រថយន្ត
រថយន្ត «Made in China» មិនសូវពេញនិយមនៅលើទីផ្សាអន្តរជាតិ
× ការនាំចេញរថយន្តដែលផលិតនៅក្នុងប្រទេសចិន «Made in China» បានកើនឡើង២៦ភាគរយ ពោលគឺ ៣៩៦ ០០០គ្រឿង នារយៈពេល៦ខែដើមឆ្នាំ២០១៧នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ឧស្សាហកម្មយានយន្តចិន នៅតែមានការនាំចេញកម្រិតទាបនៅឡើយ ពោលគឺប្រមាណតែ៣ភាគរយប៉ុណ្ណោះ។
យោងតាមរបាយការណ៍ដែលដកស្រង់សារព័ត៌មានបារាំង Challenges ការនាំចេញរថយន្តពីប្រទេសមានការកើនឡើង២៦ភាគរយ ពោលគឺឡើងដល់៣៩៦ ០០០គ្រឿង នារយៈពេល៦ខែដំបូងក្នុងឆ្នាំ២០១៧ នេះ។ រថយន្តម៉ាក Chery បាននាំចេញទៅទីផ្សារបរទេសចំនួន៥៤ ០០០គ្រឿង នៅឆមាសដំបូង ដោយកើន ៦២ភាគរយ ខណៈក្រុមហ៊ុនបរទេសដូចជា Volvo និង General Motors ដែលមានថៅកែជាជនជាតិចិន ក៏មានវត្តមាននៅលើទីផ្សារអាមេរិកផងដែរ។
ឧស្សហកម្មយានយន្តរបស់មហាយក្សចិនទាំងមូល បាននាំចេញតែក្នុងរង្វង់ ៣ភាគរយប៉ុណ្ណោះក្នុងចំណោមយានយន្ត ១៣.៥លានគ្រឿង ដែលត្រូវបានផលិត នៅឆមាសដំបូង។ តួលេខផ្សេងៗទៀត បង្ហាញថា ម៉ាករថយន្តនៅក្នុងប្រទេសចិន មិនអាចប្រៀបធៀបជាមួយគូប្រជែងជិតខាងដូចជា ជប៉ុន និងកូរ៉េខាងត្បូង បាននោះឡើយ។
នៅលើទីផ្សារពិភពលោក យានយន្តចិន ត្រូវបាននាំចេញភាគច្រើនទៅកាន់តំបន់មជ្ឈឹមបូពារ ជាពិសេសអ៊ីរ៉ង់ ក៏ដូចជាទៅកាន់អាហ្វ្រិក និងទីផ្សារមួយចំនួននៅអាមេរិកខាងត្បូងផងដែរ។ នៅអឺរ៉ុប រថយន្តចិន ក៏បាននាំទៅកាន់រុស្ស៊ីផងដែរ ដោយ៦ដើមឆ្នាំនេះ រថយន្តចិន ១៨៦០០គ្រឿង ត្រូវបាននាំចេញទៅកាន់រុស្ស៊ី។
ក្រុមហ៊ុនចិនក៏បង្ហាញពីគម្រោងរបស់ខ្លួនទៅកាន់ទីផ្សារអាមេរិកខាងជើង និងអឺរ៉ុបផងដែរ ប៉ុន្តែពួកគេត្រូវឆ្លើយតបឲ្យបានលើគុណភាព។ រថយន្តចិន ដូចជា Geely, Chery ឬ Lifan ជាដើម ត្រូវបានវាយតម្លៃថា មានការខ្វះខាតច្រើនផ្នែកបច្ចេកវិទ្យា រួមទាំងភាពខ្វះចន្លោះផ្នែកបរិស្ថាន។
ទោះបីជាយ៉ាងណាក៏ដោយ សហគ្រាសយានយន្តចិន ដូចជា Qoros ជាដើម បានបង្ហាញមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតសង្វាក់ផលិតកម្ម តាមរយៈការពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុនអន្តរជាតិ ជាពិសេសអាល្លឺម៉ង់។ ក្រុមហ៊ុនដទៃទៀត បានដាក់គោលដៅរបស់ខ្លួនក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអន្តរជាតិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com