ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រសិនបើ​ចង់​វិនិយោគ​នៅក្នុង​ខេត្តពោធិ៍សាត់ តើ​គេ​គួរ​វិនិយោគ​លើ​ដំណាំ​អ្វី​?
16, Aug 2017 , 5:59 am        
រូបភាព
​ភ្នំពេញ​៖  ខេត្តពោធិ៍សាត់​មាន​សក្តានុពល​ច្រើន ជាពិសេស វិស័យ​ទេសចរណ៍ និង​កសិកម្ម​។ នៅក្នុង​វិស័យ​កសិកម្ម តើ​អ្នកវិនិយោគ​គួរ​បោះទុន​វិនិយោគ​លើ​ដំណាំ​អ្វី​? ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​រវាង​កម្មវិធី Mercedes-Benz និង​កំណប់​អាថ៌កំបាំង និង​លោក​អភិបាលខេត្ត ម៉ៅ ធនិន​។ សូម​អញ្ជើញ​អាន​បទ​សម្ភាស​ខាងក្រោម​ដូចតទៅ​៖



​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ តើ​ខេត្តពោធិ៍សាត់​មាន​ដំណាំ​សក្តានុពល​អ្វីខ្លះ ដែល​អាច​ជំរុញ​ទៅជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម  ឬ​ក​សិ​-​ពាណិជ្ជកម្ម​?

​លោក ម៉ៅ ធនិន​៖ ដើម្បី​ឆ្លើយ​ទៅ​សំនួរ​ខាងលើនេះ ខ្ញុំ​សូម​បង្ហាញ​ផ្ទៃដី​សរុប​ទូទាំង​ខេត្តពោធិ៍សាត់​ជាមុនសិន​។ ខេត្តពោធិ៍សាត់ ជារួម មាន​ផ្ទៃដី​ចំនួន ១ ២៦៩ ០០០ ហិកតា ក្នុងនោះ ផ្ទៃដី​សម្រាប់​កសិកម្ម​យើង​មាន​រហូតដល់ ៣៤៥ ៩២២ ហិកតា ចំពោះ​ដំណាំ​មាន​សក្តានុពល គឺ​ដំណាំ​ស្រូវ (​ទិន្នផល​ប្រចាំឆ្នាំ​៤២​ម៉ឺន​តោន​),  ដំឡូង​មី​(​ទិន្នផល​ប្រចាំឆ្នាំ​១​លាន​២​សែន​តោន​), ពោត​(​ទិន្នផល​ប្រចាំឆ្នាំ​ជាង​១​ម៉ឺន​តោន​),  ម្រេច (​ទិន្នផល​ប្រចាំឆ្នាំ​៣០០​តោន​)    និង​ដំណាំ​អំពៅ (​ទិន្នផល​ប្រចាំឆ្នាំ​១​ម៉ឺន​៧​ពាន់​តោន​) ក្រូចពោធិ៍សាត់ (​ទិន្នផល​ប្រចាំឆ្នាំ​២​ម៉ឺន​៨​ពាន់​តោន​)​។ ដំណាំ​ដែល​ជំរុញ​ទៅជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ឬ​ក​សិ​-​ពាណិជ្ជកម្ម មានដូចជា​៖  ដំណាំ​ស្រូវ និង​ដំឡូង​មី​។  ចំពោះ​ដំណាំ​ពោត ម្រេច និង​ដំណាំ​អំពៅ គឺជា​ដំណាំ​បន្ទាប់បន្សំ​ដែល​យើង​មាន​ផ្ទៃដី​ប្រមាណ​ជា ៥៩ ៣៥៦ ហិកតា​។ ខ្ញុំ​សូមបញ្ជាក់ថា ខេត្ត​របស់​យើងខ្ញុំ​ទទួលបាន​ទិន្នផល​កសិកម្ម​ល្អប្រសើរ​។ តែ​ខេត្ត​របស់​យើង​នៅ​ខ្វះ​សិប្បកម្ម ឬ​រោងចក្រ​កែច្នៃ​ផលិតផល​ទាំងនោះ​។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ្នកវិនិយោគ​ក្នុង និង​ក្រៅប្រទេស​ចាប់អារម្មណ៍​លើ​ចំណុច​នេះ​។



​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ ប្រសិនបើ​មាន​អ្នកជំនួញ​ចង់​វិនិយោគ​អ្វីមួយ​នៅក្នុង​ខេត្ត​របស់លោក តើ​លោក​ផ្តល់​យោ​លប​ល់​ឲ្យ​ពួកគេ​វិនិយោគ​លើ​វិស័យ​អ្វី​មុនគេ​? ហេតុអ្វី​?

