ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទារក​ថ្លោស​ពេក​មិនមែនជា​រឿង​ល្អ​ឡើយ តើ​អ្វី​ទៅធ្វើ​ឲ្យ​ទារក​ថ្លោស​បែបនេះ​?
18, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទារក​ដែល​កើតមក​ធំ​ជាង ឬ​មាន​ទម្ងន់​ធ្ងន់​ជាង​ធម្មតា​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា Macrosomia ដែលមាន​ទម្ងន់​ធ្ងន់​ជាង ៤​គីឡូក្រាម ដោយ​មិន​គិត​អំពី​រយៈ​ពេលដែល​គេ​នៅក្នុង​ពោះ​ម្តាយ​ឡើយ​។​



​ទោះបីជា​យ៉ាងណាក៏ដោយ ការដែល​ទារក​កើតមក​ធំ ឬ​ថ្លោស​បែបនេះ​ពេក វា​មិនមែនជា​រឿង​ល្អ​ចំពោះ​សុខភាព​គេ​នោះទេ​។ មានន័យថា​គេ​អាច​ប្រឈម​នឹង​ជំងឺ​ច្រើនជាង​ទារក​ធម្មតា​។ តើ​កត្តា​អ្វី​ខ្លះទៅ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ដែលជា​ម្តាយ​កំពុងតែ​ពរ​ពោះ​នោះ ប្រឈម​នឹង​កូន​កើតមក​ថ្លោស​បែបនេះ​ទៅ​?

​ម្តាយ​មាន​ជំងឺ​ទឹកនោមផ្អែម
​ស្ត្រី​ដែល​ត្រៀម​កើត​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ គឺ​ប្រឈម​ខ្ពស់​នឹង​កូន​កើតមក​ថ្លោស​ខ្លាំងណាស់​។ ប៉ុន្តែ​បើសិនជា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ត្រូវបាន​គ្រប់គ្រង​ល្អ​តាមរយៈ​របប​អាហារ និង​របៀប​រស់នៅ នោះ​ការប្រឈមមុខ​ក៏​ថយចុះ​តាម​គ្នា​ដែរ​។​

​ម្តាយ​កំពុងតែ​ធាត់​ស្រាប់​
​ការ​ប្រឈម​នឹង​កូន​ថ្លោស​ពេក​ច្រើនតែ​កើតមាន​ជា​ញឹកញាប់​នៅពេល​ម្តាយ​ជា​អ្នក​ពរ​ពោះ​នោះ​ធាត់​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​សម្រក​ទម្ងន់​សិន​មុននឹង​សម្រេចចិត្ត​យក​កូន​។ ចូរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្តល់​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ​។ ការឡើង​ទម្ងន់​ខ្លាំងពេក​ក្នុងពេល​មាន​ផ្ទៃពោះ​ក៏​ជា​កត្តា​ប្រ​ឈ​មុខ​មួយ​ដែរ​។​

​អាយុ​ម្តាយ​

​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ក្នុង​វ័យ​ចាប់ពី ៣៥​ឆ្នាំ​ឡើងទៅ ទំនងជា​ងាយ​មាន​បញ្ហា​កូន​កើតមក​ថ្លោស​ខ្លាំងណាស់​។​

​ស្ថានភាព​ជំងឺ​ក្នុង​ខ្លួន​
​បើសិនជា​អ្នកមាន​ជំងឺ​អ្វីមួយ​ដែល​ទាក់ទង​នឹង​បេះដូង ជាតិ​ស្ករ​ក្នុង​ឈាម ឬ​កង្វះ​គ្រាប់​ឈាម នោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​ទំហំ​របស់​ទារក​ក្នុង​ផ្ទៃ​បាន​។​

​មាន​ផ្ទៃពោះ​ចាស់ខែ​
​ការ​ប្រឈម​នឹង​កូន​កើតមក​ថ្លោស​ពេក​នៅពេលដែល​ការ​មាន​ផ្ទៃពោះ​ចេះតែ​បន្ត​លើស​ថ្ងៃ​ដែល​ត្រូវ​កើត​ចាប់ពី ២​សប្តាហ៍​ឡើងទៅ​។​

​ការ​មាន​ផ្ទៃពោះ​ប្រកបដោយ​សុខភាព​ល្អ​គឺជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន​។ ដូច្នេះ​ចូរ​តាមដាន​នូវ​អ្វីដែល​អ្នក​ញ៉ាំ​ផង​ក្នុងពេល​មាន​ផ្ទៃពោះ​។ អ្វីដែល​សំខាន់​ទៀត​នោះ​គឺ​ត្រូវ​រស់នៅ​ឲ្យ​មាន​ភាព​សកម្ម និង​ហាត់ប្រាណ​ទៀងទាត់​ដើម្បី​ចៀស​ផុតពី​ការ​ប្រឈម​នឹង​កូន​កើតមក​ថ្លោស​ពេក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com