ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ក្រពើ​ភ្នំ ដំរី ខ្ទីង ខ្លាឃ្មុំ ទឹកធ្លាក់ ភ្នំ​ក្រវ៉ា​ញ ផ្ទះ​បណ្តែត ជនជាតិភាគតិច គឺជា​កំណប់​ទេសចរណ៍​ខេត្តពោធិ៍សាត់​
16, Aug 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បើ​គេ​និយាយ​ពី​ខេត្តពោធិ៍សាត់ គេ​គិតថា ខេត្ត​មួយ​នេះ​មិនសូវមាន​អ្វី​ធំដុំ​ទេ ព្រោះ​ខេត្ត​នេះ​មិនទាន់មាន​ផ្សារ​ទំនើប មិនទាន់មាន​អគារ​ធំៗ និង​មិនទាន់មាន​តំបន់​ទំនើបៗ​នៅឡើយ​។ ប៉ុន្តែ បើ​គេ​ស្គាល់​ខេត្ត​នេះ​ឲ្យ​ច្បាស់​បន្តិច ពោធិ៍សាត់ គឺជា​ខេត្ត​ដែល​សម្បូរ​ទៅដោយ​តំបន់​ទេសចរណ៍ធម្មជាតិ​។ នៅទីនេះ អ្នកទេសចរ​ខ្មែរ និង​បរទេស​អាច​ទស្សនា​ក្រពើ​ភ្នំ ដំរី ខ្ទីង ខ្លាឃ្មុំ ទឹកធ្លាក់ ភ្នំ​ក្រវ៉ា​ញ ផ្ទះ​បណ្តែត និង​សហគមន៍​ជនជាតិភាគតិច​។ និយាយ​ជារួម តំបន់​ទេសចរណ៍​ខេត្តពោធិ៍សាត់​នៅ​«​ព្រហ្មចារី​» ឬ​នៅ​អាថ៌កំបាំង​ច្រើន​។ សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង​ក​ម្ម​វិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​»​និង​លោក អ៊ីង គឹម​លាង អភិបាលខេត្តរង​ពោធិ៍សាត់​ដូចតទៅ​៖



​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ តើ​ខេត្តពោធិ៍សាត់​មាន​តំបន់​ទេសចរណ៍​ដែល​ទាក់ទាញ​ទេសចរ​បរទេស និង​ទេសចរ​ក្នុងប្រទេស​ចំនួន​ប៉ុន្មាន​កន្លែង​?
 
​លោក អ៊ឹង គឹម​លាង​៖ ខ្ញុំ​សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ មាន​តំបន់​ទេសចរណ៍​ចំនួន ៣ តំបន់ ដែល​ទាក់ទាញ​ទេសចរណ​ជាតិ និង​អន្តរជាតិ​។ តំបន់​ទី​១ គឺ​តំបន់​ទេសចរណ៍វប្បធម៌​ប្រវត្តិសាស្ត្រ​, តំបន់​ទី​២ គឺ​តំបន់​ទេសចរណ៍ធម្មជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ដែល​លាតសន្ធឹង​ចាប់ពី​ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង និង​បាត់ដំបង និង​ទី​៣ គឺ​តំបន់​ទេសចរណ៍​បឹង​ទន្លេសាប ដែលមាន​ប្រវែង ៨១ គីឡូម៉ែត្រ ចាប់ពី​ឆ្នុកទ្រូ​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​ដល់​ព្រែក​ទាល់​ខេត្តបាត់ដំបង​។ បើ​ខ្ញុំ​និយាយ​ជា​សរុប តំបន់​ទេសចរណ៍​សំខាន់ៗ​មាន​ប្រមាណ​ជាជាង​២០    កន្លែង​។ ខ្ញុំ​ចង់​បញ្ជាក់​ផងដែរ​ថា តំបន់​ទេសចរណ៍​មួយចំនួន​ដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើនេះ មិនទាន់​ត្រូវបាន​ទេសចរ​ខ្មែរ និង​បរទេស​ទៅ​កម្សាន្ត​ច្រើន​នៅឡើយ​ទេ​ដោយសារ​ភូមិសាស្ត្រ​នូវ​ប្រឈម​ការលំបាក​នៅឡើយ​។ 

​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ តើ​តំបន់​ទេសចរណ៍​មួយណា​ដែល​ទាក់ទាញ​ទេសចរ​បរទេស​ច្រើនជាងគេ​? មូលហេតុ​អ្វី​?

