កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ក្រោយចាញ់ហ្វីលីពីន U22 កម្ពុជា បន្តជួបក្រុមខ្លាំងវៀតណាមនៅរសៀលនេះ ជម្រើស១១នាក់ដំបូងរបស់ U22 កម្ពុជាក្នុងជំនួបជាមួយហ្វីលីពីន។ រូបភាពពីហ្វេសប៊ុក FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ត្រូវជួបប្រកួតលើកទី២ពូល B ជាមួយក្រុមវៀតណាត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ីនាវេលាម៉ោង៣រសៀលថ្ងៃទី១៧ សីហា នេះ នៅកីឡដ្ឋាន Shah Alam Stadium។ នៅក្នុងពូល B ដដែល ខណៈក្រុមហ្វីលីពីនប៉ះឥណ្ឌូនេស៊ីនាវេលាម៉ោង៧:៤៥នាទីនៅកីឡដ្ឋាន Shah Alam Stadium ថៃ ជួប ទីម័រខាងកើតនៅកីឡដ្ឋាន Selayang Municipal Council Stadium។
ក្រោយចាញ់ក្រុមហ្វីលីពីន ២-០ ដែលគេចាត់ថ្នាក់ជាក្រុមខ្សោយជាមួយទីម័រខាងកើតប្រចាំពូល B ក្នុងជំនួបបើកឆាក U22 កម្ពុជា ហាក់មានក្តីបារម្ភសម្រាប់ការជួបជើងខ្លាំងវៀតណាមដែលលត់ទីម័រខាងកើត ៤-០ នាជំនួបលើកទី២នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ី នាវេលាម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ នេះ នៅកីឡដ្ឋាន Shah Alam Stadium។
ក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបជាមួយហ្វីលីពីនគ្រូបង្វឹក U22 កម្ពុជាលោក Leonardo Vitorino បានចាត់ការជួបជាមួយវៀតណាមជាប្រកួតមួយដ៏លំបាកសម្រាប់កម្ពុជា ព្រោះក្រុមនេះមានកីឡាករមានល្បឿនលឿនប្រកបដោយបច្ចេកទេសខ្ពស់។ ហើយការអវត្តមានរបស់ខ្សែការពារ ឆុំ ភីសា ដែលរងការពិន័យកាតក្រហម និងបញ្ហារបួសរបស់ ច្រឹង ពលរដ្ឋ ដែលមិនទាន់ជាសះស្បើយ១០០ភាគក៏ជាបញ្ហាផងដែរ។
«វៀតណាមជាក្រុមខ្លាំងមួយនៅតំបន់អាស៊ាន បើនិយាយពីបច្ចេកទេសលេងរបស់សមាជិកក្នុងក្រុមនេះ គឺខ្ពស់ជាង និងលឿនជាងកីឡាករកម្ពុជា ដូច្នេះការជួបជាមួយវៀតណាមនៅថ្ងៃនេះជាការប្រកួតមួយដ៏លំបាកសម្រាប់កម្ពុជា។ ការអវត្តមានរបស់ ឆុំ ភីសា ជាបញ្ហាប្រឈមសម្រាប់យើងដែរ ព្រោះ ភីសា ជាខ្សែការពារស្តាំមួយដ៏ល្អ ស្របពេលរបួសរបស់ ពលរដ្ឋ មិនទាន់ជាសះស្បើយ១០០ភាគរយ» នេះជាការបង្ហាញកី្តកង្វល់របស់លោក Leonardo Vitorino។
តែយ៉ាងណាគ្រូបង្វឹកប្រេស៊ីលរូបនេះនៅតែរំពឹងទទួលបានលទ្ធផលល្អបើកីឡាករទាំងអស់មានការសហការក្នុងក្រុមបានល្អ និងលេងអស់ពីចិត្ត។ ការជឿជាក់បែបនេះ តាមរយៈការធ្វើយ៉ាងល្អរបស់ក្រុម U22 កម្ពុជាក្នុងជំនួបយកស្មើជាមួយចិន និងចាញ់ជប៉ុន ២-០ ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup កាលពីពេលកន្លងទៅ។
ក្រៅពីជំនួបរវាងក្រុមទាំងពីរនេះ ក៏មានការប្រកួតពីរគូផ្សេងទៀតផងដែរក្នុងពូល B នេះ ក្នុងនោះ U22 ឥណ្ឌូនេស៊ីដែលស្មើ ១-១ ជាមួយថៃ ត្រូវជួបជាមួយហ្វីលីពីននាវេលាម៉ោង៧:៤៥នាទីនៅកីឡដ្ឋាន Shah Alam Stadium ខណៈថៃ ប៉ះទីម័រខាងកើតនៅកីឡដ្ឋាន Selayang Municipal Council Stadium។
គួរបញ្ជក់ថា សម្រាប់ការប្រកួតពូល A កាលពីថ្ងៃទី១៦ សីហា ក្រុមមីយ៉ាន់ម៉ាបានយកឈ្នះឡាវ ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋានUiTM Stadium ដើម្បីឡើងឈរកំពូលតារាង ស្របពេលម្ចាស់ផ្ទះម៉ាឡេស៊ីយកឈ្នះសិង្ហបុរី ២-១ នៅកីឡដ្ឋាន Shah Alam Stadium ដើម្បីឈរលេខរៀងទី២៕
Tag:
SEA Games 2017
ម៉ាឡេស៊ី
Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com