អន្តរជាតិ
ដាច់​ភ្លើង​បួន​ម៉ោង​នៅ​តៃវ៉ាន់ ប្រធានាធិបតី​ចេញមុខ​សុំទោស ឯ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សុំលាលែង​ពី​តំណែង​
16, Aug 2017 , 10:49 am        
រូបភាព
ការដាច់ចរន្តអគ្គិសនីនៅកោះតៃវ៉ាន់ (រូបភាព៖ South China Morning Post)
ការដាច់ចរន្តអគ្គិសនីនៅកោះតៃវ៉ាន់ (រូបភាព៖ South China Morning Post)
​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​ចេញមុខ​សុំទោស​ប្រជាជន បន្ទាប់ពី​មាន​ហេតុការណ៍​ដាច់​ចរន្ត​អគ្គិសនី​នៅ​ទីក្រុង​តៃប៉ិ និង​ទីក្រុង​មួយចំនួនទៀត​អស់​ពេល​ជាង​បួន​ម៉ោង​។ ប្រជាជន​តៃវ៉ាន់​រាប់សែន​គ្រួសារ និង​អាគារ​ពាណិជ្ជកម្ម​ជាច្រើន សុទ្ធតែ​រង​ផលប៉ះពាល់​ទាំងអស់​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច Lee Chih-kung ក៏បាន​សុំលាលែង​ពី​តំណែង​ដើម្បី​ទទួលខុសត្រូវ​លើ​ហេតុការណ៍​ដាច់​ចរន្ត​អគ្គិសនី​នេះ​។



​ហេតុការណ៍​ដាច់​ចរន្ត​អគ្គីសនី​បាន​កើតឡើង​នៅវេលា​ម៉ោង​៤ និង​៥០​នាទី ថ្ងៃទី​១៥ ខែសីហា នៅ​ផ្នែក​ជាច្រើន​របស់​កោះ​តៃវ៉ាន់​រួមទាំង​ទីក្រុង​តៃប៉ិ​ផង​។ មូលហេតុ​នៃ​ការ​ដាច់​ចរន្តអគ្គិសនី គឺ​ដោយសារ​តែមាន​បញ្ហា​នៅឯ​រោងចក្រ​ផលិត​ថាមពល​ដ៏​ធំ​របស់​តៃវ៉ាន់​នៅ Taoyuan ដែល​បណ្ដាល​ឲ្យ​ការផ្គត់ផ្គង់​អគ្គិសនី​ទំហំ​៤​លាន​គីឡូវ៉ាត់​ត្រូវ​កាត់ផ្ដាច់​។ មនុស្ស​ជាច្រើន​បាន​រង​ផលប៉ះពាល់ មាន​ទាំង​ការជាប់​ក្នុង​ជណ្ដើរយន្ត និង​ភ្លើង​ចរាចរណ៍​ត្រូវ​ផ្អាក​ដំណើការ​ជាដើម​។​

​ក្នុង​ហេតុការណ៍​នេះ ប្រជាជន​តៃវ៉ាន់​បាន​រិះគន់​រដ្ឋាភិបាល​យ៉ាងខ្លាំង​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច Lee Chih-kung បាន​សុំលាលែង​ពី​តំណែង ​ជាការ​ទទួលកំហុស​ចំពោះ​ហេតុការណ៍​នេះ ហើយ​នាយករដ្ឋមន្ត្រី Lin Chuan ក៏បាន​ទទួលយក​ការសុំ​លាលែង​ផ្ទាល់មាត់​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន South China Morning Post ដែល​បញ្ជាក់ថា លោក Lee Chih-kung ក៏​នឹង​សរសេរ​លិខិត​លាលែង​ផ្លូវការ​ផងដែរ​។​

​ដោយឡែក​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បាន​សុំទោស​ប្រជាជន និង​បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ធ្វើ​របាយការណ៍​លើ​បញ្ហា​នេះ​ឲ្យ​លោកស្រី​ ក្នុងពេល​លឿន​បំផុត​។ លោកស្រី​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖ «​អគ្គិសនី​មិនមែនត្រឹមជា​បញ្ហា​ក្នុងការ​រស់នៅ​របស់​ប្រជាជន​ឡើយ តែ​ក៏​ជា​បញ្ហា​ពាក់ព័ន្ធ​សន្តិសុខ​ជាតិ​ដែរ​។ ការត្រួតពិនិត្យ​គ្រប់​ជ្រុងជ្រោយ​មួយ​ត្រូវធ្វើឡើង​ ដើម្បី​រក​មូលហេតុ​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​នេះ​។​»

​បន្ទាប់​ដាច់​ការផ្គត់ផ្គង់​ច្រើន​ម៉ោង​រួចមក ចរន្តអគ្គិសនី​ក៏​ដំណើការ​ឡើងវិញ​ នៅ​ម៉ោងជាង​៩​យប់​។ យ៉ាងណាក្ដី ក្នុង​ហេតុការណ៍​នេះ វិមាន​ប្រធានាធិបតី ព្រលានយន្តហោះ ការធ្វើដំណើរ​តាម​រថភ្លើង​ក្នុង​ទីក្រុង មិនមាន​ផលប៉ះពាល់​អ្វី​ទេ​។ ក្រុម​សង្គ្រោះបន្ទាន់​របស់​កោះ​តៃវ៉ាន់ បានទទួល​ទូរ​សព្ទ​សុំ​ជំនួយ​បន្ទាន់​ជាច្រើន​ក្នុង​ហេតុការណ៍​នេះ ដែល​បង្ក​ផលប៉ះពាល់​ដល់ទី​ក្រុង និង​ទីប្រជុំជន​ ធំៗ​ចំនួន​១៧ នៅ​ទូទាំង​កោះ​តៃវ៉ាន់​។​

​ការ​ដាច់​ចរន្តអគ្គិសនី​នេះ កើតឡើង​ចំ​ពេលដែល​តម្រូវ​ការប្រើ​ប្រាស់​បាន​កើនឡើង​ខ្លាំង ព្រោះ​រលក​កម្ដៅ​ធ្វើ​ឲ្យ​សីតុណ្ហភាព ​កើន​ដល់​៣៨​អង្សា​ឯណោះ​។ រដ្ឋាភិបាល​តៃវ៉ាន់​ក៏បាន​ចេញ​ចំណាត់ការ​ដោះស្រាយ​ការកើនឡើង​តម្រូវ​នេះ ដោយបាន​ស្នើ​ឲ្យ​ប្រជាជន​សន្សំសំចៃ​ខ្ពស់បំផុត ជាពិសេស​ត្រូវ​បិទ​ម៉ាស៊ីនត្រជាក់​ពេល​មិន​ប្រើប្រាស់​។ នេះ​ក៏​ដោយសារតែ​ការផលិត​ថាមពល​នៅមាន​បញ្ហា​ខ្លះ ដោយសារតែ​ការវាយប្រហារ​រប​ស់ខ្យ​ល់​ព្យុះ​នៅពេល​ថ្មីៗ​នេះ​៕


Tag:
 តៃវ៉ាន់​
  Tsai Ing-wen
  Lee Chih-kung
© រក្សាសិទ្ធិដោយ thmeythmey.com