធ្វើ លោកប្អូនមិនដែលស្គាល់ខ្ញុំទេ។ នៅពេលជជែកទៅ រៀនពូកែគួរសមដែរ ប៉ុន្តែមិនដែលស្គាល់។ ដល់ពេលអីចឹងទៅ ឥឡូវនេះខ្ញុំឲ្យប្រាក់ខែ៣០០ដុល្លារ តើប្អូនយកអត់? ផ្ទុយពីយុវជនខ្លះដែលខ្ញុំស្គាល់ គាត់មិនទៅសុំការងារគេទេ។ ប៉ុន្តែគាត់ត្រូវបានគេអញ្ជើញមកធ្វើការងារវិញ។ ហេតុអ្វី? មកពីគាត់ចេះលក់ខ្លួនឯង។ គាត់ចេះឲ្យគេដឹងថាអ្វីជាអត្តចរិតរបស់គាត់? តើគាត់ជាមនុស្សបែបណា? ពីព្រោះមនុស្សយើងនេះ អត្តចរិត ឫកពារបស់មនុស្ស គឺជាគុណតម្លៃធំមួយ ដែលមនុស្សភាគច្រើន គេឲ្យតម្លៃ ហើយគេស្គាល់ច្រើន។ ឧទាហរណ៍មួយទៀត មានក្រុមហ៊ុន«ក»រកស៊ីដូចក្រុមហ៊ុន«ខ» ហើយគាត់ឃើញមនុស្សម្នាក់នោះពូកែ។ ឥឡូវបើប្អូនមកធ្វើការនូវកន្លែងនេះ ខ្ញុំឲ្យប្រាក់ខែប្អូនលើសពីដង។ អីចឹងយុវជនជំនាន់ក្រោយនេះ ប្រសិនបើចេះរៀបចំ ធ្វើយ៉ាងម៉េចឲ្យគេស្គាល់ខ្លួន ហើយគេមករកខ្លួនតាមរយៈសមិទ្ធផលដែលខ្លួនឯងបានធ្វើ យុវជននោះជោគជ័យ។
លោក ទីន សុខលីម៖ តើយុវជនគួរកសាង Personal branding ខ្លួនឯងតាមណា?
លោក ឆាំ ប៊ុនថេត៖ កសាង Personal branding ខ្លួនឯងនេះទី១ យុវជនត្រូវស្គាល់គោលដៅខ្លួនឯងសិន ថាខ្លួនឯងចង់ធ្វើអ្វី? អ្វីគឺជាហេតុដែលយើងចង់បានទៅថ្ងៃអនាគត? ទី២ កំណត់ចក្ខុវិស័យខ្លួនឯង។ ទី៣ យើងត្រូវដឹងថា តើអ្វីជាគុណតម្លៃរបស់ខ្លួនយើង? អ្នកខ្លះគិតថា គុណតម្លៃរបស់គេត្រូវមានមិត្តឲ្យច្រើន លុយច្រើន ឬជាមនុស្សមួយយកគុណធម៌ជាធំ។ អ្នកខ្លះទៀតថា គុណតម្លៃគេ គឺការរៀបចំ និងគ្រប់គ្រងខ្លួនឯង មានមុខជំនួញមួយត្រឹមត្រូវដើម្បីចិញ្ចឹមជីវិត មានគ្រួសារដែលសុភមង្គល មានមិត្តភក្តិច្រើន ឬមានគេស្រលាញ់ច្រើនជាដើម។ ទី៤ តើអ្នកណាខ្លះដែលគាំទ្រចក្ខុវិស័យ និងគុណតម្លៃរបស់យើង? ដូចខ្ញុំបានឧទាហរណ៍ខាងដើមហើយប្អូនស្រីៗខ្លះ គាត់ឲ្យតម្លៃទៅលើសម្រស់របស់គាត់ ពេលនោះគាត់នឹងដឹងហើយថា មនុស្សដែលចូលចិត្តភាពសិចស៊ី ជាអ្នកឲ្យតម្លៃគាត់។ ចំណុចទី៥ យើងត្រូវដឹងថា តើពួកគេត្រូវការអ្វី? ពេលណាដែលយើងដឹងតម្រូវការរបស់គេ ហើយើងចាប់ផ្តើមលក់ខ្លួនឯងទៅ គឺត្រូវនឹងទីផ្សានោះហើយ។ ចំណុចទី៦ តើអ្វីដែលយើងត្រូវផ្តល់តម្រូវការទាំងអស់នោះ? ឧទាហរណ៍ថា ខ្ញុំជាមនុស្សដែលស្មោះត្រង់ ដែលអ្នកឯងអាចទុកចិត្តខ្ញុំបាន។ ទី៧ តើខ្ញុំគួរធ្វើអ្វីខ្លះ ដើម្បីរក្សាការសន្យានោះ? ឧទាហរណ៍ដូចជាអ្នកនយោបាយ អ្នកជំនួញ គាត់តែងតែមិនរក្សាការសន្យា។ ក៏ប៉ុន្តែបើគាត់មិនបានរក្សារបស់ទាំងនេះ គាត់នឹងធ្វើឲ្យបាត់ការទុកចិត្តទៅវិញ។ នេះគឺជា៧ ដំណាក់កាលដែលយើងត្រូវធ្វើ ដើម្បីអនុញ្ញាតឲ្យខ្លួនឯង ក្លាយជាមនុស្សមួយដែលមាន Branding ច្បាស់លាស់។ ខ្ញុំជឿថានៅពេលដែលយុវជនចេះកសាងBrandខ្លួនឯង នោះភាពជោគជ័យនឹងរត់តាមគាត់។ ក៏ប៉ុន្តែបើគាត់មិនចេះកសាងBrandខ្លួនឯងទេ គាត់នឹងរត់តាមភាពជោគជ័យអស់មួយជីវិត។
លោក ទីន សុខលីម៖ តើយុវជនគួររក្សាកសាង brand ខ្លួនឯងបែបណា ?
លោក ឆាំ ប៊ុនថេត៖ យើងកុំបង្កើតការសន្យាដែលខ្លួនឯងធ្វើមិនបាន។ ឧទាហរណ៍ ខ្ញុំណាត់ជួបលោកប្អូនម៉ោង៩ជួបគ្នា ប៉ុន្តែម៉ោង១០ លោកប្អូនមិនទាន់បានជួបផង។ លើកទី២ ម៉ោង១០ ជួបគ្នា ប៉ុន្តែ១១ មិនទាន់ជួបគ្នាផង។ អីចឹងសួរថាលោកប្អូនជឿខ្ញុំទៀតបានទេ? ពេលណាដែលយើងរក្សាសន្យាមិនបាន នោះយើងនឹងបាត់ហើយ។ មួយទៀតមកពីគុណតម្លៃ និងចក្ខុវិស័យដែលយើងឲ្យនោះ វាច្រើនពេក។ យើងធ្វើរឿងនេះបន្តិច ធ្វើរឿងនោះបន្តិច។ កន្លែងនេះអាចធ្វើឲ្យយើងបាត់ ពីព្រោះយើងមិនដឹងខ្លួនឯង មានគុណតម្លៃអ្វីច្បាស់លាស់ និងគោលអ្វីឲ្យពិតប្រាដក។ អីចឹងបើយើងកំណត់គោលដៅខ្លួនឯងឲ្យច្បាស់ បើយើងទៅដល់គុណតម្លៃនោះមិនបាន យើងកុំដូរគុណតម្លៃ តែយើងត្រូវដូរយុទ្ធសាស្ត្រ។ បើហែលទឹកមិនដល់ទេ ត្រូវជិះទូក បើជិះទូកមិនដល់ទេ ត្រូវជិះយន្តហោះ។ អីចឹងយើងត្រូវដឹងខ្លួនឯង មានគុណតម្លៃអ្វី? គោលដៅយើងទៅណា និងច្បាស់លាស់ជាមួយវា និងរកគ្រប់មធ្យោបាយដើម្បីសម្រេចវា។ កុំខ្លាចបរាជ័យ ពីព្រោះរាល់ពេលដែលបរាជ័យ គឺយើងរៀនបានច្រើនជាងមុន។ តែបើយើងមិនដែលបរាជ័យសោះ ដួលតែម្តង យើងអាចឈឺធ្ងន់។ កុំបោះបង់គុណតម្លៃ បើយើងយល់ថាគុណតម្លៃនោះល្អ នោះមនុស្សនឹងឲ្យតម្លៃរយៈពេលវែង មិនមែនតែ១ខែ ឬ១ឆ្នាំនោះទេ។
លោក ទីន សុខលីម៖ ពេលខ្លះយើងមិនចង់បរាជ័យទេ ប៉ុន្តែនៅពេលយើងបរាជ័យច្រើនដងទៀត ធ្វើឲ្យយើងលែងចង់ប្រឹងទៅមុខទៀត។ នៅពេលដែលយើងបរាជ័យច្រើនដង តើអ្វីជាដំណោះស្រាយសម្រាប់យុវជន ហើយបុគ្គលបែបណាដែលគួរទៅរកដើម្បីជួយដោះស្រាយ?
