អន្តរជាតិ
រុស្ស៊ី​៖ អន្តរាគមន៍​យោធា​ក្នុង​ជម្លោះ​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​
17, Aug 2017 , 8:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Serghei Lavrov
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Serghei Lavrov
​រុស្ស៊ី​ព្រមាន​ជាមុន​ថា រាល់​អន្តរាគមន៍​យោធា​ក្នុង​ជម្លោះ​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ​។ ការព្រមាន​របស់​រុស្ស៊ី​បែបនេះ​កើតឡើង​ក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ព្រមាន​ប្រើប្រាស់​អន្តរាគមន៍​យោធា​ដើម្បី​ដោះស្រាយ​ជម្លោះ​វេ​ណេ​ស៊ុយ​អេ​ឡា​នោះ​។​



​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov បានបញ្ជាក់​ច្បាស់​ថា វា​ជា​រឿង​ដែល​មិនអាច​ទទួលយក​បានឡើយ ចំពោះ​ការប៉ុនប៉ង​អន្តរាគមន៍​ក្នុង​ជម្លោះ​វេ​ណេ​ស៊ុយ​អេ​ឡា​ជាពិសេស​ការប្រើប្រាស់​កម្លាំង​ទ័ព​នោះ​។ អ្នកការទូត​រូបនេះ​ជឿជាក់ថា មានតែ​ដំណោះស្រាយ​ដោយ​សន្តិវិធី​ប៉ុណ្ណោះ​ទើប​អាចជួយ​បញ្ចប់​បញ្ហា​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​។​

​បើតាម​សារព័ត៌មាន​រុស្ស៊ី RT លោក Lavrov បាន​ថ្លែង​ដូច្នេះ​ថា​៖« យើង​រួបរួមគ្នា​ដើម្បី​យកជ័យ​ជម្នះ​លើ​រាល់​ការមិន​ឯកភាព​និង​ការទាស់ទែង​គ្នា​នៅក្នុង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​ការប្រើប្រាស់​ដំណោះស្រាយ​ដោយ​សន្តិវិធី ជាពិសេស​ការសន្ទនា​គ្នា ដោយ​គ្មាន​ការដាក់​សម្ពាធ​ពី​ខាងក្រៅ​។ នេះ​មិន​រាប់​ទា​មង​សកម្មភាព​មិនអាច​ទទួល​យកបាន​ដូចជា​ការ​គំរាម​ប្រើប្រាស់​អន្តរាគមន៍​យោធា​ចូល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​វេ​ណេ​ស៊ុយ​អេ​ឡា​នោះ​»​។​

​ប្រមុខ​ការទូត​រុស្ស៊ី​រូបនេះ​បានបញ្ជាក់​ពី​ការជំទាស់​របស់​រុស្ស៊ី​ចំពោះ​អន្តរាគមន៍​គ្រប់​រូបភាព​ក្នុង​ជម្លោះ​វេ​ណេ​ស៊ុយ​អេ​ឡា បន្ទាប់ពី​លោក​ជួបពិភាក្សា​ជាមួយ​សម​ភាគី​បូ​លី​វី លោក Fernado Huanacuni Mamani ថ្ងៃ ពុធ​ទី ១៦ ខែសីហា​នេះ​។ លោក Lavrov បាន​បន្ថែមថា បណ្តា​ប្រទេស​ភាគច្រើន​នៅ​អាមេរិក​ឡាទីន​នឹង​ថ្កោលទោស​មិន​ខាន បើសិន​ជាមាន​អន្តរាគមន៍​បែបនេះ​កើតឡើង​មែន​នោះ​។​

​តាមពិតទៅ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ចេញមុខ​ព្រមាន​លទ្ធភាព​នៃ​ការអន្តរាគមន៍​យោធា​នៅក្នុង​ជម្លោះ​វេ​ណេ​ស៊ុយ​អេ​ឡា​នេះ ជាការ​ឆ្លើយតប​នឹង​សម្តី​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ដែល​ចង់​ចូល​អន្តរាគមន៍​ក្នុង​ជម្លោះ​ប្រទេសជិតខាង​ខ្លួន​ដោយ​ប្រើប្រាស់​ទ័ព​នោះ​។

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក ត្រាំ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការប្រើប្រាស់​យោធា​អាចជា​ជម្រើស​មួយ​របស់​អាមេរិក​ក្នុងការ​ដោះស្រាយ​វិបត្តិ​។ លោក​បានបញ្ជាក់​ដូច្នេះ​៖« វេ​ណេ​ស៊ុយ​អេ​ឡា​ស្ថិតក្នុង​ស្ថានភាព​ចលាចល​។ វា​គ្រោះថ្នាក់​ខ្លាំង និង​គួរ​ឲ្យ​សោកស្តាយ​បំផុត​។ ប្រជាជន​រងទុក្ខវេទនា និង​កំពុងតែ​ស្លាប់​។ យើង​មាន​វិធានការ​ច្រើនណាស់​សម្រាប់​វេ​ណេ​ស៊ុយ​អេ​ឡា រួមទាំង​ការប្រើប្រាស់​កងទ័ព​ចូល​អន្តរាគមន៍​ផង ក្នុងការ​ណី​ចាំបាច់​នោះ​»​។​

​បន្ទាប់ពី​លោក ត្រាំ លើកឡើង​បែបនេះ វេ​ណេ​ស៊ុយ​អេ​ឡា​ប្រតិកម្ម​ខ្លាំងៗ​តប​វិញ​។ របប​ដឹកនាំ​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បានចាត់ទុក​ការ​គំរាម​របស់​អាមេរិក​ជា​ចេតនា​អាក្រក់​របស់​ប្រទេស​ចក្រពត្តិ ហើយ​លោក​ដាក់​បញ្ជា​ឲ្យ​ទាហាន​ធ្វើ​សមយុទ្ធ​ទូទាំងប្រទេស​ដើម្បី​ឆ្លើយតប​នឹង​ការគំរាមកំហែង​នេះ​។ គេ​ក៏​ឃើញ​ប្រជាជន​រាប់ពាន់នាក់​ដែលជា​អ្នកគាំទ្រ​របប​ដឹកនាំ​បច្ចុប្បន្ន​នាំគ្នា​បាតុកម្ម និង​ថ្កោលទោស​សម្តី​ប្រធានាធិបតី​អាមេរិក​ផងដែរ​៕


Tag:
 ​វេ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
  Sergei Lavrov
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com