ជាតិ
អ្នករាយការណ៍ UN សួរ គ​.​ជ​.​ប ពី​ជនជាតិ​វៀតណាម ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា​
17, Aug 2017 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា សុំ​ឲ្យ គ​.​ជ​.​ប បកស្រាយ​ពី​ព័ត៌មាន ដែល​លេច​ឮថា ជនជាតិ​វៀតណាម បាន​ចូលរួម​បោះឆ្នោត​។ គ​.​ជ​.​ប បាន​ពន្យល់​តំណាង​អង្គការសហប្រជាជាតិ​ថា អ្នក ដែលមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ នឹង​អាច​បោះឆ្នោត​បាន​។ គ​.​ជ​.​ប មិន​ពិនិត្យ​នោះទេ ថា​អ្នកណា ជា​ជនជាតិ​អ្វី​។



​ករណី​ជនជាតិ​វៀតណាម ចូលរួម​បោះ​ឆ្នោ​នៅ​កម្ពុជា គឺជា​ប្រធានបទ​មួយ​ក្នុងចំណោម​ប្រធានបទ​ផ្សេងទៀត ដែល​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​
អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើក​ទៅ​ពិភាក្សា​និង​សួរដេញដោល​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២0១៧​នេះ​។ លោក ហង្ស ពុទ្ធា សមាជិក​មួយរូប​និង​ជា​អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ ក្រោយ​កិច្ចប្រជុំ​រយៈពេល​ជាង​២​ម៉ោង រវាង​លោកស្រី រ៉ូ​ណា ស្មី​ត ជាមួយ​ថ្នាក់ដឹកនាំ​គ​.​ជ​.​ប ដែល​ដឹកនាំ​ដោយ​លោក ស៊ិ​ក ប៊ុន​ហុក ត្រូវបាន​បញ្ចប់​។



​លោក ហង្ស ពុទ្ធា មិនបាន​ប្រាប់​ឲ្យ​ក្បោះក្បាយ​នោះទេ ថា​ចំណុច​អ្វីខ្លះ ដែល​លោកស្រី រ៉ូ​ណា ស្មី​ត ចង់ដឹង​ចំពោះ​ករណី​ជនជាតិ​វៀតណាម ចូលរួម​បោះឆ្នោត​នៅ​កម្ពុជា​។ លោក គ្រាន់តែ​លើកឡើងថា គ​.​ជ​.​ប បាន​បកស្រាយ​ទៅតាម​នីតិវិធី​និង​យន្តការ​ផ្លូវច្បាប់ ចំពោះ​ចម្ងល់​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត ដែល​ពាក់ព័ន្ធ​នឹង​ជនជាតិ​វៀតណាម អាច​ចូល​រួ​បោះឆ្នោត​នៅ​កម្ពុជា​។



​ជនជាតិ​ណាក៏ដោយ ឲ្យ​តែមាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ គឺអាច​ចុះឈ្មោះ​បោះឆ្នោត និង​អាច​បោះឆ្នោត បាន​។ ចំណែកឯ ការកំណត់​អត្តសញ្ញាណ​ថា អ្នកណា ជា​ជនជាតិ​អ្វី​នោះ គឺ​មិន​សិ្ថ​ត​នៅក្រោម​សមត្ថកិច្ច​របស់​គ​.​ជ​.​ប ឡើយ​។ ខាងលើនេះ គឺជា​ចម្លើយ​របស់​គ​.​ជ​.​ប ដែល​បាន​ផ្តល់ជូន​លោកស្រី រ៉ូ​ណា ស្មី​ត ហើយ​ត្រូវបាន​លោក ហង្ស ពុទ្ធា យកទៅ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​៖«​ការលេចឮ​ថា មាន​ជនជាតិ​វៀតណាម​មក​បោះឆ្នោត [​ដែល​លោកស្រី រូ​ណា ស្មី​ត ចង់ដឹង​] គឺ​គ​.​ជ​.​ប បានបញ្ជាក់​ហើយ​ថា អ្នក​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត គឺមាន​សញ្ជាតិ​ខ្មែរ​។ សញ្ជាតិ​ខ្មែរ គឺ​សំអាង​ទៅលើ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។ អ៊ីចឹង តួនាទី​កំណត់​អត្តសញ្ញាណ មិនមែនជា [​ដែន​សមត្ថកិច្ច​] រប​ស់គ​.​ជ​.​ប ទេ​។



​ក្រៅពី​ករណី​ជនជាតិ​វៀតណាម លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​លើកយក​ករណី​ជាច្រើន​ទៀត ទៅ​សួ​រគ​.​ជ​.​ប ដែរ ដូចជា បញ្ហា​បន្ទប់​ស្ថានការណ៍ ដែល​បង្កើតឡើង​ដោយ​ក្រុម​សង្គម​ស៊ីវិល​ជាង​៤0 ដើម្បី​ចូលរួម​ឃ្លាំមើល​ការបោះឆ្នោត សិទ្ធិ​របស់​ជនអនាថា​ក្នុងការ​បោះឆ្នោត និង​សិទ្ធិ​របស់​ពលករ​នៅក្រៅ​ប្រទេស ដែល​ត្រូវ​ចូលរួម​បោះឆ្នោត ជាដើម​។ នេះ ជាការ​អះអាង​របស់​អ្នកនាំពាក្យ​គ​.​ជ​.​ប ដដែល​។

​ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ លោកស្រី រ៉ូ​ណា ស្មី​ត បានផ្តល់​បទ​សម្ភាស​ប្រមាណ​២​នាទី ដល់​ក្រុម​អ្នកសារព័ត៌មាន​។ លោកស្រី មានប្រសាសន៍​បែបនេះ​៖«​ខ្ញុំ​សង្ឃឹមថា [​កម្ពុជា​] នឹង​បន្ត​អនុវត្ត​ច្បាប់​និង​បន្ត​ពង្រឹង​វិធានការ​នៃ​ការបោះឆ្នោត ដើម្បី​ឲ្យ​ការបោះឆ្នោត​ខាងមុខ ទទួលបាន​ភាពត្រឹមត្រូវ​និង​យុត្តិធម៌​»​។​

​សូមបញ្ជាក់ថា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​យក​បញ្ហា​ជុំវិញ​ការបោះឆ្នោត​នៅ​កម្ពុជា ទៅ​រាយការណ៍​ប្រាប់​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ នៅក្នុង​ខែកញ្ញា ឆ្នាំ​២0១៧​នេះ​៕


Tag:
 រ៉ូ​ណា ស្មី​ត​
  គជប​
  វៀតណាម​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com