កីឡាជាតិ
ជាតិ
Singapore Cup៖ ណាហ្គា​ហាលអាវ រីឯ​បូរ៉ា​វីរ​បស់​បឹងកេត​មាន​គ្រាប់​បញ្ចូល​ទី​សរុប​៥​គ្រាប់​
15, Aug 2017 , 4:23 pm        
រូបភាព
ដោយ:
​ក្រុម​ណាហ្គា​វើ​ល​បាន​បាត់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ Singapore Cup ក្រោយ​ចាញ់ Houngang United ៤-០ នា​ការប្រកួត​ជើង​ទី​២​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​ថ្ងៃទី​១៤ សីហា និង​ចាញ់ ៤-១ នៅ​ជើង​ទី​១​រួចមក​។ ជាមួយគ្នានេះ ក្រុម​បឹងកេត​ក៏បាន​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​ដូចគ្នា​ដែរ តែ​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី បាន​បន្ត​ឈរ​កំពូល​តារាង​រក​គ្រាប់​បាន​ច្រើនជាងគេ បើ​គិត​ចាប់តាំងពី​ការប្រកួត​ជម្រុះ​ជុំ​ដំបូង​។



​ក្រោយ​ចាញ់​ក្រុម Hougang United ៤-១ ក្នុង​ជើង​ទី​២​កាលពី​ថ្ងៃទី​១៤ ខែសីហា នៅ​កីឡដ្ឋាន Jalan Besar Stadium និង​ចាញ់ ៤-១ នៅ​ជើង​ទី​១ បានធ្វើ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​បាត់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់ Singapore Cup 2017 ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​។ ការបាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​របស់​ណាហ្គា​វើ​ល​នេះ ក្រោយ​៣​ថ្ងៃ​នៃ​ការធ្លាក់​ចេញ​របស់​បឹងកេត បន្ទាប់ពី​ក្រុម​នេះ​បាន​ចាញ់​ក្រុម Global Cebu របស់​ហ្វីលីពីន​សរុប​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៤-៣​។
 
​ទោះបី​ក្រុម​បឹងកេត​បាន​ធ្លាក់​ក៏ដោយ តែ​ខ្សែប្រយុទ្ធ និង​ជា​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី កំពុង​គ្រង​កំពូល​តារាង​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​គេ​(Top Scorers)​ដោយ​រកបាន​៥​គ្រាប់​ក្នុង​បី​ប្រកួត​របស់គេ​។ ក្នុងនោះ ឡា​បូ​រ៉ាវី រកបាន​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៤-១ លើ​ក្រុម Warriors នៅ​វគ្គ​ជម្រុះ​ដំបូង និង​២​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ និង​បរាជ័យ ៣-១ ជាមួយ​ក្រុម Global Cebu នៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​។​

​ខ្សែប្រយុទ្ធ Darryl Roberts និង​ខ្សែបម្រើ Paolo Salenga ក្នុង​ក្រុម Global Cebu FC កំពុង​តាម​ប្រជែង​ពានរង្វាន់ Top Scorers ពី ឃួន ឡា​បូ​រ៉ាវី ដោយ​ពួកគេ​មាន​ម្នាក់​៣​គ្រាប់ ខណៈដែល​កីឡាករ​ទាំងពីរ​នៅសល់​ពីរ​ប្រកួត​ទៀត​៕ 


Tag:
 Singapore Cup 2017
  ណាហ្គា​វើ​ល​
  ឃួន ឡា​បូ​រ៉ាវី​
© រក្សាសិទ្ធិដោយ thmeythmey.com