កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ជាប់ពិន័យ៥ប្រកួតដោយសារកាតក្រហម និងរុញអាជ្ញាកណ្តាល
× ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ដាក់ពិន័យមិនឲ្យចូលលេង៥ប្រកួត ក្រោយទទួលបានកាតក្រហម និងរុញអាជ្ញាកណ្តាល នាជ័យជម្នះ ៣-១ ក្នុងការប្រកួតជើងទីមួយ ពានរង្វាន់ Spanish Super Cup នៅទឹកដី Barcelona កាលពីថ្ងៃអាទិត្យ។
Ronaldo បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយចូលលេងជាកីឡាករបម្រុងនៅលើទឹកដី Camp Nou របស់ Barcelona។ ខ្សែប្រយុទ្ធព័រទុយហ្គាល់ បានទទួលកាតលឿងលើកទី១ ដោយសារតែរូបគេបានដោះអាវ ដើម្បីអបអរគ្រាប់បាល់ដែលខ្លួនបានស៊ុតបញ្ចូលទី ដែលជួយឲ្យ Real Madrid នាំមុខបណ្តោះអាសន្ន ២-១ នៅទី៨០ ។
២នាទីក្រោយមក ខ្សែប្រយុទ្ធដ៏ឆ្នើមរូបនេះ ទទួលបានកាតលឿងជាលើកទីពីរ ដោយសារអាជ្ញាកណ្តាលមើលឃើញថា រូបគេធ្វើពុតជាដួលនៅក្នុងតំបន់គ្រោះថ្នាក់ដើម្បីចំណេញគ្រាប់បាល់ប៉េណាល់ទី។ ការបណ្តេញចេញនេះ ធ្វើឲ្យ Ronaldo មានកំហឹងយ៉ាងខ្លាំង ដោយគេបានយកដៃច្រានខ្នងលោកអាជ្ញាកណ្តាល De Burgos Bengoetxea។
សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានសម្រេចពិន័យ Ronaldo ១ប្រកួតសម្រាប់ការទទួលបានកាតក្រហម និង៤ប្រកួតទៀតចំពោះការរុញមន្ត្រីអាជ្ញាកណ្តាល រួមទាំងការពិន័យជាប្រាក់ប្រមាណ៤៥០០ដុល្លារអាមេរិកផងដែរ។ រីឯក្លិប Real Madrid ផ្ទាល់ រងការពិន័យជាង២០០០ដុល្លារអាមេរិក។
ការជាប់ពិន័យនេះ មានន័យថា Ronaldo នឹងត្រូវអវត្តមាននៅជំនួប Spanish Super Cup ជើងទីពីរជាមួយ Barcelona និងជំនួបដំបូងនៃក្របខណ្ឌ La Liga ជាបន្តបន្ទាប់ជាមួយ Deportivo La Caruna, Valencia, Levante និង Real Sociedad។
ទោះបីជាយ៉ាងណាក៏ដោយ RFEF បើកផ្លូវដល់ Real Madrid ក្នុងការប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់ខ្លួន៕
Tag:
បាល់ទាត់
Ronaldo
Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com