​លោក ម៉ៅ ធនិន​៖ សំណួរ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​។ ក្នុងនាម​ខ្ញុំ​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ ខ្ញុំ​សូម​ស្វាគមន៍ សម្របសម្រួល និង​ផ្តល់​ភាពងាយស្រួល​ដល់​ពួកគាត់ ហើយ​ខ្ញុំ​នឹងធ្វើ​ការណែនាំ​ឲ្យ​ពួកគាត់​វិនិយោគ​លើ​វិស័យ​កសិកម្ម​ជាពិសេស ដំណាំ​ស្រូវ និង​ដំណាំ​ដំឡូង​មី ដោយហេតុថា ផ្ទៃដី​កសិកម្ម​យើង​មាន​រហូតដល់ ៥៩ ៣៥៦ ហិកតា យើង​បាន​ប្រើប្រាស់​ដី​ចំនួន ៤៤ ៧៩០ ហិកតា ដូច្នេះ ផ្ទៃដី​កសិកម្ម​នៅសល់​មាន​ចំនួន ១៤ ៥៦៦ ហិកតា​ឯណោះ​។   ម្យ៉ាងវិញទៀត ខេត្ត​របស់​យើង​មាន​កម្លាំង​ពលកម្ម​នៅសល់​ប្រមាណ ១៥ ០០០​នាក់ ក្នុងនោះ មាន​ស្ត្រី​ចំនួន ៩៧៣៥​នាក់​។ កម្លាំង​ពលកម្ម​នៅសល់​នេះ គឺជា​ចលករ​ជួយ​លើកទឹកចិត្ត​អ្នកវិនិយោគ​បំផុត​។

​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ នៅក្នុង​ខេត្តពោធិ៍សាត់​របស់លោក តើ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ ភ្លើង ទឹក នៅតែ​ជា​ក្តីកង្វល់​របស់​អ្នកវិនិយោគ​ដដែល ឬក៏​គ្មាន​បញ្ហា​អ្វី​ឡើយ​?

​លោក ម៉ៅ ធនិន​៖ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ភ្លើង ទឹក លែង​ជា​ក្តីកង្វល់​របស់​អ្នកវិនិយោគ​ទៀតហើយ ព្រោះថា ថ្មីៗ​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សិក្សា​ផ្លូវជាតិ​លេខ ៥  ដើម្បី​ជួសជុល និង​សាងសង់​រួចរាល់​ហើយ​។ ការស្ថាបនា​ជួសជុល​ឡើងវិញ​អាច​នឹង​ចាប់ផ្តើម​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ ការស្ថាបនា​ផ្លូវ​នេះ នឹង​បង្ក​ភាពងាយស្រួល​ដល់​អ្នកវិនិយោគ​កាន់តែ​ប្រសើរ​ជាង​មុន​។ លើសពីនេះ យើង​បាន​កសាង​ប្រព័ន្ធធារាសាស្ត្រ​ធំៗ​សម្រាប់​វិស័យ​កសិកម្ម​។ រីឯ អគ្គីសនី​វិញ  យើង​បាន​ចែកចាយ​កាន់តែ​ល្អប្រសើរ​ជាង​មុន​តាម​បណ្តា​ស្រុក​ឃុំ​នានា​ទូទាំង​ខេត្ត​។

​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ តើ​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​អំណោយផល​សម្រាប់​ការនាំចេញ និង​នាំចូល​របស់​អ្នកវិនិយោគ​ឬទេ​? តើ​អ្វី​ទៅជា​កត្តា​ទាក់ទាញ​អ្នកវិនិយោគ​បំផុត​របស់​ខេត្តពោធិ៍សាត់​?