​លោក អ៊ឹង គឹម​លាង​៖ បើ​សួរថា តើ​ភ្ញៀវ​បរទេស​ទស្សនា​តំបន់​ទេសចរណ៍​ណា​ច្រើ​ង​ជាងគេ​? ខ្ញុំ​អាច​ប្រាប់​លោក​បាន​ថា គឺ​តំបន់​បឹង​ទន្លេសាប ព្រោះ​នៅ​តំបន់​នេះ ទេសចរ​បរទេស​ចូលចិត្ត​ទស្សនា​ផ្ទះ​បណ្តែត​ទឹក និង​ចូលចិត្ត​ស្វែងយល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។ ក្រៅពី​តំបន់​បឹង​ទន្លេសាប ជនបរទេស ឬ​ខ្មែរ​បែប​ផ្សងព្រេង ចូលចិត្ត​ចូលទៅ​ទស្សនា​រមនីយដ្ឋាន​អូ​សោម ទឹកធ្លាក់​ឆាយ​រកា ទឹកធ្លាក់​ឆាយ​ខ្ពស់ ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស សហគមន៍​ជនជាតិភាគតិច​(​ជនជាតិ​ជង និង​ព័រ​)​។ នៅ​ព្រៃភ្នំ​សំ​កុស​នេះ ជនបរទេស​អាច​ទស្ស​នា​សត្វព្រៃ ដូចជា ដំរី ខ្ទីង និង​ខ្លាឃ្មុំ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ភ្នំ​សំ​កុស​នេះ មាន​កម្ពស់ ១,៧១៧ ម៉ែត្រ ពោល គឺជា​ភ្នំ​ដែលមាន​កម្ពស់​លំដាប់​ទី ២ បន្ទាប់ពី​ភ្នំ​ឱ​រ៉ា​ល់ ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុងប្រទេស​កម្ពុជា ១,៨១៣ ម៉ែត្រ​។ ងាក​មក​និយាយ​ពី​តំបន់​ទេសចរណ៍​អូ​សោម​វិញ ទីនេះ ក៏មាន​សត្វ​ក្រពើ​ភ្នំ​អាច​ទស្សនា​បានដែរ​។ ខ្ញុំ​សូមបញ្ជាក់ថា តំបន់​ទាំងអស់​មាន​អាកាសធាតុ​ត្រជាក់​ល្អ​ដែល​អាច​ឲ្យ​គេ​ដាំ​ដំណាំ Strawberry បាន​ផងដែរ​។

​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ តំបន់​ទេសចរណ៍​មួយណា​ដែល​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​ច្រើ​ង​ជាងគេ​? មូលហេតុ​អ្វី​?

​លោក អ៊ឹង គឹម​លាង​៖ បើ​និយាយ​អំពី​តំបន់​ទេសចរណ៍​សំខាន់ៗ ដែល​ភ្ញៀវ​ទេស​ទេសចរ​ក្នុងស្រុក​តែងតែ​ចូលទៅ​ទស្សនា ជា​រៀងរាល់ថ្ងៃ និង​រៀងរាល់​ចុង​សប្តាហ៍ នោះ គឺ​តំបន់​ប្រវត្តិសាស្ត្រ​លោកតា ឃ្លាំងមឿង​។ ប្រជាពលរដ្ឋ​តែងតែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ រកស៊ី​ទទួលទាន​មានបាន​។ មណ្ឌល​វប្បធម៌​កកោះ​សំពៅ​មាស ប្រពល​រដ្ឋ​មក​ហាត់ប្រាណ និង​លម្ហែកាយ​ពេល​ល្ងាច​។ លើសពីនេះទៅទៀត ពលរដ្ឋ​ខ្មែរ​ក៏​ចូលចិត្ត​ទៅ​ទស្សនា​រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង និង​ទឹកធ្លាក់​ល្បាក់​កំ​រោ​ណ​។

​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ ក្នុង​មួយខែៗ ឬ​ក្នុង​មួយឆ្នាំៗ តើ​ភ្ញៀវទេសចរ​បរទេស​ចំនួន​ប៉ុន្មាន​នាក់​បាន​ចូលមក​ទស្សនា​ខេត្តពោធិ៍សាត់​? ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ប៉ុន្មាន​នាក់​?

