កីឡាជាតិ
ជាតិ
ការបញ្ចប់​ទី​នៅតែ​ជា​បញ្ហា​ចោទ​សម្រាប់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​
16, Aug 2017 , 12:05 pm        
រូបភាព
រូបពីហ្វេសប៊ុក FFC
រូបពីហ្វេសប៊ុក FFC
ដោយ:
​ការបញ្ចប់​ទី​របស់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា នៅតែ​ជា​ប្រធានបទ​ដែល​បានលើកឡើង​របស់​គ្រូបង្វឹក​ក្រោយ​ចប់​ការប្រកួត​។ ជាក់ស្តែង​នា​ជំនួប U22 កម្ពុជា​ចាញ់​ក្រុម​ហ្វី​លីន ២-០ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា លោក Leonardo បាន​លើកឡើងថា កម្ពុជា​នៅ​ខ្សោយ​ត្រង់ចំណុច​បញ្ចប់​ទី ដែល​ទាមទារ​ពេលវេលា​ច្រើន​ដើម្បី​អភិវឌ្ឍន៍​។​



​គ្រូបង្វឹក U22 កម្ពុជា លោក Leonardo Vitorino ហាក់​ដាក់​ការ​ចោទ​លើ​ភាពកម្សោយ​ផ្នែក​បញ្ចប់​ទី​របស់​កីឡាករ​ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​មិនអាច​រក​គ្រាប់​បាល់​បាន​នា​ជំនួប​ចាញ់​ហ្វីលីពីន​ដោយ​គ្មាន​តដៃ ២-០ ក្នុង​ថ្ងៃ​បើកឆាក​ពូ​ល B នា​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​កាលពី​ថ្ងៃទី​១៥ ខែសីហា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​លើកឡើងថា​៖«​អ្វីដែល​ខ្ញុំ​មើលឃើញ គឺ​នៅ​ដើម​វគ្គ​ទី​១​កីឡាករ​យើង​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការបង្កើត​ឱកាស​លើ​គូប្រជែង តែ​យើង​នៅ​ខ្សោយ​ផ្នែក​បញ្ចប់​ទី​។ ជាក់ស្តែង​នៅ​ដើម​វគ្គ​ទី​១ ប្រាក់ ធី​វ៉ា បាន​អូស​បាល់​ដាច់​តែឯង​ជាមួយ​អ្នកចាំទី​តែ​គេ​ធ្វើ​មិនបាន​សម្រេច​»​។​



​នា​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium ក្រុម U22 កម្ពុជា​ហាក់​គ្រប់គ្រង​បាល់​បាន​ច្រើនជាង​ហ្វីលីពីន និង​បាន​បង្កើត​ឱកាស​ក្នុង​តំបន់​គ្រោះថ្នាក់​របស់​គូប្រកួត​ជាច្រើន​ផងដែរ ពោលគឺ​នៅ​វគ្គ​ទី​២ ខ្សែប្រយុទ្ធ សុក សំណាង ទទួលបាន​ឱកាស​តែ​ធ្វើ​មិនបាន​សម្រេច​ដោយ​ទាត់​បាល់​ប៉ះ​នឹងរ​បាទី​។​

​ពាក់ព័ន្ធ​បញ្ហា​ការបញ្ចប់​ទី​មិនបាន​សម្រេច​នេះ លោក Leonardo Vitorino បាន​បញ្ជាក់ថា ដោយសារ​កីឡាករ​កម្ពុ​ជាមាន​ភាព​ក្មេងខ្ចី​ក្នុងការ​សម្រេច​ទី និង​ការព្យាយាម​ធ្វើ​រៀងៗ​ខ្លួន​នូវ​អ្វីដែល​ពួកគេ​មិនបាន​ហ្វឹកហាត់​នាពេល​កន្លងមក​។ លោក​បាន​បន្ថែមថា ក្រុម​កម្ពុជា​ត្រូវការ​ពេលវេលា​ច្រើន​ទៀត ដើម្បី​អភិវឌ្ឍន៍​រាល់​ចំណុច​ខ្វះខាត​ទាំងនេះ​។ ហើយ លោក នឹង​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត​របស់​កីឡាករ​រវាង​ការប្រកួត​ក្នុង​ដី នឹង​ក្រៅ​ទឺ​កដី ព្រោះ​កម្ពុជា​តែងតែ​ធ្វើ​មិនបាន​ល្អ​ពេល​ប្រកួត​ក្រៅ​ទឹកដី​៕  




Tag:
 SEA Games 2017
  ម៉ាឡេស៊ី​
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com