ជាតិ
សេដ្ឋកិច្ច
លោក វង្សី វិស្សុត ៖អន្តរាគមន៍ថ្មីរបស់រដ្ឋាភិបាល នឹងជួយកសិករលក់ស្រូវលែងលំបាកដូចឆ្នាំមុន
× ភ្នំពេញ៖ ការអន្តរាគមន៍ថ្មី រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកា ៥០លានដុល្លារលើវិស័យស្រូវអង្ករសម្រាប់រដូវប្រមូលផលឆ្នាំនេះ។ ទន្ទឹមនឹងការទម្លាក់កញ្ចប់ថវិកា រដ្ឋាភិបាលបានដាក់ចេញវិធានការដើម្បីឲ្យអ្នកពាក់ព័ន្ធជួយសម្រួលការលក់ស្រូវរបស់កសិករ។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា ការអន្តរាគមន៍របស់រដ្ឋាភិបាលនឹងជួយការលក់ស្រូវរបស់កសិករកុំឲ្យជួបការលំបាកដូចឆ្នាំមុនៗ។
កញ្ចប់ថវិកា ៥០លានដុល្លារអាមេរិកកំពុងត្រូវបានអនុវត្តដោយធនាគារអភិវឌ្ឍន៍ជនបទ (RDB) ជាបណ្ដើរៗ ហើយនៅថ្ងៃទី១៤ខែសីហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្ត។
លោក វង្សី វិស្សុត មានប្រសាសន៍នៅក្នុងសិក្ខាសាលានេះថា កញ្ចប់ថវិកាអន្តរាគមន៍របស់រដ្ឋាភិបាលនៅពេលនេះ គឺដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវរបស់កសិករ ដោយថវិកានេះនឹងជួយការពារតម្លៃស្រូវពីការធ្លាក់ចុះពីភាពប្រក្រតី។ លោកបន្ថែមថា បន្ទាប់ពីមានអន្តរាគមន៍ពីថ្នាក់កណ្ដាល អាជ្ញាធរថ្នាក់ក្រោមជាតិនឹងបន្តជួយកសិករ។
បើតាម លោក វង្សី វិស្សុត អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវសហការជាមួយរោងម៉ាស៊ីនកិនស្រូវ ដើម្បីកុំឲ្យមានការទម្លាក់តម្លៃស្រូវតាមអំពើចិត្ត។ លោកបន្តថា រដ្ឋាភិបាលបានបញ្ជាឲ្យអាជ្ញាធារថ្នាក់ក្រោមជាតិជួយដឹកស្រូវរបស់កសិករដែលខ្វះខាតមធ្យោបាយ ចេញពីស្រែទៅកន្លែងលក់ ព្រោះការលក់នៅនឹងស្រែបានតម្លៃទាបជាង។ ក្រៅពីនេះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវធានាកុំឲ្យមានកុងត្រួលជជុះ និងសម្រួលការនាំចេញស្រូវអង្ករនៅច្រកព្រំដែន ដោយមិនឲ្យមានការទារប្រាក់ក្រៅផ្លូវច្បាប់។
ថវិការបស់ដ្ឋាភិបាល តាមរយៈការផ្ដល់ឥណទានគិតការប្រាក់ទាប គឺជាថ្នូដល់វិស័យឯកជនឲ្យជួយទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ។ នេះបើតាម លោក វង្សី វិស្សុត មុននឹងលោកបញ្ជាក់ថា ក្រៅពីឥណទានប្រមូលទិញស្រូវ រដ្ឋាភិបាលបានផ្ដល់ថវិកាវិនិយោគលើឃ្លាំងស្តុក និងឡសម្ងួត។ លោកឲ្យដឹងថា រដ្ឋាភិបាលបានបញ្ចេញថវិកាសម្រាប់ធ្វើឃ្លាំង និងឡសម្ងួតក្នុងខេត្តបាត់ដំបង ហើយនឹងបន្តទៅខេត្តកំពង់ធំ ព្រៃវែង និងខេត្តតាកែវ ដែលមានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារ។
រដ្ឋលេខាធិការក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ លើកឡើងថា ការអន្តរាគមន៍របស់រដ្ឋាភិបាលលើវិស័យស្រូវអង្ករ នឹងជួយឲ្យការលក់ស្រូវរបស់កសិករនៅឆ្នាំនេះលែងជួបការលំបាកដូចឆ្នាំមុនៗ។ លោកថ្លែងយ៉ាងដូច្នេះថា«ដូចនេះ ស្រូវអង្ករលែងពិបាកទៀតហើយពេលប្រមូលផលនេះ»។
លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានថ្លែងថា RDB កំពុងធ្វើការជាមួយអាជ្ញាធរថ្នាក់ខេត្តចំនួន ៣ ខេត្តគឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តព្រៃវែង ដោយកំណត់ទីតាំងសម្រាប់ការទិញ-លក់ស្រូវ ដែលជាការតភ្ជាប់ផ្ទាល់រវាងបណ្ដាញកសិករ និងរោងម៉ាស៊ីន។ លោកបានលើកឡើងពីការទិញស្រូវក្នុងខេត្តបាត់ដំបង ដោយធនាគារស្រូវរបស់លោក ភូ ពុយ បានជួយរក្សាតម្លៃគោលមួយសមរម្យ។ ប៉ុន្តែទោះយ៉ាងណាការប្រមូលស្រូវពីកសិករ គឺត្រូវការចូលរួមពីរោងម៉ាស៊ីនផ្សេងៗទៀតដែលមានឃ្លាំង និងឡសម្ងួតជាច្រើនទៀត បើពុំនោះទេស្រូវនឹងចាល់។ នេះជាការអះអាងរបស់ លោក កៅ ថាច ៕
© រក្សាសិទ្ធិដោយ thmeythmey.com