លោក ឆាំ ប៊ុនថេត៖ ជាទូទៅ នៅពេលណាដែលយើងដើរទៅរកគុណតម្លៃ យើងនឹងបរាជ័យ។ មនុស្សណាក៏ដូចគ្នាដែរ។ មនុស្សទី១ដែលយើងត្រូវទៅរកគឺខ្លួនឯង និងគុណតម្លៃរបស់យើង។ នៅពេលយើងបរាជ័យ មិនមែនដោយសារគុណតម្លៃរបស់យើងទេ ប៉ុន្តែដោយសារមធ្យោបាយដែលយើងប្រើដើម្បីទៅរកគុណតម្លៃនោះ។ ឧទាហរណ៍ យើងចង់ហែលទឹកឲ្យបាន១០០ម៉ែត្រ តែខ្លួនយើងមិនដែលហែលទឹកផង ដល់ពេលហែលទៅលង់ គឺយើងខុស ពីព្រោះមធ្យោបាយដែលយើងធ្វើវាមិនត្រូវ។ ដូច្នេះយើងត្រូវសួរខ្លួនឯងសិន ហេតុអ្វីបានជាខ្ញុំបរាជ័យ? មើលគុណតម្លៃហើយពិចារណាម្តងទៀត។ ទី២ ត្រូវរត់ទៅរកមនុស្សដែលទុកចិត្តបំផុត ដែលអាចជជែករឿងនេះបាន ដើម្បីឲ្យគេជួយសិក្សាមើល។ ប៉ុន្តែត្រូវចាំថា គ្មាននរណាម្នាក់ ខ្លាំងជាងការលើកទឹកចិត្តខ្លួនឯងនោះទេ។ ត្រូវរំឭកខ្លួនឯងថា នៅពេលដែលធ្វើអ្វីមួយ លទ្ធផលមានពីរគឺដួល និងដើរ។ ប្រសិនបើខ្ញុំដួល គឺខ្ញុំងើប បើដួលហើយខ្ញុំមិនងើប គឺចប់ហើយ លែងទៅណារួច។ អីចឹងឲ្យយើងយល់ថា រាល់ការសម្រេចចិត្ត សូម្បីតែស្នេហាក៏ដោយ ទី១សប្បាយចិត្ត និងទី២កើតទុក្ខ ឬអាចបែកបាក់ និងយូរអង្វែង។ នៅពេលដែលយើងសម្រេចចិត្តទទួលស្គាល់លទ្ធផលឲ្យហើយ ទោះបីលទ្ធផលយ៉ាងណាក៏ដោយ យើងនៅតែអាចក្រោកឈរបាន។
លោក ទីន សុខលីម៖ តើអ្វីជាអនុសាសន៍របស់ លោក សាស្ត្រាចារ្យ ពាក់ព័ន្ធនឹងការកសាង Personal Branding?
លោក ឆាំ ប៊ុនថេត៖ អនុសាសន៍របស់ខ្ញុំ គឺដូចទៅនឹងគន្លឹះទាំង៧ខាងលើ។ យើងត្រូវរៀបចំខ្លួនឯងឲ្យបានច្បាស់ ហើយមើលគុណតម្លៃ។ យើងត្រូវចាំថាគុណតម្លៃនេះ ជួយឲ្យយើងមានសេចក្តីសុខរយៈពេលវែងឆ្ងាយ និងជាគុណតម្លៃមួយដែលយើងស្លាប់ទៅ ក៏នៅមានតម្លៃជាដដែល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម