កីឡាជាតិ
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នាយរង​បេសកកម្ម​៖ កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​
14, Aug 2017 , 2:42 pm        
រូបភាព
លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម​កម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម
លោក ញ៉ាន សុខវិសាល នាយរងបេសកកម្ម​កម្ពុជា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម
​ម៉ាឡេស៊ី នឹង​បើក​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​ផ្លូវការ​នា​ថ្ងៃទី​១៩ ខែសីហា ខាងមុខ ខណៈ​ប្រភេទ​កីឡា​មួយចំនួន​បានចាប់ផ្តើម​ការប្រកួត​ជា​បណ្តើរៗ ។ កម្ពុជា​ចូលរួម​ប្រកួតប្រជែង​លើ​២៤​ប្រភេទ​កីឡា ដោយមាន​អត្ត​ព​លិ​ក គ្រូបង្វឹក ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ចំនួន​២៧៤​នាក់ ដែល​ទទួលបាន​លិខិត​ឧទ្ទេសនាម​ផ្លូវការ​។



​តើ​ការរៀបចំ​របស់​កម្ពុជា​មានដំណើរ​បែបណា​? សូម​អាន​បទ​សម្ភាស​រវាង​លោក អ៊ឹង ចំរើន អ្នកយកព័ត៌មាន​ថ្មីៗ ជាមួយ​លោក ញ៉ា​ន សុខ​វិសាល មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​នាយរង​បេសកកម្ម​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​៖

​លោក អ៊ឹង ចំរើន​៖ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ ខែសីហា ខាងមុខនេះ ខណៈ​ប្រភេទ​កីឡា​មួយចំនួន​ក៏បាន​ចាប់ផ្តើម​ការប្រកួត​ផងដែរ​។ តើ​មកដល់ពេលនេះ កម្ពុជា​មានការ​ត្រៀមខ្លួន​យ៉ាងណាខ្លះ​ហើយ​?
លោក ញ៉ា​ន សុខ​វិសាល​៖ ចំពោះ​ផ្នែក​រដ្ឋបាល យើង​ធ្វើការ​យ៉ាង​រលូន​។ ប្រតិភូ និង​អត្ត​ព​លិ​ក​នៃ​ប្រភេទ​កីឡា​មួយចំនួន បានចេញ​ដំណើរ​ម៉ាឡេស៊ី​ជា​បន្តបន្ទាប់​។ យើង​បាន​ជួយ​សម្រួល​ពួកគាត់​ទាក់ទង​នឹង​ការប្រជុំ​បច្ចេកទេស​។ យើង​បាន​ពិនិត្យ​ចុងក្រោយ​លើ​បញ្ជី​ឈ្មោះ និង​ព្រឹត្តិការណ៍ (Event) ដែល​កីឡា​នីមួយៗ​ត្រូវ​ចូលរួម​ប្រកួតប្រជែង​។ បញ្ហា​បន្តិចបន្តួច គឺ​ត្រង់​ការដោះដូរ​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​កនៅ​នាទីចុងក្រោយ ប៉ុន្តែ​យើង​ក៏បាន​ដោះស្រាយ​រួចរាល់​ហើយ​ផងដែរ សង្ឃឹមថា ដល់​ថ្ងៃ​ប្រកួត​នឹង​គ្មាន​បញ្ហា​។​



​លោក អ៊ឹង ចំរើន​៖ កាលពីពេល​ថ្មីៗ​កន្លងមកនេះ លោក​បាន​អញ្ជើញ​ទៅ​ក្រុង​គួ​ឡា​ឡាំ​ពួរ តើ​ទៅក្នុង​គោលបំណង​អ្វី​ដែរ​?

​លោក ញ៉ា​ន សុខ​វិសាល​៖ ខ្ញុំ​បាន​ទៅ​បង់​ថវិកា​៥០​ភាគរយ​ទាក់ទង​នឹង​ការចំណាយ​របស់​ប្រតិភូ និង​អត្ត​ព​លិ​ក​កម្ពុជា ដូច​ជាការ​ស្នាក់នៅ ការហូបចុក​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​២៩​។ យើង​ត្រូវការ​កាត់កង​លើ​បញ្ជី​ឈ្មោះ​អត្ត​ព​លិ​ក​មួយចំនួន ដូចជា​កីឡាបាល់ទាត់​ជាដើម ដែល​ក្នុង​បញ្ជី​បឋម​មាន​រហូតដល់​ទៅ​៣០​នាក់​។ ប្រភេទ​កីឡា​ផ្សេងទៀត មាន​បញ្ជី​ឈ្មោះ​កីឡាករ​-​កីឡាការិនី​បម្រុង ប៉ុន្តែ​ពេលនេះ យើង​ត្រូវការ​ចំនួន​អត្ត​ព​លិ​ក​ពិតប្រាកដ​។ ជាមួយគ្នានេះ ខ្ញុំ​ក៏បាន​យក​លិខិត​ពេទ្យ​ទៅ​ប្រគល់ជូន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ទាក់ទង​នឹង​អត្ត​ព​លិ​ក​ដែល​ត្រូវ​ដោះដូរ​នៅ​នាទីចុងក្រោយ ក្រោម​ហេតុផល​សុខភាព ឬ​បញ្ហា​អ្វីមួយ ដូចជា​ករណី​កីឡាករ​វាយកូនគោល​ម្នាក់​ឈឺដៃ ដែល​មិនអាច​ទៅ​ចូលរួម​ប្រកួត​បាន​។ ខ្ញុំ​ក៏បាន​ទៅយក បណ្ណ​សម្គាល់ ក៏ដូចជា Accreditation Card សម្រាប់​ប្រតិភូ​កីឡា អត្ត​ព​លិ​ក និង​អ្នកសារព័ត៌មាន​កម្ពុជា​ផងដែរ​។ បណ្ណ​សម្គាល់​នៅ​ស៊ី​ហ្គេម​នេះ ក៏​អាច​ប្រើ​ជំនួស​ទិដ្ឋាកា​ផងដែរ ជាពិសេស​សម្រាប់​ប្រតិភូ ឬ​គ្រូបង្វឹក​បរទេស ដែល​ត្រូវការ​ទិដ្ឋាកា​ដើម្បី​ចូលទៅ​ម៉ាឡេស៊ី​។​

​លោក អ៊ឹង ចំរើន​៖ តើ​ការរៀបចំ​របស់​ម៉ាឡេស៊ី យ៉ាងដូចម្តេច​ដែរ​?
លោក ញ៉ា​ន សុខ​វិសាល​៖ ម៉ាឡេស៊ី មាន​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ស្រាប់​ហើយ និង​ធ្លាប់មាន​ប្រវត្តិ​ធ្វើជា​ម្ចាស់ផ្ទះ​ទៀត ដូច្នេះ​មិនមាន​បញ្ហា​អ្វី​ចោទ​ជាធំ​ដុំ​នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ឯកសារ បទដ្ឋាន​មួយចំនួន​ហាក់​មានការ​ខ្វះចន្លោះ​ខ្លះ​ដែរ ព្រោះ​មកដល់ពេលនេះ ពួកគេ​នៅតែមាន​ការកែប្រែ​លក្ខន្តិកៈ​នៃ​ការប្រកួត​មួយចំនួន​។ និយាយ​រួម ការរៀប​ចំនេះ មិន​រលូន​ដូចជា​ការរៀបចំ​នៅ​សិង្ហ​បុរី កន្លងមក​នោះឡើយ​។​

​លោក អ៊ឹង ចំរើន​៖ តើ​មាន​បញ្ហា​ជាពិសេស​អ្វី​ដែរ​ទេ​សម្រាប់​ក្រុមកីឡា​កម្ពុជា​?
​លោក ញ៉ា​ន សុខ​វិសាល​៖ មិន​បញ្ហា​តិចតួច​បំផុត ព្រោះ​ប្រភេទ​កីឡា​ទាំងអស់​ស្នាក់នៅ​សណ្ឋាគារ និង​តំបន់​តែមួយ​រួមគ្នា លើកលែងតែ​ប្រភេទ​កីឡា​ជិះសេះ និង​ទូកក្តោង​ប៉ុណ្ណោះ ដែល​នៅ​ឆ្ងាយ​ពី​គេ​។ ទូកក្តោង​រៀបចំ​នៅ​ក្រុង Langkawi ហើយ​ជិះសេះ ប្រព្រឹត្តទៅ​នៅ​ Terengganu ដែល​យើង​ត្រូវ​ជិះ​រថយន្ត​យ៉ាងហោច​៦​ម៉ោង ឬ​ជិះ​យន្តហោះ​ជាង​១​ម៉ោង​ដើម្បី​ទៅ​មើល​ការរៀបចំ​របស់​ពួកគាត់​។​

​លោក អ៊ឹង ចំរើន​៖ នៅ​ឆ្នាំនេះ ខ្ញុំ​សង្កេតឃើញ​អ្នកសារព័ត៌មាន​មានការ​ចាប់អារម្មណ៍​ច្រើន​ក្នុង​បេសកកម្ម​ទៅ​រាយការណ៍​ផ្ទាល់​ពី​ម៉ាឡេស៊ី តើ​លោក​វាយតម្លៃ​យ៉ាងណាដែរ​?
​លោក ញ៉ា​ន សុខ​វិសាល​៖ ជាការ​ពិត ឆ្នាំនេះ សន្ទុះ​នៃ​ការចាប់អារម្មណ៍​របស់​អ្នកសារព័ត៌មាន​មាន​ចំនួន​ច្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។ តាមរយៈ NOCC អ្នកសារព័ត៌មាន​ជាង​២០​នាក់​ដែល​មកពី​ស្ថាប័ន​ផ្សេងៗ​គ្នា បានដាក់​ពាក្យស្នើសុំ Accreditation Card ។ មកដល់ពេលនេះ ក៏​នៅមាន​អ្នកសារព័ត៌មាន​សុំ​ការសម្រួល​ពី NOCC ផងដែរ ពីព្រោះ​ពួកគាត់​ទើប​ទទួលបាន​ការឧបត្ថម្ភ (Sponsor) យើង​ក៏​ព្យាយាម​ជួយ​សម្រួល​ពួកគាត់​ផងដែរ​។ ខ្ញុំ​យល់ថា វត្តមាន​របស់​អ្នកសារព័ត៌មាន​ពិត​ជាមាន​សារសំខាន់​ណាស់ ពីព្រោះ​ពលរដ្ឋ​នៅ​ស្រុក​ខ្មែរ​ត្រូវការ​ពួកគាត់​ជា​ចាំបាច់​ដើម្បី​តាមដាន​លទ្ធផល​នៃ​ការប្រកួត​ប្រភេទ​កីឡា​នីមួយៗ​។ ទូរទស្សន៍​ហង្ស​មាស​នឹងធ្វើ​ការផ្សាយ​ពី​ការប្រកួត​កីឡាបាល់ទាត់ ហើយ​ខ្ញុំ​ជឿជាក់ថា ស្ថាប័ន​សារព័ត៌មាន រួមទាំង​ក្រុមការងារ​ព័ត៌មាន NOCC ផ្ទាល់ នឹង​បញ្ជូន​ព័ត៌មាន​ទាន់ពេលវេលា​ទាក់ទង​នឹង​ការប្រកួត​នានា​របស់​កម្ពុជា​។​



​លោក អ៊ឹង ចំរើន​៖ ចំពោះ​លទ្ធផល លោក​រំពឹង​យ៉ាងដូចម្តេច​ដែរ​?
​លោក ញ៉ា​ន សុខ​វិសាល​៖ ខ្ញុំ​រំពឹងថា យើង​នឹង​ទទួលបាន​លទ្ធផល​ប្រសើរ​ជាង​មុន​។ NOCC ជាពិសេស​លោក​អគ្គលេខា​ធិ​ការ វ៉ា​ត់ ចំរើន បាន​តស៊ូ​មតិ​ដើម្បី​ឲ្យ​មានការ​ដាក់បញ្ចូល​វិញ្ញាសា​តេ​ក្វាន់​ដូ​ទម្ងន់​ធ្ងន់ របស់ ស៊ន សៀវ​ម៉ី ដែលជា​វិញ្ញាសា​ដ៏​មាន​សក្តានុពល​សម្រាប់​ក​ម្ពុ​ជា​។ បន្ថែម​ពីលើ​នេះ យើង​មាន​អត្ត​ព​លិ​ក កូនកាត់​បរទេសមួយ​ចំនួន​ដែល​សុទ្ធតែ​ខ្លាំងៗ ។ ស៊ិន​ឡូ​ន ឬ​វាយ​កូន​បាល់​ជាដើម សុទ្ធតែជា​កីឡា​ដែល​រំពឹង​ឈ្នះ​មេដាយ​។ ខ្ញុំ​សោកស្តាយ​ជាងគេ​នោះ គឺ​អវត្តមាន​របស់​កីឡា​ចំបាប់​ដែល​តែងតែ​នាំ​មេដាយ​ជូន​ជាតិ​៕


Tag:
 SEA Games 2017
  ញ៉ា​ន សុខ​វិសាល
© រក្សាសិទ្ធិដោយ thmeythmey.com