​លោក អ៊ឹង គឹម​លាង​៖ ភ្ញៀវទេសចរ​បរទេស​បាន​ចូលមក​ទស្សនា​ខេត្តពោធិ៍សាត់​ក្នុង​មួយឆ្នាំៗ មាន​ប្រមាណ ៦៤៦២​នាក់ និង​ភ្ញៀវទេសចរ​ក្នុងស្រុក​មក​ទស្សនា​មាន​ចំនួន ២៧៥ ០២៨ នាក់​។



​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ តើ​ខេត្ត​របស់លោក​មានផ្ទះ​សំណាក់ និង​សណ្ឋាគារ​ចំនួន​ប៉ុន្មាន ឬក៏​បន្ទប់​ប៉ុន្មាន​?

​លោក អ៊ឹង គឹម​លាង​៖ ខេត្ត​របស់​យើងខ្ញុំ​មាន​សណ្ឋាគារ​ចំនួន​៤ ស្មើនឹង ៣២៣ បន្ទប់ និង​ផ្ទះសំណាក់ ចំនួន ២៨ ស្មើនឹង ៣៣៩ បន្ទប់​។ បើ​សរុប​ទាំងអស់ យើង​មាន​ជាង​៦០០​បន្ទប់​។

​កម្មវិធី​កំណប់​អាថ៌កំបាំង​៖ តើ​ខេត្ត​របស់លោក​នឹង​គ្រោង​អភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍​ដូចម្តេច ដើម្បី​ទាក់ទាញ​យកប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន​បំផុត​នៅក្នុង​វិស័យនេះ​នាពេល​អនាគត​?

​លោក អ៊ឹង គឹម​លាង​៖ តាមពិត រដ្ឋបាលខេត្ត​ពោធិ៍សាត់ បាន និង​កំពុង ជំរុញ​បណ្តា​រមណី​ដ្ឋា​ន​នានា ក៏ដូចជា​បណ្តា​កន្លែង​ស្នាក់នៅ អាហា​រដ្ឋា​ន ឲ្យ​អភិវឌ្ឍន៍​ខ្លួន​ប្រកបដោយ​គុណភាព​ជាមួយ​សេវាកម្ម​ល្អ ជាពិសេស ត្រូវ​រៀបចំ​ទីផ្សារ​ទេសចរណ៍ ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​

​ឲ្យ​បាន​កាន់តែ​ទំ​លំ​ទូលាយ​ជាង​មុន​។ លើសពីនេះទៅទៀត យើង​ជំរុញ​ឲ្យ​មានការ​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ ថែទាំ​បរិស្ថាន កសាង​ធនធានមនុស្ស និង​រក្សា​ស​និ្ត​សុខ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ក្រៅពី​អ្វីដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើនេះ សាលាខេត្ត​ជំរុញ​ឲ្យ​មានការ​វិនិយោគ​នៅក្នុង​វិស័យនេះ​បន្ថែមទៀត​។ ខេត្តពោធិ៍សាត់​មាន​សក្តានុពល​វិស័យ​ទេសចរណ៍​ធំធេង​ណាស់​ដែល​ពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន​មិនទាន់បាន​ទៅ​ទស្សនា ជាពិសេស ព្រៃ​ធម្មជាតិ សត្វព្រៃ​នៅតាម​បណ្តា​ជួរ​ភ្នំក្រវាញ​៕


Tag:
 អ៊ឹង គឹម​លាង​
 ​ ក្រពើ​ភ្នំ​
 ​ ដំរី​
 ​ ខ្ទីង​
  ​ខ្លាឃ្មុំ​
  ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com