កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ កម្ពុជា​ប៉ះ​ហ្វីលីពីន​ក្នុងជំនួប​បើកឆាក​ពូ​ល B នា​ម៉ោង​៧ និង​៤៥​នាទី​ល្ងាច​នេះ​
15, Aug 2017 , 11:35 am        
រូបភាព
ដោយ:
​ប្រធាន​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា សឿ​យ វិសាល រំពឹង​អាច​រកបាន​ច្រើន​គ្រាប់​ពី​ក្រុម U22 ហ្វីលីពីន​សម្រាប់​ការជួប​បើកឆាក​ពូ​ល B ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី នា​វេលា​ម៉ោង​៧:៤៥​នាទី​យប់​ថ្ងៃទី​១៥ សីហា នៅ​កីឡដ្ឋាន Selayang Municipal Council Stadium​។ ប៉ុន្តែ​គ្រូបង្វឹក​ក្រុម U22 កម្ពុជា លោក Leonardo Viotrino អះអាងថា ការប្រកួត​នេះ​នឹង​តានតឹង​ជាង​ការជួបគ្នា​ដំបូង​ក្នុង​វគ្គ​ជម្រុះ AFC U23 កាលពីពេល​កន្លងទៅ​។​



​ក្រុម U22 កម្ពុជា នឹង​ប៉ះ​ក្រុម U22 ហ្វីលីពីន​លើក​ទី​២​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៧:៤៥​នាទី​យប់​ថ្ងៃ​អង្គារ ទី​១៥ ខែសីហា នេះ នៅ​កីឡដ្ឋាន Selayang Municipal Council Stadium ខណៈ​លើក​ទី​១​ជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ពាន់រង្វាន់ AFC U23 Championship ដោយ​កម្ពុជា​បាន​យកឈ្នះ​ហ្វីលីពីន​ក្នុង​លទ្ធផល ១-០​។​

​សម្រាប់​ការជួបគ្នា​ម្តងទៀត​ក្នុង​ថ្ងៃ​បើកឆាក​ពូ​ល B នា​យប់​នេះដែរ ខ្សែការពារ និង​ជា​ប្រធាន​ក្រុម U22 កម្ពុជា សឿ​យ វិសាល រំពឹង​អាច​រក​គ្រាប់​បាន​ច្រើន​ពី​ហ្វីលីពីន​ជាង​ការជួបគ្នា​លើក​ទី​១​នៅ​វគ្គ​ជម្រុះ AFC U22 Championship​។ ការរំពឹង​បែបនេះ ដោយសារ វិសាល អះអាងថា U22 កម្ពុជា​មានការ​សហកា​រ​គ្នា​បានល្អ​ជាង​លើក​មុន​ក្រោយ​ហ្វឹកហាត់​រួមគ្នា​កន្លងមកនេះ​។



កីឡាករ សឿ​យ វិសាល បានប្រាប់សារព័ត៌មានថ្មីៗកាលពីពេលកន្លងទៅថា៖«​ពេល​យើង​ប៉ះ​ហ្វីលីពីន​ក្នុង​ដី គឺ​យើង​បាន​ព្យាយាម​វាយ​សម្រុក​ណាស់ដែរ តែ​សំណាង​យើង​បាន​តែមួយ​គ្រាប់ ហើយ​សម្រាប់​ការ​ប៉ះគ្នា​នៅ​ស៊ី​ហ្គេម​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើនជាង​នេះ​»​។

​បើ​និយាយ​ពី​សមត្ថភាព​រវាង​ក្រុម​ទាំងពីរ វិសាល យល់ថា ក្រុម​ទាំងពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា តែ​បច្ចេកទេស​មានការ​ខុស​គ្នា​បន្តិចបន្តួច​។ ខ្សែការពារ​រូបនេះ​បាន​បញ្ជាក់ថា​៖«​សមត្ថភាព​របស់​យើង​នឹង​ហ្វីលីពីន យើង​មិនល្អ​ដាច់​គេ​ប៉ុន្មាន​នោះទេ តែ​គ្រាន់​ថា​បច្ចេក​របស់​យើង​ល្អ​ជាង​ហ្វីលីពីន​ប្រហែលជា​៦០​ភាគរយ ហើយ​កម្លាំង​របស់​យើង​ក៏​ជាង​ផងដែរ​»​។​

​ទន្ទឹមនឹងនេះ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា លោក Leonardo Vitorino បាន​អះអាងក្នុងសន្និសីទមុនថ្ងៃចេញដំណើរកាលពីកន្លងទៅថា ការជួបគ្នា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​នេះ​នឹងមាន​ការតានតឹង​ជាង​ការជួបគ្នា​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Championship ព្រោះ​ហ្វីលីពីន​អាច​ត្រៀមខ្លួន​បានល្អ​ជាង​មុន​។ តែ​យ៉ាងណា គ្រ​បង្វឹក​រូបនេះ អះអាងថា U22 កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​សម្រាប់​ការប្រកួត​មួយ​នេះ​។

​មុន​ជំនួប​រវាង​ក្រុម​ទាំងពីរ​ខាងលើ ក៏មាន​ការប្រកួត​ពីរ​គូ​ទៀត​ផងដែរ​ក្នុង​ថ្ងៃ​បើកឆាក​ពូ​ល B នេះ ខណៈ U22 ឥណ្ឌូនេស៊ី ប៉ះ ថៃ នៅ​កីឡដ្ឋាន Shah Alam Stadium នា​វេលា​ម៉ោង​៣​រសៀល U22 វៀតណាម ជួប ទី​ម័​រ​ខាងកើត​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium​។​

​សម្រាប់​ការប្រកួត​បើកឆាក​ពូ​ល A កាលពី​ថ្ងៃទី​១៤ ខែសីហា U22 មី​យ៉ាន់​ម៉ា​បាន​យកឈ្នះ U22 សិង្ហ​បុរី ២-០ នៅ​កីឡដ្ឋាន​Selayang Stadium មុន​ក្រុម​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​យកឈ្នះ U22 ព្រុយ​ណេ ២-១ នៅ​កីឡដ្ឋាន Selayang Stadium៕   


Tag:
 SEA Games 2017
  សឿ​យ វិសាល​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com