​លោក ម៉ៅ ធនិន​៖ ខេត្តពោធិ៍សាត់​មាន​អំណោយផល​យ៉ាងច្រើន​សម្រាប់​ការនាំចេញ និង​នាំចូល​។  ចំពោះ​ការដឹកជញ្ជូន​ជើងគោក យើង​មាន​ផ្លូវជាតិ​លេខ ៥ ឆ្ពោះទៅកាន់​ខេត្តបន្ទាយមានជ័យ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជាប់​ព្រំដែន​នៃ​ប្រទេស​ថៃ​។ យើង​មាន​ផ្លូវ​លេខ ៥៥​។ ផ្លូវ​លេខ​៥៥ ភ្ជាប់​ពី​ក្រុង​ពោធិ៍សាត់​ទៅដល់​ច្រកព្រំដែន​ថៃ​ថ្មដា​។ ម្យ៉ាងទៀត ផ្លូវ​លេខ​៥៥​ដដែល​នេះ​នឹង​ភ្ជាប់​ទៅកាន់​កាន់​ខេត្តកោះកុង​បន្ថែមទៀត​។ សូមបញ្ជាក់ថា ផ្លូវ​លេខ ៥៥ នេះ អាច​នឹងដាក់​ឲ្យ​ដំណើការ​នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ​។ ចំពោះ​ផ្លូវទឹក​វិញ យើង​មាន​បឹង​ទន្លេសាប​សម្រាប់​ត​ភ្ជាប់​ពី​ខេត្តពោធិ៍សាត់​ទៅកាន់​ប្រទេស​វៀតណាម​។ ដូច​ច្នេះ ខេត្តពោធិ៍សាត់ គឺជា​គោលដៅ​សម្រាប់​អ្នកវិនិយោគ​ដែលមាន​បំណង​មក​បណ្តាក់​ទុក​សម្រាប់​ការនាំចេញ និង​នាំចូល​ផលិតផល​។​



​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ ខ្ញុំ​បានដឹងថា ខេត្ត​របស់លោក​បាន និង​កំពុង​បង្កើត​ទីផ្សារ សម្រាប់​ផលិតផល​ធម្មជាតិ ឬ​ផលិតផល​សរីរាង្គ​? ហេតុអ្វី បានជា​ទើប​បង្កើត​នៅពេលនេះ​?

​លោក ម៉ៅ ធនិន​៖ ការបង្កើត​ទីផ្សារ​ផលិតផល​ធម្មជាតិ ឬ​ផលិតផល​សរីរាង្គ យើង​បានធ្វើ​តាំងពី​យូរ​មកហើយ​តាមរយៈ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​កម្មវិធី​ផែ​ក​ការងារ​ដែលមាន​ទំហំ​តូចៗ​។ ដោយឡែក បច្ចុប្បន្ននេះ ក្នុងនាម​ខ្ញុំ​ជា​អភិបាល​នៃ​គណៈ​ខេត្តពោធិ៍សាត់ ខ្ញុំ​មើលឃើញថា ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ប្រសើរ​ជាង​មុន ក្រោម​ការដឹកនាំ​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ពួកគាត់​ងាក​មកប្រើប្រាស់​អ្វី​ដែលជា​របស់​ធម្មជាតិ គ្មាន​ជាតិគីមី មិន​ប៉ះពាល់​សុខភាព ដូច្នេះហើយ​ទើប ខេត្ត​បាននិងកំពុង​ជំរុញ គាំទ្រ​ដល់​កសិករ ឲ្យ​ពួកគាត់​ផលិត​ដូចជា​ត្រសក់ សណ្តែក​គួរ ម្រះ ត្រប់ ជាដើម​។ បន្ទាប់មក កសិករ​អាចដាក់​លក់​នៅ​មន្ទី​កសិកម្ម​ជាង​រៀងរាល់ថ្ងៃ​សុក្រ ពោល គឺ​ដាក់លក់​ក្នុង​មួយ ១ ថ្ងៃ​/​សប្តាហ៍​។ ចំពោះ​ចំណុច​នេះ យើង​កំពុងតែ​ស្វែងរក​ដៃគូ​នានា​សម្រាប់​គាំទ្រ​គម្រោង​នេះ និង​ស្វែងរក​ទីផ្សារ​លក់​ក្នុងស្រុក និង​ក្រៅប្រទេស​ផងដែរ​៕



Tag:
 ម៉ៅ ធនិន​
 ​ វិនិយោគ​
 ​ ពោធិ៍សាត់​
  Mercedes TTN
© រក្សាសិទ្ធិដោយ thmeythmey.com