ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
មូលហេតុ​ដែល​ធ្វើ​ឲ្យ​កុមារ​មាន​ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម​
16, Aug 2017 , 7:19 pm        
រូបភាព
​សៀមរាប​៖ អង្គការ​ស្នាមញញឹម​ក​ម្ពុ​ជា រួម​និង​ក្រុមគ្រូពេទ្យ​ឯកទេស​វះកាត់​អង្គការ ស្មាញ អាស៊ី (Smile Asia) កំពុងធ្វើការ​វះកាត់​ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម ដល់​កុមារ​ដោយ​ឥតគិតថ្លៃ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ តាម​តួលេខ ចាប់ពី​វះកាត់​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៦ សីហា មាន​កុមារ​ប្រមាណ ៤០០​នាក់​ហើយ ដែល​ទទួលបាន​ការវះកាត់​ឆែបមាត់ និង​ឆែប​ក្រអូម ដោយ​ឥតគិតថ្លៃ​នេះ​។



​នាយក​គ្រប់គ្រង​វេជ្ជសាស្ត្រ នៃ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា លោក​វេជ្ជបណ្ឌិត ម៉ុក ធា​វី បាន​ឲ្យ​ដឹងថា ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម តែង​កើត​លើ​ទារក​ពី​កំណើត​។ លោក​ថា ការវះកាត់​ឆែបមាត់ គឺ​វះកាត់​លើ​កុមារ​ទាំងអស់ ដែលមាន​អាយុ​ចាប់ពី​៣​ខែ​ឡើងទៅ ប៉ុន្តែ​ជំងឺ​ឆែប​ក្រអូម ផលប៉ះពាល់​លើ​សម្ផស្ស​មាន​តិចតួច តែ​អាច​ធ្ងន់ធ្ងរ​លើ​ការនិយាយ​របស់​កុមារ​។ លោក​បន្ថែមថា ការវះកាត់​ឆែប​ក្រអូម ត្រូវ​រង់ចាំ​ដល់​កុមារ​អាយុ​ពី​៩​ខែ ដល់​មួយឆ្នាំ រហូត​ពេល​ក្មេង​ដល់​អាយុ​៦​ឆ្នាំ បើ​មិន​ដូច្នោះ​ទេ កុមារ​អាច​និយាយ​មិន​ច្បាស់ ឬ​បញ្ចេញ​ខ្យល់​តាម​ច្រមុះ​។​

​លោក​វេជ្ជបណ្ឌិត ម៉ុក ធា​វី បាន​បន្តថា តាម​ការស្រាវជ្រាវ​កន្ល​ង​មក គេ​បាន​រកឃើញ​មូលហេតុ ចម្បង ដែល​បណ្តាល​ឲ្យ​កុមារ​មាន​ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម​។ បញ្ហា​ទាំងនោះ​រួមមាន ដូចជា​កត្តា​បរិយាកាស​ខាងក្រៅ ដូចជា​ការហូប​ចំណីអាហារ​មិនល្អ និង​ការ​លេបថ្នាំ​មួយចំនួន ដែល​រាំងស្ទះ​ដល់​ការលូតលាស់​ដល់​ទារក​នៅក្នុង​ផ្ទៃ និង​មួយចំនួនទៀត គឺ​កង្វះ​វីតាមីន បេ​៩​។​



​ការវះកាត់​ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម បានរួម​ចំណែក​កាត់បន្ថយ​អត្រា​បោះបង់​សាលា​របស់​កុមារ​ជាច្រើន​។ របាយការណ៍​ជាច្រើន​បាន​រកឃើញថា កុមារ​ឆែបមាត់ និង​ឆែប​ក្រអូម មានការ​ខ្មាសអៀន មិន​ចង់ទៅ​សាលារៀន និង​មិនមាន​មិត្តភក្តិ ពួកគេ​រស់នៅ​ឯកោ​។

​តាម​នាយក​គ្រប់គ្រង​វេជ្ជសាស្ត្រ នៃ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា ក្នុងចំណោម​ទារក​នៅលើ​ពិភពលោក​ចំនួន​មួយ​ពាន់​នាក់ មាន​ម្នាក់​ដែល​កើត​ជំងឺ​ឆែបមាត់ និង​ឆែប​ក្រអូម​។ ដោយឡែក សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ របាយការណ៍​បាន​រកឃើញថា ទារក​ពី​៥០០​នាក់ ទៅ​៧០០​នាក់ មាន​ម្នា​ក់កើត​ជំងឺ​នេះ ហើយ​កម្ពុជា​ក្នុងចំណោម​ទារក​៥០០ ទៅ​៦០០​នាក់ មាន​ម្នាក់​មាន​បញ្ហា​ឆែបមាត់ និង​ក្រអូម​៕

​ចង់ដឹង​ច្បាស់​ពី​បញ្ហា​ឆែបមាត់ និង​ឆែប​ក្រអូម សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក​វេជ្ជបណ្ឌិត ម៉ុក ធា​វី ដូចតទៅ​





                           «លោកវេជ្ជបណ្ឌិត ម៉ុក ធាវី»





Tag:
 ឆែបមាត់ និង​ក្រអូម​
© រក្សាសិទ្ធិដោយ thmeythmey.com