អន្តរជាតិ
កងទ័ព​ឥណ្ឌា និង​ចិន​ប៉ះទង្គិច​គ្នា​មួយប៉្រាវ​នៅតាម​ព្រំដែន ក្រោយ​កងទ័ព​ចិន​គប់​ដុំថ្ម​ដាក់​ឥណ្ឌា​
17, Aug 2017 , 10:21 am        
រូបភាព
កងទ័ពចិន និងកងទ័ពឥណ្ឌាឈរជើងនៅបណ្តាយព្រំដែន (រូបភាព៖ AFP)
កងទ័ពចិន និងកងទ័ពឥណ្ឌាឈរជើងនៅបណ្តាយព្រំដែន (រូបភាព៖ AFP)
ដោយ:
​កងទ័ព​ឥណ្ឌា និង​ចិន​បាន​ប៉ះទង្គិច​គ្នា​មួយ​ប្រ៉ា​វ ជាថ្មី​ម្ដងទៀត បន្ទាប់ពី​កងទ័ព​ចិន​គប់​ដុំថ្ម​ដាក់​កងទ័ព​ឥណ្ឌា នៅ​ថ្ងៃ​ពុធ​ទី ១៦ ខែសីហា​នេះ​។ ប៉ុន្តែ​ការប៉ះទង្គិច​គ្នា​លើក​នេះ​គ្មាន​ការប្រើ​អាវុធ​ទេ​។ កងទ័ព​ចិន និង​កងទ័ព​ឥណ្ឌា​ប៉ះទង្គិច​គ្នា​គ្មាន​ប្រើ​អាវុធ​នេះ​កើត​ញឹកញយ​ចាប់តាំងពី​ពេល​ជម្លោះព្រំដែន​ឡើងក​ម្ដៅ​ចាប់ពី​ខែមិថុនា​។​



​ថ្ងៃ​ពុធ​ទី ១៦ ខែសីហា កងទ័ព​ចិន​បាន​គប់​ដុំថ្ម​ដាក់​កងទ័ព​ឥណ្ឌា​ដែល​ឈរជើង​នៅ​ជិត​បឹង Pangong Lake រហូត​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​រវាង​កងទ័ព​ទាំងសងខាង​ដែរ ប៉ុន្តែ​គ្មាន​ការប្រើ​អាវុធ​ឡើយ​។ ការប៉ះទង្គិច​គ្នា​លើក​នេះ ធ្វើ​ឲ្យ​ជម្លោះព្រំដែន​រវាង​ឥណ្ឌា និង​ចិន​ដែល​ទើប​កាន់តែ​ឡើងក​ម្ដៅ​ចាប់ពី​ខែមិថុនា​កាន់តែ​តានតឹង​ថែមទៀត​។​

​ទីភ្នាក់ងារ​ព័ត៌មាន​AFP បាន​ស្រង់​សម្ដី​មន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ថា​៖«​កងទ័ព​ចិន​ព្យាយាម​ចូល​ទឹកដី​ឥណ្ឌា​ពីរដង តែ​ត្រូវ​កងទ័ព​ឥណ្ឌា​បណ្ដេញ​ទៅវិញ​។ កងទ័ព​ចិន​បាន​គប់​ដុំថ្ម​ដាក់​កងទ័ព​ឥណ្ឌា រហូត​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​រវាង​កងទ័ព​ទាំងពីរ ប៉ុន្តែ​បច្ចុប្បន្ន​ស្ថានភាព​ស្ងប់ វិញ​ហើយ​ក្រោយ​មានការ​សម្របសម្រួល​»​។​

​យោងតាម​ប្រភពព័ត៌មាន​ដដែល ប៉ូលិស​ប្រចាំ​រដ្ឋ​ភាគ​ខាងជើង​ឥណ្ឌា Jammu និង Kashmir ការប៉ះទង្គិច​រវាង​ក​ង​ទ័ព​ទាំងសងខាង​នៅតាម​ព្រំដែន​កើតឡើង​ជា​ញឹកញាប់ ជាពិសេស​នៅ​ចំ​រដូវក្ដៅ​។​ចំណែកឯ ការប៉ះទង្គិច​ចុងក្រោយ​នៅ​ថ្ងៃ​ពុធ​នេះ​មាន​រយៈពេល​វែង ប៉ុន្តែ​សំណាង​វា​គ្មាន​ការប្រើ​អាវុធ​នោះទេ​។​

​គួរ​បញ្ជាក់ដែរថា នេះ​ជាការ​ប៉ះទង្គិច​ចុងក្រោយ​អំឡុងពេល​ជម្លោះព្រំដែន​ឥណ្ឌា និង​ចិន​កើន​កម្ដៅ​ម្ដងទៀត​នៅ​តំបន់​ខ្ពង់រាប​ហិមាល័យ​ចាប់តាំងពី​ខែ មិថុនា​មក​។ ស្ថានភាព​ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ​តានតឹង​ឡើងវិញ ដោយសារ​កងទ័ព​ចិន​ចាប់ផ្ដើម​សាងសង់​ផ្លូវ​នៅលើ​ទឹកដី​ជាប់​ជម្លោះ​ជាមួយ​ប៊ូ​តង់​។​ប៉ុន្តែ ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ជាមួយ​ប៊ូ​តង់​នោះបាន​បញ្ជូន​ទ័ព​ទៅ​រារាំង​និង​បញ្ឈប់​ការសាងសង់​នេះ បង្ក​ឲ្យ​មានការ​ចោទប្រកាន់​ពី​សំណាក់​ចិន​ថា ឥណ្ឌា​ឈ្លានពាន​ចូល​ដែនដី​ខ្លួន​។​

​ដោយឡែក ចិន​បាន​បញ្ជាក់ដែរថា ឥណ្ឌា​ត្រូវ​ដកទ័ព​ចេញ​មុនពេល​មាន​កិច្ចចរចា​ផ្លូវការ​ជាមួយ​ចិន​។​ប៉ុន្តែ ឥណ្ឌា​បាន​ឆ្លើយតប​វិញ​ថា ភាគី​ទាំងសងខាង​គួរតែ​ដកទ័ព​ចេញ​ទាំងអស់គ្នា​។​

​សូម​ជម្រាប​ដែរ​ថា តាមពិតទៅ​ឥណ្ឌា​និង​ចិន​មាន​ជម្លោះព្រំដែន​យូរ​មកហើយ​។ ភាគី​ទាំងពីរ​ធ្លាប់បាន​ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ា​វ​នៅ​ឆ្នាំ​១៩៦២​។​កាលពី​ឆ្នាំ​២០១៤​ក៏មាន​ការប្រឈមមុខ​រវាង​កងទ័ព​ឥណ្ឌា និង​កងទ័ព​ចិន​ផងដែរ ព្រោះ​កងទ័ព​ចិន​បាន​ចូល​ដែនដី​ដែល​ឥណ្ឌា​អះអាងថា​ជា​របស់ខ្លួន​។​ក្រោយមក ការប្រឈមមុខ​រវាង​កងទ័ព​ទាំងពីរ​មាន​ភាព​ធូរស្រាល​វិញ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​ទៅកាន់​ប្រទេស​ឥណ្ឌា​៕


Tag:
 ចិន​
  Pangong Lake
  ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com