ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញាដែលត្រូវសង្គ្រោះបន្ទាន់ចំពោះករណីបេះដូងកំពុងតែដើរយឺត
× ចង្វាក់បេះដូងគឺជាចំនួននៃការច្របាច់របស់បេះដូងក្នុងមួយនាទី។ បេះដូងគឺជាសរីរាង្គសាច់ដុំ ដែលស្ថិតក្នុងដើមទ្រូង ខាងក្រោយ និងខាឆ្វេងនៃឆ្អឹងជំនី ដែលមាននាទីរក្សារបត់ឈាមរត់។ ចង្វាក់បេះដូងគឺជាការវាស់នៃសកម្មភាពរបស់បេះដូង។
ចង្វាក់បេះដូងគឺជាផ្នែកមួយដ៏សំខាន់នៃសញ្ញាជីវិត។ សញ្ញាជីវិតមានដូចជា សីតុណ្ហភាពរាងកាយ ជីពចរ ចង្វាក់ដង្ហើម និងសម្ពាធឈាម ដែលផ្តល់នូវព័ត៌មានចំពោះស្ថានភាពសុខភាពរបស់មនុស្សម្នាក់។ រាល់ភាពមិនធម្មតានៃសញ្ញាទាំងនេះសុទ្ធតែអាចបង្ហាញអំពីគន្លឹះដើម្បីកំណត់រោគវិនិច្ឆ័យបានទាំងអស់។
សម្រាប់មនុស្សធំឬក្មេង ដែលស្ថិតក្នុងស្ថានភាពសម្រាក ចង្វាក់បេះដូងដែលត្រូវបានគេចាត់ទុកថាដើរយឺតគឺ បេះដូងច្របាច់តិចជាង ៥០ដងក្នុងមួយនាទី។
ការវាយតម្លៃសុខភាពជំងឺមានសារៈសំខាន់ណាស់ក្នុងការកំណត់អំពីមូលហេតុនៃបញ្ហាបេះដូងដើរយឺតនេះ។ ការវាស់ចង្វាក់បេះដូង (EKG ឬ ECG) ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ និងការសិក្សាអំពីរោគវិនិច្ឆ័យផ្សេងៗទៀតប្រហែលជាត្រូវធ្វើជាមួយគ្នាដែរ។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាដែលបេះដូងដើរយឺតនេះអាចចាត់ទុកថាជារឿងដែលត្រូវសង្គ្រោះបន្ទាន់នោះលុះត្រាតែមានសញ្ញាគ្រោះថ្នាក់បន្ថែមទៀតដូចជា៖
• វិលមុខ
• សន្លប់
• ឈឺទ្រូង
• វង្វេងវង្វាន់
• ខ្យល់គរ
• ពិបាកដកដង្ហើម
• ខ្សោយ
• ឈឺដៃ
• ឈឺថ្គាម
• ឈឺក្បាលខ្លាំងក្លា
• ភ្នែកមើលឃើញព្រឹលៗ ឬមើលមិនឃើញ
• ឈឺក្នុងពោះ
• ស្បែកស្លេកស្លាំង
• ស្បែកទៅជាជាំ ឬស្វាយ
បើសិនជាអ្នកមានអាការៈទាំងអស់នេះ ហើយចង្វាក់បេះដូងលោតយឺតទៀតនោះ ចូរទាក់ទងទៅគ្រូពេទ្យជាបន្ទាន់ ឬទូរស័ព្ទទៅ ១១៩៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com