កីឡាជាតិ
ជាតិ
SEA Games៖ សឿយ វិសាល ចាំការផ្តាំផ្ញើរបស់នាយករដ្ឋមន្ត្រី ដោយមិនខ្លាចគូប្រជែងមុនពេលប្រកួត
× សារផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នាពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំកីឡា គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកកម្ពុជានៅវិមានសន្តិភាព បានជំរុញឲ្យកីឡាករ សឿយ វិសាល មានទំនុកចិត្តកាន់តែខ្លាំងសម្រាប់ការចូលរួមកីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។ តាមរយៈសារនេះ វិសាល បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកជ័យជម្នះជូនជាតិមាតុភូមិ។
តាមរយៈសាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តាំផ្ញើឲ្យអត្តពលិកកុំឲ្យបាក់ទឹកចិត្តពេលប៉ះជាមួយគូប្រកួត បានដក់ជាប់អារម្មណ៍របស់ខ្សែការពារ U22 កម្ពុជា សឿយ វិសាល និងបានជំរុញឲ្យរូបគេមានទំនុកចិត្ត និងការជឿជាក់កាន់តែខ្ពស់។ លើសពីនេះ ជួយឲ្យ វិសាល មានទឹកចិត្តប្រកួតកាន់តែខ្លាំង និងបានរួមចំណែកកាត់បន្ថយភាពភ័យខ្លាចរបស់គេទៀតផង។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកីឡាករ សឿយ វិសាល បានបញ្ជាក់ដូច្នេះថា៖«តាមរយៈសារសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្ញុំយល់ថា វាជាចំណុចមួយដ៏ល្អ ព្រោះដូច សម្តេច បានឡើងពេលយើងធ្វើសង្គ្រាម ឬជួបជាមួយក្រុមដែលមកពីខ្លាំងយើងមិនត្រូវបាក់ទឹកចិត្ត ឬចុះចាញ់មុនការប្រកួត ហើយបានបង្កើនទំនុកចិត្តបន្ថែមពួកខ្ញុំ កុំឲ្យបាក់ទឹកចិត្តពេលប៉ះក្រុមខ្លាំង»។
ទោះបីការប្រមូលផ្តុំហ្វឹកហាត់រយៈពេល១០ថ្ងៃ វាមិនបានឆ្លើយតបទៅនឹងតម្រូវការរបស់លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា តែប្រធានក្រុម សឿយ វិសាល អះអាងថា ពួកគេបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតមួយនេះ។
តាមរយៈការខិតខំប្រឹងប្រែងហ្វឹកហាត់រួមគ្នាមួយរយៈកន្លងមក សឿយ វិសាល បានបង្ហាញការតាំងចិត្តយ៉ាងដូច្នេះថា៖«មុនចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ពួកខ្ញុំបានត្រៀមខ្លួនយ៉ាងល្អ ហើយពួកខ្ញុំតាំងចិត្តធ្វើឲ្យបានល្អសម្រាប់ការប្រកួតមួយនេះ ដើម្បីយកលទ្ធផលល្អៗជូនជាតិមាតុភូមិ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែសីហា ក្នុងពិធីជួបសំណេះសំណាលថ្នាក់ដឹកនាំកីឡា គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកនៅវិមានសន្តិភាពមុនថ្ងៃចេញទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើឲ្យអត្តពលិកទាំងអស់កុំបាក់ទឹកចិត្តពេលប្រកួតទោះបីត្រូវជួបជាមួយក្រុមខ្លាំងក៏ដោយ។ សម្តេចបានបញ្ជាក់ថា មិនប្រាកដថាប្រទេសធំមានលុយច្រើនសុទ្ធតែខ្លាំង ហើយប្រទេសតូចសុទ្ធតែខ្សោយនោះដែរ៕
Tag:
SEA Games 2017
សឿយ វិសាល
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com